រាជធានីភ្នំពេញ ៖ បុរសជាអ្នកបើកកង់បីឥណ្ឌាម្នាក់ សង្ស័យស្រវឹងស្រាជោគ បើកម៉ូតូកង់បីរ៉េចង្កូតទៅបុកឡើងលើខឿនចិញ្ចើមផ្លូវធ្វើឲ្យធ្លាក់អ្នកបើកបររងរបួសធ្ងន់ ហើយម៉ូតូកង់បីមិនទាន់អស់ល្បឿន ជ្រុលទៅបុករថយន្តចតចោលលើចិញ្ចឹមផ្លូវរងការខូចខាតមួយចំហៀងខាងស្ដាំយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃ ទី ១៧ ខែ មករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ជិតគល់ស្ពានអាកាស៥មករា សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកកង់បីឥណ្ឌា ពណ៌ស ទាំងសភាពស្រវឹងស្រាជោគជាំ បើកចុះពីលើស្ពាន៥មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានធ្លាក់ពីលើកង់បីបោកក្បាលទៅនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបែកក្បាលរងរបួសធ្ងន់ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯកជន ចំណែកម៉ូតូកង់បីរបស់គាត់មិនទាន់អស់ល្បឿនបានទៅមុខឡើងលើចិញ្ចើមផ្លូវទៅបុករថយន្ត ម៉ាកBMW X5 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ 2AF.6081 ចតស្ងៀមនៅមុខហាងអាមេរិចកាំង ស្តង់ដារ បណ្ដាលឱ្យកំពិតទ្វារបែកកញ្ចក់ខូចខាតចំហៀងខាងស្ដាំយ៉ាងដំណំ ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏បានវាស់វែងយក រថយន្ត និងកង់បីទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោករងចាំដោះស្រាយគ្នាតាមនិតិវិធីនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ