ខេត្តបន្ទាយមានជ័យ ៖ មានករណីបុរសជាពលករម្នាក់បានបាត់បង់ជីវិតពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី១៨ មករា ឆ្នាំ២០២១ ក្រោយពេលជនរងគ្រោះរូបនោះជួបគ្រោះអកុសលដើរជំពប់ជើងដួល បណ្តាលឱ្យរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរនៅមាត់ច្រករបៀង ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះសុង សារ៉ាយ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបវិលត្រឡប់ពីថៃតាមច្រករបៀងមួយក្នុងស្រុកម៉ាឡៃ កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
តាមការឲ្យដឹងពីលោកវរសេនីយ៍សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ប្រាប់តាមទូរស័ព្ទថា ពលករដែលថៃបញ្ជូនមកឲ្យភាគីកម្ពុជានៅច្រករបៀងចំបក់ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៧ មករា២០២១ រួមជាមួយជនរងគ្រោះផងនោះសរុបមានចំនួន៥៦នាក់ (ស្រី២១ និងកុមា៩នាក់) ។
លោកមេបញ្ជាការបានបន្តថា មុនពេលឱ្យឡើងរថយន្តរបស់ក្រសួងការពារជាតិ(រថយន្តយោធា)ដើម្បីយកទៅកាន់មណ្ឌលចត្តាឡីស័ក ពលកររងគ្រោះរូបនោះឈឺពោះក៍សុំទៅបត់ជើង ស្រាប់តែជួបគ្រោះអកុសលដើរជំពប់ថ្មដួលរបួសក្បាលផ្នែកខាងក្រោយដេរ២ថ្នេរ។
តាមប្រភពខាងលើបានបន្តថា ក្រោយកើតមានហេតុការណ៍ពលករមួយរូបខាងលើជំពប់ជើងដួលនោះ ខាងកម្លាំងជួរមុខក៍បានជួយអន្តរាគមន៍ហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃមកដឹកយកទៅសង្គ្រោះភ្លាមៗ ។
តាមប្រភពខាងលើបានបន្តថា យោងតាមការសួរនាំ ពលកររួមដំណើរពីថៃនិយាយថាជនរងគ្រោះ មុនមកដល់ដីខ្មែរវិញ បានផឹកស្រាបៀអស់២ដបធំ និងសង្ស័យស្រវឹងផងដែរ។
លោកវជ្ជបណ្ឌិតឪក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា ពិតជាមានពលកររងគ្រោះបាត់បង់ជីវិតម្នាក់ប្រាកដមែន ។ លោកបានបញ្ជាក់ថា ការពិតពលកររងគ្រោះគេបញ្ជូនមកពីថៃ និងជួបគ្រោះថ្នាក់នៅឯព្រំដែន ហើយមុនដំបូង គេបញ្ជូនជនរងគ្រោះចូលមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ កាលពីយប់ថ្ងៃទី១៧ មករា លុះស្ថានភាពធ្ងន់ធ្ងរពេក គេក៏បញ្ជូនបន្តមកមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនាព្រឹកថ្ងៃទី១៨ នេះដែរ ប៉ុន្តែលោកថា ជនរងគ្រោះបានបាត់បង់ជីវិតតាមដងផ្លូវ មុនពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
ទោះបីជាយ៉ាងណា គិតមកត្រឹមរសៀលថ្ងៃទី១៨ មករានេះ លោកប្រធានមន្ទីរពេទ្យបង្អែកក្រុងប្រាប់ថា សពជនរងគ្រោះគឺកំពុងតម្កល់ទុកនៅក្នុងបន្ទប់តម្កល់សពនៃមន្ទីរពេទ្យបង្អែកក្រុងនៅឡើយ ហើយមិនអនុញ្ញាតឲ្យសាច់ញាតិ ឬអ្នកគ្មានភារកិច្ចចូលទៅបន្ទប់តម្កល់សពឡើយ ព្រោះខាងលោកបានយកសំណាកវិភាគរបស់ជនរងគ្រោះផ្ញើទៅក្រសួងសុខាភិបាល ពិសេសខាងវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ មិនទាន់ចេញលទ្ធផលថា ជនរងគ្រោះមានផ្ទុកមេរោគ ឬអត់នោះទេ។
ដោយឡែកប្រធានមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃមិនបានធ្វើអត្ថាធិប្បាយនូវសំណួររបស់ភ្នាក់ងារកោះសន្តិភាពនោះទេ ដោយគ្រាន់តែនិយាយយ៉ាងខ្លីថា លោកកំពុងជាប់រវល់ បន្ទាប់មកក៏បិទទូរស័ព្ទ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ