ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អា​មេ​រិ​កផ្តល់​ជំនួយដល់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារសម្រាប់​ការ​អភិរក្ស​វប្បធម៌

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្ថានទូត​អា​មេ​រិ​ក នៅ​រាជធានី​ភ្នំពេញ បាន​ប្រកាស​ក្នុង​ពិធី​ចុះហត្ថលេ ខា នៅ​ថ្ងៃ​ទី ១៦ ខែមករា ឆ្នាំ…

ខេត្តសៀមរាប ៖ ស្ថានទូត​អា​មេ​រិ​ក នៅ​រាជធានី​ភ្នំពេញ បាន​ប្រកាស​ក្នុង​ពិធី​ចុះហត្ថលេ ខា នៅ​ថ្ងៃ​ទី ១៦ ខែមករា ឆ្នាំ ២០២១ នូវ​ជំនួយ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អភិរក្ស​វប្បធម៌​ប្រាសាទ​មាន​តម្លៃ​របស់​កម្ពុជា​គឺ ប្រាសាទព្រះវិហារ និង​ប្រាសាទភ្នំបាខែង​។

ជំនួយ​ទាំងនេះ ទទួល​បាន​មក​ពី មូលនិធិ​ឯកអគ្គរដ្ឋទូត សម្រាប់​ការ​អភិរក្ស​វប្បធម៌ (AFCP) ជា​កម្មវិធី​ជំនួយ​មួយ របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​។ លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy និង​លោក​ជំទាវ​បណ្ឌិត ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា នៅ​លើ​ភ្នំ​បាខែង ទឹកដី​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ដដែល​នោះ​។

ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ភ្នំពេញ បាន​អនុម័ត​លើ​ជំនួយ​ជា​ថវិកា​ចំនួន ១២​ម៉ឺន​ដុល្លារ ជូន​ដល់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ដើម្បី​អភិរក្ស​ជណ្តើរ​ខាងជើង​នៃ​ប្រាសាទព្រះវិហារ ដែល​ត្រូវ​បាន​សាងសង់​នៅ​សតវត្ស​ទី ១១​។ ជំនួយ​នេះ នឹង​ត្រូវ​ប្រើ​ផង​ដែរ​សម្រាប់​ជួសជុល​ឡើង​វិញ នូវ​ប្រព័ន្ធ​បង្ហូរទឹក​សម័យ​បុរាណ នៅ​សងខាង​នៃ​ជណ្តើរ​នោះ​។

កិច្ចព្រមព្រៀង​មួយទៀត ក្នុង​ទឹកប្រាក់​ចំនួន ៣០​ម៉ឺន​ដុល្លារ ត្រូវ​ផ្តល់​ជូន មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) សម្រាប់​បន្តការងារ​អភិរក្ស​ក្នុង​ដំណាក់កាល​ទី ៥ នៃ​គម្រោង​នៅ​ប្រាសាទភ្នំបាខែង ក្នុង​សៀមរាប សម្រាប់​រយៈពេល ២៤ ខែ រហូត​ដល់​ឆ្នាំ ២០២២​។ គម្រោង​នេះ​នឹង​ដំណើរការ​ទៅ​ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​រយៈពេល​យូរ​របស់​អង្គការ WMF ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក​ឯកអគ្គរដ្ឋទូត​បាន​មាន​ប្រសាសន៍​ថា ៖ «​ទីតាំង​ប្រវត្តិសាស្ត្រ​ទាំងនេះ គឺជា​ចំណែក​ដែល​នៅ​ស្ថិតស្ថេរ​យូរអង្វែង នៃ​បេតិកភណ្ឌ​វប្បធម៌​យ៉ាង​ពិសេស​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ទទួលស្គាល់ និង​ផ្តល់​តម្លៃ​នៅ​ទូ​ទាំង​ពិភពលោក​។ ខ្ញុំ​មាន​មោទនភាព​ជា​ខ្លាំង ក្នុង​ការ​ប្រកាស​ជំនួយ​ជា​ថវិកា នា​ថ្ងៃនេះ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា ដោយ​ថវិកា​នេះ​នឹង​ជួយ​អភិរក្ស​ប្រាសាទ​ទាំងនេះ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ៗ​ទៀត​»​។

លោក​ជំទាវ​បណ្ឌិត ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មាន​ប្រសាសន៍​ថា​៖ «​ពិធី​ចុះហត្ថលេខា នៅ​ថ្ងៃនេះ បញ្ជាក់​ពី​ការ​គាំទ្រ​យូរអង្វែង និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក រួម​ជាមួយនឹង​សហគមន៍​អន្តរជាតិ ក្នុង​ការ​ការពារ អភិរក្ស និង​ជួសជុល​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា​។ ខ្ញុំ​ជឿ​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ដែល​ឈរ​លើ​គុណ​តម្លៃ​រួម រវាង​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល និង​ប្រជាជន​អា​មេ​រិ​ក នឹង​បន្ត​មាន​ភាពរឹងមាំ​បន្ថែម​ទៀត​» ។

Bénédicte de Montlaur ជា​ប្រធាន និង​នាយិកា​ប្រតិបត្តិ WMF ថ្លែង​ថា ៖ « យើង​មានចិត្ត​រំភើប​រីករាយ ក្នុង​ការ​បន្តការងារ​រយៈពេល​ជាង ៣ ទសវត្សរ៍ ក្នុង​ការ​គ្រប់គ្រង​និង​ថែរក្សា​តំបន់​ឧទ្យាន​បុរាណ​អង្គរ ដើម្បី​ធ្វើ​ការងារ​អភិរក្ស​ប្រាសាទ​ទាំងនេះ បន្ត​អប់រំ និង​ធ្វើ​ឲ្យ​ពិភពលោក​បានដឹង​ឲ្យ​ទូលំទូលាយ​។ យើង​សូម​អរគុណ​ដល់ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ ដែល​បាន​ផ្តល់​ការ​គាំទ្រ​ក្នុង​ការ​អភិរក្ស​ប្រាសាទភ្នំបាខែង ដែល​យក​ជា​ប្រាសាទ​ជា​ស្នូល ក្នុង​ការ​អភិវឌ្ឍ​នូវ​សិល្បៈ និង​ការ​ផ្សព្វផ្សាយ​នូវ​ទស្សនៈ​របស់​ខ្មែរ​» ។

មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ (AFCP) ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​សំខាន់​ៗ​។ នៅ​ក្រោម​ជំនួយ​ជា​ថវិកា​ពី​មូលនិធិ​នេះ ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​ផ្តល់​ថវិកា​ចំនួន​ជាង ៤ លាន​ដុល្លារ ហើយ​មក​ដល់​ប្រទេស​កម្ពុជា ដោយ​គិត​ពី​ឆ្នាំ ២០០១ មក​។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក ថែម​ទាំង​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ផង​ដែរ សម្រាប់​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​សំខាន់​ៗ​ដទៃ​ទៀត នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ