ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីកាំកុងត្រូល ខេត្តប៉ៃលិន បង្កើនការត្រួតពិនិត្យម្ហូបអាហារ

3 ឆ្នាំ មុន
  • ប៉ៃលិន

ប៉ៃលិន៖ ដើម្បីសុខភាពប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាសុវត្ថិភាពផ្នែកចំណីអាហារ ទើបនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក ឈឹម វាសនា ប្រធានសាខាការពារ​អ្នកប្រើប្រាស់…

ប៉ៃលិន៖ ដើម្បីសុខភាពប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាសុវត្ថិភាពផ្នែកចំណីអាហារ ទើបនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក ឈឹម វាសនា ប្រធានសាខាការពារ​អ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំកាំកុងត្រូល ខេត្តប៉ៃលិន ដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យ និងធ្វើតេស្តឃីត (Test Kit) លើម្ហូបអាហារ។ មន្ត្រីជំនាញ ក៏បាន​ណែនាំដល់អាជីវករ ដែលដាក់តាំងលក់ម្ហូបអាហារ និងទំនិញ នៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន អំពីការទប់ស្កាត់ចំណីអាហារខូចគុណភាព មានផ្ទុកសារធាតុគីមី ទំនិញហួសសុពលភាព និងខូចគុណភាព ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ​។

លោក ឈឹម វាសនា បានមានប្រសាសន៍ថា ការទប់ស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់សារធាតុគីមី គឺធ្វើឡើង ដោយគ្មានកាលកំណត់នោះឡើយ ដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ​។

លោកបាន​បន្តថា​ ទំនិញ ដែលមន្រ្តីតែងតែធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅលើកាលបរិច្ឆេទ សំបកវេចខ្ចប់ រួមទាំងធ្វើតេស្តឃីត ពិនិត្យរកសារធាតុគីមីនៅលើគ្រឿងសមុទ្រ បន្លែ ត្រីសាច់ ជាដើម ដើម្បីចូលរួមចំណែកទប់ស្កាត់ការចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ​។

លោកបានបញ្ជាក់ថា៖ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ​ក.ប.ប​ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្រា្កបការលបលួចនាំចូល ការផលិត ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ដែលជនខិលខូច បានក្លែងបន្លំចរាចរណ៍លក់នៅលើទីផ្សារ និងម្ហូបអាហារដែលខូចគុណភាព អាហារមានសារធាតុគីមី ហើយយើងក៏បានអប់រំ​ផ្សព្វផ្សាយជាសាធារណៈនូវចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ​។ ដូច្នេះហើយសូមអោយបងប្អូនអាជីវករ លក់នៅតាមបណ្តាតូបនានា មេត្តាសហការជាមួយសមត្ថកិច្ច និងកុំគិតតែពីផលចំណេញជាធំ និងសុំអោយទាំងអស់គ្នា រួមគ្នាទទួលខុសត្រូវចំពោះមុខច្បាប់ និងគោរពបទដ្ឋានបច្ចេកទេស ក្នុងការផ្គត់ផ្គង់ម្ហូបអាហារលើទីផ្សារ។

សូមបញ្ជាក់ថា​ ក្នុងការចុះត្រួតពិនិត្យទំនិញនាឱកាសនោះ មន្ត្រី ​ក.ប.ប ខេត្ត បានធ្វើតេស្តឃីត ត្រួតពិនិត្យលើចំណីអាហារសំខាន់ៗ រួមមាន៖ គ្រឿងសមុទ្រ ពពុះសណ្តែក បាញ់កាញ់ គុយទាវ ប្រហិត គ្រឿងទេស។ ជាលទ្ធផលអវិជ្ជមាន គឺមិនមានផ្ទុកសារធាតុគីមីធ្វើអោយប៉ះពាល់ដល់សុខភាពនោះទេ​។ ប៉ុន្តែត្រួត​ពិនិត្យរកឃើញមានគ្រឿងសំអាង និងឡេលាបស្បែកមួយចំនួន ដែលដាក់តាំងលក់ មានការផុតកំណត់កាលបរិច្ឆេទផងដែរ​៕ ដោយ​៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ