ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​នឹង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ មួយ​គ្រឿង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ថវិកា​ចំនួន ២២៧,៧៣៦​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​បំពាក់​ដោយ​កាំជណ្តើរ​កម្ពស់​៤០ ម៉ែត្រ ចំនួន​មួយ​គ្រឿង​។ រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រភេទ​បែប​នេះ នឹង​ក្លាយជា​រថយន្ត​ពន្លត់​អគ្គិភ័យ​លើក​ដំបូង​គេ និង​មិន​ធ្លាប់​មាន​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ថវិកា​ចំនួន ២២៧,៧៣៦​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​បំពាក់​ដោយ​កាំជណ្តើរ​កម្ពស់​៤០ ម៉ែត្រ ចំនួន​មួយ​គ្រឿង​។ រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រភេទ​បែប​នេះ នឹង​ក្លាយជា​រថយន្ត​ពន្លត់​អគ្គិភ័យ​លើក​ដំបូង​គេ និង​មិន​ធ្លាប់​មាន​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​រាជធានី​ភ្នំពេញ​។

លោក មិ​កា​បំ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្ដិសុខ​មនុស្សជាតិ KUSANONE ជាមួយ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៨​មក​រា ២០២១ នេះ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ចាប់តាំងពី​ឆ្នាំ​១៩៩១ បន្ថែម​លើ​គម្រោង​ឥណទាន​និង​ជំនួយ​ឥត​សំណង​ខ្នាត​ធំ រដ្ឋាភិបាល​ជប៉ុន​បាន និង​កំពុង​អនុវត្ត​កម្មវិធី KUSANONE នៅ​កម្ពុជា ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​គម្រោង​របស់​ពួក​គាត់​។ KUSANONE មាន​ន័យ​ថា «​មូលដ្ឋាន​» ក្នុង​ភាសា​ជប៉ុន​។

នៅ​ក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុង​ក្រោយ​នេះ ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម​ចំណែក​ក្នុង​គម្រោង​ជាង​៦០០ តាម​រយៈ​ជំនួយ​ឥត​សំណង KUSANONE ។ លោក​បន្ត​ថា គម្រោង​ទាំងនេះ បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់ ក្នុង​ការ​លើកកម្ពស់​គុណភាព​នៃ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​នៅ​កម្រិត​មូលដ្ឋាន ហើយ​គម្រោង​ដែល​បាន​ចុះហត្ថលេខា​នេះ​មាន​ដូច​ខាងក្រោម​៖ ក្រោម​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ រាជរដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ថវិកា​ចំនួន ២២៧,៧៣៦ ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​បំពាក់​ដោយ​កាំជណ្តើរ កម្ពស់​៤០​ម៉ែត្រ ចំនួន​មួយ​គ្រឿង ដែល​នឹង​ក្លាយជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រភេទ​បែប​នេះ​លើក​ដំបូង​គេ ដែល​មិន​ធ្លាប់​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់​ថា ជប៉ុន​ក៏​នឹង​ផ្គត់ផ្គង់​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​បំពាក់​ដោយសារ​ធាតុគីមី ចំនួន​មួយ​គ្រឿង និង​ឡានទឹក​ពន្លត់​អគ្គិភ័យ ចំនួន​ពីរ​គ្រឿង សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ លើស​ពី​នេះ​ទៀត មូលនិធិ​ជំនួយ​ឥត​សំណង​នេះ នឹង​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី​ប្រតិបត្តិការ និង​ការ​ថែរក្សា​ឧបករណ៍​ពន្លត់អគ្គីភ័យ​នេះ​។ កម្មវិធី​បណ្តុះបណ្តាល​នេះ នឹង​ជួយ​អ្នក​ពន្លត់​អគ្គិភ័យ​ជនជាតិ​ខ្មែរ ឆ្លើយ​តប​ចំពោះ​អគ្គិភ័យ​នៅ​ក្នុង​អគារ​ខ្ពស់​ៗ និង​ឧបទ្ទវហេតុ​នានា​ដែល​ពាក់ព័ន្ធ​នឹង​វត្ថុ​ធាតុ​ដែល​មាន​គ្រោះថ្នាក់​ខ្ពស់ ដោយ​មាន​ន័យ​ថា​ពួក​គេ នឹង​អាច​ឆ្លើយ​តប​ឲ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​។

ជំនួយ​នេះ នឹង​ជួយ​លើកកម្ពស់​សុវត្ថិភាព និង​ជួយ​ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ប្រមាណ ៤០០,០០០​នាក់ នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ និង​អ្នកដំណើរ​ជំនួញ​មក​ពី​ជុំវិញ​ពិភពលោក​ផង​ដែរ​។​ស្រប​ពេល​ដែល​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត​សំណង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា អនុស្សា​រណៈ​យោគយល់​គ្នា រវាង​កងកម្លាំង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន Safety Sakura Service Co., Ltd.​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង និង​សមត្ថភាព​បន្ថែម​ទៀត​។

លោក​បន្ត​ទៀត​ថា តាម​អនុស្សា​រណៈ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ កងកម្លាំង​ពន្លត់​អគ្គិភ័យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន Safety Sakura Service Co., Ltd. នឹង​សហការ​គ្នា​ដើម្បី​សម្រេច​បាន​នូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ពន្លត់​អគ្គិភ័យ និង​ជួយ​សង្គ្រោះ​របស់​កង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​។ លោក​បន្ត​ទៀត​ថា នៅ​ពេល​ថ្មី​ៗ​នេះ ប្រទេស​កម្ពុជា​បាន និង​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។​ទន្ទឹម​នឹង​នេះ​ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​។

ប្រទេស​ជប៉ុន​នឹង​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ តាម​រយៈ​គ្រោង​ការណ៍​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​ផ្សេង​ៗ រួម​ទាំង​គូ​សាណូ​ណ៌​។ លោក ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​បាន​ថ្លែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ជប៉ុន​ដែល​ជា​និច្ច​ជា​កាល​តែងតែ​ជួយ​ជា​ជំនួយ​មក​កម្ពុជា​ដោយ​ឥត​សំណង ពិសេស​នៅ​រាជធានី​ភ្នំពេញ​ជប៉ុន​បាន​ជួយ​ជំនួយ​ជា​ច្រើន​មិន​ថា ថវិកា និង​បច្ចេកទេស​នោះ​ទេ ជាក់ស្តែង​ជប៉ុន​បាន​ជួយ​លើ​ប្រព័ន្ធ​ការពារ​ទឹកជំនន់ ដែល​មក​ដល់​ពេល​នេះ​បាន​ឈាន​ដល់ គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤​ហើយ​។ លោក ឃួ​ង ស្រេង បន្ត​ថា កម្ពុជា និង​ជប៉ុន​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ប្រទេស​កម្ពុជា​យើង​ចំនួន​៦២​ឆ្នាំ​ហើយ ហើយ​ទំនាក់ទំនង​នេះ​កម្ពុជា​បាន​ផ្លែផ្កា​ជា​ច្រើន​ពី​ប្រទេស​ជប៉ុន​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ