ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តកំពង់ចាម នឹង​ស្ថាបនា​ផ្លូវក្រាលកៅស៊ូ ជិត ១០គីឡូម៉ែត្រ ក្នុងស្រុកកំពង់​សៀម

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ផ្លូវដីក្រាលក្រួសក្រហម ដែលមានទីតាំងស្ថិតនៅក្រោយវត្តនគរបាជ័យ ឆ្ពោះទៅឃុំក្រឡា មានចម្ងាយជិត ១០គីឡូម៉ែត្រ នៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាផ្លូវដែលបែកភក់ នៅរដូវវស្សា…

ខេត្តកំពង់ចាម៖ ផ្លូវដីក្រាលក្រួសក្រហម ដែលមានទីតាំងស្ថិតនៅក្រោយវត្តនគរបាជ័យ ឆ្ពោះទៅឃុំក្រឡា មានចម្ងាយជិត ១០គីឡូម៉ែត្រ នៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាផ្លូវដែលបែកភក់ នៅរដូវវស្សា និងហុយនៅរដូវប្រាំង។ ប៉ុន្តែ​ដោយមានការគិតគូរ​ខ្ពស់ពីអាជ្ញាធរខេត្ត ផ្លូវនេះ នឹងត្រូវ​សាងសង់ក្នុងពេលឆាប់ៗ ជាផ្លូវក្រាលកៅស៊ូ ដើម្បីបង្កលក្ខណៈងាយស្រួល​ដល់ប្រជាកសិករដឹកកសិផល និងធ្វើដំណើរ​ដោយងាយស្រួល​។

លោក រ័ត្ន គឹមហៃ មេឃុំអំពិល មានប្រសាសន៍ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ថា​ លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត ​បានយកចិត្តទុកដាក់គិតគូរខ្ពស់ពីហេដ្ឋារចនា​សម្ព័ន្ធនានា នៅក្នុងស្រុកកំពុងសៀម ដោយកន្លងមក ក្នុងឃុំអំពិល ​លោកអភិបាលខេត្ត បានជួយស្ថាបនាផ្លូវបេតុងចំនួន ២ ខ្សែ មានប្រវែង ២.២៣០ម៉ែត្រ ​ក្នុងអំឡុងឆ្នាំ២០១៩ ។ បន្ទាប់មកទៀត លោកបានជួយស្ថាបនាផ្លូវបេតុង ជុំវិញប្រាសាទនគរបាជ័យ មានប្រវែង១.៧០០ ម៉ែត្រ ព្រមទាំងដាំដើមក្ងោកលំអតាមដងផ្លូវ។ ដោយឡែក ផ្លូវក្រាលកៅស៊ូមួយខ្សែ ចាប់ពីហង្ស នៅជើងភ្នំប្រុសភ្នំស្រី រហូតដល់ព្រលានយន្តហោះ ក៏កំពុងតែដំណើរការសាងសង់ បានប្រមាណ ៦០% ហើយ​។

លោកមេឃុំអំពិល មានប្រសាសន៍បន្តថា កាលពីរសៀលថ្ងៃទី១៥ មករា ឆ្នាំ២០២១ លោក​អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់សៀម អញ្ជើញចុះពិនិត្យគម្រោងផ្លូវកៅស៊ូ ប្រភេទ DBST ០១ខ្សែប្រវែង ៨.០០០ ម៉ែត្រ​ ចាប់ពីក្រោយវត្តនគរបាជ័យ ក្នុងឃុំអំពិល ស្រុកកំពង់សៀម ដោយឆ្លងកាត់​ភូមិចំនួន០៥ គឺភូមិរលាក បន្ទាយថ្ម រមាស ស្យា និងអំពិលលើ ដែលគ្រោងនឹងដំណើរការស្ថាបនាក្នុងពេលឆាប់ៗ ខាងមុខនេះហើយ។

លោកមេឃុំ បន្តថា សមិទ្ធិផលទាំងនេះ បង្ហាញឲ្យឃើញថាអាជ្ញាធរខេត្ត ពិតជាបានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវកៅស៊ូ ផ្លូវបេតុង នៅជុំវិញក្រវាត់ក្រុងកំពង់ចាម គឺកាន់តែធ្វើឱ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរទៅវិញទៅមក ដោយឆាប់រហ័ស។

លោកតា ចាន់ សៀងហ៊ី អាយុ ៧៥ឆ្នាំ នៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម មានប្រសាសន៍​​ថា ចាប់តាំងពីក្រោយឆ្នាំ​១៩៧៩ គាត់បានមករស់នៅក្នុងភូមិនេះ ដែលកាលនោះ ផ្លូវនៅមុខផ្ទះ គឺជាប្រភេទផ្លូវដី តូចចង្អៀត សូម្បីតែកង់ ម៉ូតូ ក៏ពិបាកជិះនៅក្នុងរដូវវស្សាត្រូវបែកភក់ ជួនជិះរអិលដួល ក៏មានដែរ។ ក្រោយមក អាជ្ញាធរបានពង្រីកផ្លូវ ក្រាលគ្រួសក្រហម ដែលមានទទឹងប្រមា ណ៥ម៉ែត្រ គឺបានជួយសម្រួល ក្នុងការធ្វើដំណើរទៅវិញទៅមក បានមួយកម្រិត។

នៅដើមឆ្នាំ ២០២១ លោកតាបានទទួលដំណឹងថា លោក​អភិបាលខេត្ត បាន​គិតគូរ យកចិត្តទុកដាក់ ដោយជួយស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែ ចាប់ពីក្រោយវត្ត​នគរបាជ័យ រហូតទៅដល់វិហារធំ ក្នុងឃុំក្រឡា ស្រុកកំពង់សៀម មានចម្ងាយ​ប្រមាណជិត ១០ គីឡូម៉ែត្រ ​គឺគាត់ក៏ដូចជាអ្នកភូមិផ្សេងទៀត ​រីករាយ និងសាទរសមិទ្ធិផល ដែលទទួលបា​ន នឹងលេចរូបរាងក្នុងពេលខាងមុខ។

ពេលដែលបានផ្លូវងាយស្រួលហើយនោះ លោកតា សូមឲ្យអ្នកដែលមានមធ្យោបាយ​យានយន្ត​គ្រប់ប្រភេទ ធ្វើដំណើរទៅវិញទៅមក ដោយគោរពច្បាប់ចរាចរណ៍៕ ដោយ៖ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ