វាចា​ជន​ទមិឡ​ទាំង​១១​ចំណុច – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វាចា​ជន​ទមិឡ​ទាំង​១១​ចំណុច

1 ខែ មុន

តាម​ពិត​ទៅ​សាសនា​ណា​ក៏​ដូច​ជា​សាសនា​ណា​ដែរ​គឺ​តែងតែមាន​អ្នកបួស​ប្លម​សាសនា​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​ចៀស​មិន​រួច​ទេ ប៉ុន្តែ​យើង​កើតមក​ជា​មនុស្ស មាន​ខួរក្បាល​សម្រាប់​គិត ញាណ​សម្រាប់​ត្រិះ​រិះ ភ្នែក​សម្រាប់​អង្កេត ដើម្បី​បែងចែក​ថា មួយ​ណា​.​ស មួយ​ណា​ខ្មៅ​ឱ្យ​បាន​ច្បាស់លាស់ កុំ​យក​វា​មក​លាយ​បញ្ចូល​គ្នា អាណិត​ដល់​អ្នកបួស​ដែល​ល្អ​បរិសុទ្ធ​ផង…

តាម​ពិត​ទៅ​សាសនា​ណា​ក៏​ដូច​ជា​សាសនា​ណា​ដែរ​គឺ​តែងតែមាន​អ្នកបួស​ប្លម​សាសនា​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​ចៀស​មិន​រួច​ទេ ប៉ុន្តែ​យើង​កើតមក​ជា​មនុស្ស មាន​ខួរក្បាល​សម្រាប់​គិត ញាណ​សម្រាប់​ត្រិះ​រិះ ភ្នែក​សម្រាប់​អង្កេត ដើម្បី​បែងចែក​ថា មួយ​ណា​.​ស មួយ​ណា​ខ្មៅ​ឱ្យ​បាន​ច្បាស់លាស់ កុំ​យក​វា​មក​លាយ​បញ្ចូល​គ្នា អាណិត​ដល់​អ្នកបួស​ដែល​ល្អ​បរិសុទ្ធ​ផង បើ​មិន​បាន​លើកទឹកចិត្ត​អ្នកបួស​ល្អ​ៗ​ទេ ក៏​កុំ​បំផ្លាញ​ទឹកចិត្ត​លោក ព្រោះថា​អ្នក​និយា​យ​ក៏​ជា​មនុស្ស អ្នកបួស​ក៏​ជា​មនុស្ស សុទ្ធតែ​មានចិត្ត​ដូច​តែ​គ្នា ។ ខាងក្រោម​នេះ​ជា​វាចា​របស់​ជន​ទមិឡ​មួយ​ចំនួន​ដែល​តែងតែ​មើលឃើញ​កំហុសឆ្គង​របស់​អ្នកបួស​៖

១- បួស​រៀន​បរិយត្តិ​ធម៌ គេ​ថា ដូច​ជន្លេន​ក្នុង​ត្រឡោក គ្មាន​ស្គាល់​ពិភពលោក ២- បួស​ប្រើ​របស់​ល្អ គេ​ថា ពួក​ពោរពេញ​ដោយ​កិលេស ៣- បួស​សំងំ​ធ្វើ​សមាធិ​កម្មដ្ឋាន គេ​ថា ពួក​នេះ​នៅ​នាំ​តែ​ធ្ងន់​សង្គម គ្មាន​ចេះ​ជួយ​សង្គម យកសុខ​តែឯង ៤- បួស​រៀន​វិជ្ជា​ផ្លូវលោក គេ​ថា សុទ្ធតែ​ពួក​រៀន​ដើម្បី​ប្រយោជន៍​ខ្លួនឯង ៥- បួស​ឆាប់​សឹក គេ​ថា សុទ្ធតែ​ពួក​ទ្រទ្រង់ធម៌​វិន័យ​មិនកើត ។

៦- បួស​យូរ​ពេក គេ​ថា ពួក​សន្សំទ្រព្យ ៧- បួស​គ្មាន​សល់​អី​សោះ គេ​ថា ភ្លើ​សុទ្ធ បួស​មិន​ឆ្លាត ៨- បួស​ទេសនា​ទូន្មាន​ប្រៀនប្រដៅ គេ​ថា ពួក​អា​បោក​យាយ​ៗ​តា​ៗ ៩- បួស​ស្វែងរក​និព្វាន គេ​ថា បួស​រកតែ​ប្រយោជន៍​សុខ​ខ្លួនឯង មិន​គិត​ទឹកដី ១០- បួស​ដើរ​ផ្សព្វផ្សាយ​សាសនា គេ​ថា ពួក​ដាច់​វស្សា មិន​ដែល​នៅ​កន្លែង និង១១- បួស​មិន​ធ្វើ​អ្វី​សោះ គេ​ថា ពួក​កម្ជិលអាំងផេះ ។

សម្តី​ទាំងអស់​នេះឯង​ដែល​អ្នកប្រាជ្ញ​ចាត់​ថា​ជា​វាចា​ពួក​ជន​ទមិឡ​ឥត​សាសនា​ដែល​តែងតែ​មើលឃើញ​ទោស​កំហុស​របស់​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា សូម​អាណិត​ដល់​អ្នកបួស​ដែល​មាន​ឆន្ទៈ​ផង​ចុះ ឈប់​បំផ្លាញ​ទឹកចិត្ត​លោក​ទៅ ៕ សាន សារិន