ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសតាមចាប់ចោរឆក់ទូរស័ព្ទ ពីក្រុងសៀមរាប ដល់ស្រុកសូទ្រ​និគម

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ប៉ូលិស តាមប្រម៉ាញ់ ចាប់ចោរឆក់ទូរស័ព្ទ ២នាក់ ទាំងយប់​តាំងពីក្រុងសៀមរាប​ រហូតដល់​ស្រុកសូទ្រនិគម ទើបចាប់បាន។​ ជនសង្ស័យទាំង ២នាក់នោះ…

ខេត្តសៀមរាប៖ ប៉ូលិស តាមប្រម៉ាញ់ ចាប់ចោរឆក់ទូរស័ព្ទ ២នាក់ ទាំងយប់​តាំងពីក្រុងសៀមរាប​ រហូតដល់​ស្រុកសូទ្រនិគម ទើបចាប់បាន។​ ជនសង្ស័យទាំង ២នាក់នោះ ត្រូវបានចាប់ខ្លួន កាលពី​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០២១ ​នៅស្រុកសូទ្រនិគម បន្ទាប់ពីធ្វើសកម្ម​ភាពឆក់ទូរស័ព្ទបានសម្រេច នៅក្រុងសៀមរាប។

សមត្ថកិច្ចនគរបាលជំនាញ បានប្រាប់ថា ជនសង្ស័យ ដែលឆក់ទូរស័ព្ទទាំង ២នាក់នោះ ទី១/ឈ្មោះ ជឿង យូឈាន ហៅ ប៉ាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរសិស្ស ស្រុកកំណើត នឹងបច្ចប្បន្ន នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ទី២/ឈ្មោះ ហុង សុភ័ណ្ឌ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើតនៅភូមិខ្នយ ឃុំតាកោ ស្រុកកំពង់លាវ ខេត្តព្រៃវែង បច្ចុប្បន្ន ជួលបន្ទប់ស្នាក់នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

បុរសទាំងពីរ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទ ពីជនរងគ្រោះ ហើយពេលដែល​ជនរងគ្រោះបើកម៉ូតូដេញតាម ពួកគេបានយកមួក​ការពារ គប់ទៅលើជនរងគ្រោះ បណ្តាលឱ្យ​ជនរង​គ្រោះ រ៉េចង្កូតម៉ូតូ ដួល ទៅប៉ះជាមួយនឹងអ្នកធ្វើដំណើរផ្សេងទៀត ពិតប្រាកដមែន។

​ប៉ូលិស បានដកហូតវត្ថុតាង រួមមាន ម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ០១គ្រឿង និងទូរសព្ទ័របស់ជនរងគ្រោះ ០១គ្រឿង។

​គួរបញ្ជាក់​ថា ករណីឆក់ទូរស័ព្ទនេះ បានកើត​ឡើង កាលពីវេលាម៉ោង ១៨ និង ០០នាទីល្ងាចថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២១ នៅជិតភ្លើងស្តុបសណ្ឋាគារ ស្មាយលីង ក្នុងភូមិចុងកៅស៊ូ  សង្កាត់ស្លក្រាម ក្រុងសៀមរាប។

​​ប្រតិបត្តិការបង្ក្រាបនេះ​ ដឹកនាំដោយ​លោក​វរសេនីយ៍ទោ​ ដា​ ចំរើន​ អធិការ​នគរបាល​ក្រុងសៀមរាប សហការ​ជាមួយនគរបាល​ស្រុកសូទ្រនិគម ក្រោមការចង្អុលបង្ហាញ​ពីលោក​ស្នងការ និងលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ។ ​សង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូន​ទៅសាលាដំបូង ខេត្តសៀមរាប ដើម្បីអនុវត្តតាមផ្លូវច្បាប់៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ