ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជំនាញ ចាប់ផ្តើម កា.ប់លះមែកឈើ ​នៅសួនច្បារ​ផ្លូវភ្លោះ​ មុខមន្ទីរពេទ្យព្រះអង្គឌួង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រុមការងារជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញដឹកនាំ​ដោយលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ​ នៅព្រឹក​ថ្ងៃទី១៨…

រាជធានីភ្នំពេញ៖ ក្រុមការងារជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញដឹកនាំ​ដោយលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ​ នៅព្រឹក​ថ្ងៃទី១៨ មករានេះ បានដំណើរការកាប់លះមែក ឈើធំៗ តាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស លើសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ។ ចំណាត់ការនេះ​ ដើម្បី​ធ្វើ​ឱ្យ​ដើមស្រាល។

លោក សំ សាមុត បានឱ្យដឹងថា ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួងនេះ មានចំនួន ១០៥ដើម ហើយក្នុងចំនួននេះ មានដើមគ្រាប់បែក ឬដើមគីនីន ចំនួនជាង៤០ដើម ក្រៅនេះ មានដើមគគីរ ឥន្ទនាល និងឈើទាល​។ ដើមឈើធំៗ និងចាស់ៗ មានចំនួន ៥០ដើម ដែលមានអាយុកាលរាប់រយឆ្នាំហើយ។

លោកសំ សាមុត បន្តថា ចំពោះសកម្មភាពខាងលើនេះ ក្រុមការងារពិតជាមានការលំបាកខ្លះ ដោយសារតែយើងឡើងកាប់មួយមែកម្តងៗ ជាមួយនឹងការចងខ្សែទម្លាក់មកក្រោម មួយមែកម្តងៗផងដែរ ព្រោះតែខ្លាចខូចថ្នល់ និងការឺឡា។ ការងារនេះ នឹងប្រើប្រាស់ពេលវេលាយូរបន្តិច ដូច្នេះសូមការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវឆ្លងកាត់ផ្លូវនេះ​។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារ នឹងសម្រុកធ្វើការងារនេះ អោយបានរួចរាល់ អោយបានមុនគម្រោង ដែលបានគ្រោងទុក។

គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១​ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាពដើមឈើ​បីដើម ដែលត្រូវកាប់ចេញ។ លោក ឃួង ស្រេង មិនអោយកាប់ដើមឈើទាំង ៣ដើមនោះ ចេញ​ទេ ដោយតម្រូវអោយកាត់ និងលះមែក ជាមួយនឹងការធ្វើទម្រទប់ដើមផងដែរ​។ ​

ពាក់ព័ន្ធ​បញ្ហា​ដើមឈើនេះ​ កាលពីថ្ងៃទី១៥មករា​ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសេចក្តីជូនដំណឹង ជុំវិញការកាត់លះមែកឈើនេះ​​ ដោយក្រុមការងារ នឹងប្រើប្រាស់រយៈពេល ១ខែ។

​​រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូន​ដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា​ ដើមឈើធំៗ នៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស មានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឱ្យដើមមិនអាចទ្រទ្រង់បាន ​រដ្ឋបាល​រាជធានីភ្នំពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការលះមែកឈើមួយចំនួនចេញ ព្រមទាំងបន្តថែទាំ និងរក្សាទុកដើមឈើធ្វើទម្រ​ទប់ដើម ដោយចំណាយពេលអនុវត្តការងាររយៈពេល ០១ខែ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តទៅ។

ដើម្បីឱ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន សាលារាជធានី​ភ្នំពេញ ស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ បើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះដោយសារក្រុមការងារ ត្រូវប្រើប្រាស់ឧបករណ៍ សម្រាប់កាត់មែកឈើ និងរថយន្តធុនធំ ដែលអាចបង្កការកកស្ទះចរាចរណ៍​៕ ដោយ៖ ចន ណារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ