បន្ទាយមានជ័យ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ចូលមកដល់ខាងមុខនេះ មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត បានពិនិត្យទំនិញតាមតូប និងម៉ាត ដែលហួសកាលបរិច្ឆេទ និងខូចគុណ។ មន្ត្រីជំនាញពិនិត្យទំនិញតាមផ្សារនេះ បានធ្វើឡើង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅក្រុងសិរីសោភ័ណ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជឺង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប ) ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន.វៀតណាមខាងមុខនេះ មន្ត្រីក.ប.ប សាខាខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត បានចុះពិនិត្យទំនិញតាមតូប និងស្តង់ម៉ាត ដើម្បីរកទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញខូចគុណភាព នៅក្នុងក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា នៅពេលដែលមន្ត្រីជំនាញចុះពិនិត្យរកឃើញមានទំនិញ ដែលហួសកាលបរិច្ឆេទ និងខូចគុណភាព ហើយត្រូវបានដកហូត រួមមាន ទឹកក្រូចហ្វែនតា ៦ដប ស្មើ៧,២០លីត្រ ទឹកដោះគោ Dutch Milk ចំនួន ២៨ប្រអប់ ស្មើ ៥,០៤លីត្រ ទឹកប៉េងប៉ោះ Doi Kham ចំនួន ៥ប្រអប់ ស្មើ ៥លីត្រ នំបង្គារ Hanami ចំនួន ២កំប៉ុង ស្មើ ០,២២ក្រាម ទឹកក្រូចឆ្មារចំនួន ៤ដប ស្មើ ៣លីត្រ ស្ករគ្រាប់ផ្លែឈើចម្រុះចំនួន ២៤ កញ្ចប់ ស្មើ ២,៤០លីត្រ ដែលសរុបទម្ងន់ ៣៦,៨៦គីឡូក្រាម។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ការចុះពិនិត្យទំនិញ ត្រូវបានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប ) សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម ចុះពិនិត្យជាប្រចាំ នៅទីផ្សារ តូបស្តង់ និងម៉ាត ហើយត្រូវមន្ត្រីជំនាញ ដកហូតទំនិញ ដែលហួសកាលបរិច្ឆេទ ដែលខូចគុណភាពត្រូវរក្សាទុក បានច្រើន ហើយត្រូវបានដុតកម្ទេចចោលជាច្រើនកន្លងមក។ ចំណែកម្ចាស់ទំនិញ ត្រូវបានណែនាំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់ការលក់ដូរទំនិញហួសកាលបរិច្ឆេទទាំងនោះ ព្រោះទំនិញទាំងនោះ បើមានអ្នកយកទៅបរិភោគ នឹងប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ដូច្នេះ មុនលក់ រឺទិញ ត្រូវពិនិត្យអោយបានច្បាស់៕ ដោយ៖ ប៊ុន ធឿន