ជីវិតអ្នកធាក់ស៊ីក្លូដុតដាបខ្លាំងព្រោះកូវីដ រហូតបោះបង់ការងារជាង៣០% – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជីវិតអ្នកធាក់ស៊ីក្លូដុតដាបខ្លាំងព្រោះកូវីដ រហូតបោះបង់ការងារជាង៣០%

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈប្រទេសកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩អស់រយៈពេលជិតមួយឆ្នំាកន្លងមកនេះបានធ្វើឱ្យអ្នកប្រកបរបរធាក់ស៊ីក្លូនៅក្រុងភ្នំពេញប្រមាណ៣០%នៃអ្នកធាក់ស៊ីក្លូប្រមាណ៣០០នាក់បានផ្អាកការធាក់ស៊ីក្លូរបស់ខ្លួន ងាកទៅធ្វើការងារផ្សេងដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារនៅពេលជួបវិបត្តិនឹងជំងឺកូវីដ ១៩នេះ។ អស់រយៈពេលជិតមួយឆ្នំាកន្លងមកនេះ បើតាមអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលមានស្រុកកំណើតមកពីខេត្តព្រៃវែងបានឱ្យដឹង អ្នកប្រកបរបរធាក់ស៊ីក្លូសព្វថ្ងៃនេះបាត់បង់ប្រាក់ចំណូលប្រចំាថ្ងៃស៊ឹងអស់ហើយ ដោយសារតែមិនមានអ្នកមកជិះស៊ីក្លូ…

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈប្រទេសកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩អស់រយៈពេលជិតមួយឆ្នំាកន្លងមកនេះបានធ្វើឱ្យអ្នកប្រកបរបរធាក់ស៊ីក្លូនៅក្រុងភ្នំពេញប្រមាណ៣០%នៃអ្នកធាក់ស៊ីក្លូប្រមាណ៣០០នាក់បានផ្អាកការធាក់ស៊ីក្លូរបស់ខ្លួន ងាកទៅធ្វើការងារផ្សេងដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារនៅពេលជួបវិបត្តិនឹងជំងឺកូវីដ ១៩នេះ។

អស់រយៈពេលជិតមួយឆ្នំាកន្លងមកនេះ បើតាមអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលមានស្រុកកំណើតមកពីខេត្តព្រៃវែងបានឱ្យដឹង អ្នកប្រកបរបរធាក់ស៊ីក្លូសព្វថ្ងៃនេះបាត់បង់ប្រាក់ចំណូលប្រចំាថ្ងៃស៊ឹងអស់ហើយ ដោយសារតែមិនមានអ្នកមកជិះស៊ីក្លូ ដូចកាលពីមុនប្រទេសកម្ពុជាកើតជំងឺកូវីដ១៩។

លោក ឆាន ធា បានឱ្យដឹងថា សព្វថ្ងៃនេះអត់មានអ្នកជិះស៊ីក្លូ ហើយក៏ស្ងាត់អតិថិជនខាងក្រៅស្រុកដែរ ខុសពីមុនៗ។ តែសព្វថ្ងៃបាត់ទំាងអស់ ដល់អីចឹងធ្វើឱ្យការប្រកបរបរធាក់ស៊ីក្លូរកលុយអត់បាន បានតែ១ម៉ឺនឬជាង១ម៉ឺនរៀល ក្នុងមួយថ្ងៃហើយបើកាត់ថ្លៃហូបបាយប្រចំាថ្ងៃថែមទៀតសល់លុយតិចតួចបំផុត។

បើតាម លោកឆាន ធា មានអាយុ៣៦ឆ្នំាប្រកបរបរធាក់ស៊ីក្លូអស់រយៈពេលជាង១០ឆ្នំា កន្លមកនេះថា « កាលពីមុនដែលកម្ពុជាមិនទាន់មានកើតជំងឺកូវីដ១៩ ក្នុងមួយថ្ងៃអាចរកលុយបាន៣ម៉ឺនទៅ៤ ម៉ឺនរៀល តែសព្វថ្ងៃនេះការរកចំណូលបានថយចុះខ្លំាងមែនទែន ហើយនៅពេលការរកចំណូលពីធាក់ស៊ីក្លូអត់សូវបាន ដូច្នេះ វាធ្វើឱ្យប៉ះពាល់ការផ្គត់ផ្គង់ដល់ក្រុមគ្រួសារនៅស្រុកកំណើត»។

លោកបានពោលត្អូញត្អែរបន្តថា « មូលហេតុដែលខ្ញុំចាប់យកមុខរបរធាក់ស៊ីក្លូអស់រយៈពេលជាង១០ឆ្នំាមកនេះ ដោយសារការពីចាប់ផ្តើមដំបូងយើងអាចរកប្រាក់បានគ្រាន់បើ អាចដោះទល់បាន ដែលកាលពីមុនមុខរបរនេះអាចផ្ញើរប្រាក់ទៅគ្រួសារនៅស្រុកបានជាង៥០ម៉ឺនរៀលក្នុងមួយខែ ។ តែបច្ចុប្បន្ននេះក្នុងមួយខែអាចផ្ញើប្រាក់បានត្រឹម តែ១០ទៅ២០ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់ដោះស្រាយការហូបចុកនិងចំណាយផ្សេងៗប្រចំាគ្រួសារ»។

លោកបន្តថាបញ្ហាប្រឈមរាល់ថ្ងៃនេះគឺការពិបាករកលុយសម្រាប់ដោះស្រាយនៅក្នុងគ្រួសារ ហើយដល់ពេលកូនៗត្រូវចូលរៀនវិញបែបនេះអត់លុយអីចឹងវាពិតជាពិបាកណាស់ តែធ្វើយ៉ាងម៉េចចេះតែទ្រំាៗទៅ បើទោះបីរកប្រាក់បានតិចតួចក្តី។តែបើនៅពេលខាងមុខនេះជំងឺកូវីដ១៩សាបសូន្យទៅវិញ ខ្ញុំរំពឹងថាអាចនឹងបានដឹកភ្ញៀវនិងរកបានប្រាក់ចំណូលដូចមុន។

ស្រដៀងគ្នានេះដែរ លោកខឹម វ៉ាន់ អាយុ៦១ឆ្នំាមកពីខេត្តព្រៃវែងដូចគ្នាបានឱ្យដឹងថា កាលពីមុនមួយថ្ងៃអាចរកលុយបាន២ម៉ឺនទៅ៣ម៉ឺនរៀល ក៏ប៉ុន្តែនៅពេលជំងឺកូវីដ១៩ ចូលលុកលុយនៅក្នុងប្រទេសមក លោកអាចរកចំណូលបានត្រឹមតែទប់ទល់សម្រាប់ការចំណាយផ្ទាល់ខ្លួន តែឱ្យសល់លុយផ្ញើរទៅប្រពន្ធកូននៅផ្ទះឯស្រុកមិនមាននោះទេ។

លោក ខឹម វ៉ាន់ អ្នកប្រកបរបរធាក់ស៊ីក្លូតំាងពីឆ្នំា១៩៨១មកបានឱ្យដឹងថា ប្រាក់ចំណូលដែលទទួលបានក្នុងរដូវវិបត្តិជំងឺកូវីដ១៩នេះ ភាគច្រើនបានមកពីដឹកភ្ញៀវក្នុងស្រុកទៅផ្សារ ហើយកាលមិនទាន់កើតជំងឺកូវីដ១៩ យើងអាចសន្សំលុយផ្ញើរទៅប្រពន្ធនៅស្រុកម្តងៗបានពី៥០ទៅ៦០ម៉ឺនរៀល ។

លោក អ៊ឹម សម្បត្តិ ប្រធានសមាគមស៊ីក្លូ បានឱ្យដឹងថា នៅដើមឆ្នំា២០២០នៅពេលជំងឺកូវីដ១៩ ចូលលុកលុយនៅក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាមក ធ្វើឱ្យវិស័យទេសចរណ៍រលត់បាត់ មិនថានៅប្រទេសយើងទេ នៅប្រទេសដទៃទៀតក៏ស្ងប់ស្ងាត់ដែរ។

លោកបន្តថា «វិស័យទេសចរណ៍បានជួយជំរុញ លើកកម្ពស់កម្រិតជីវភាពអ្នកក្រីក្ររួមនិងអ្នកធាក់ស៊ីក្លូជាដើម ហើយវិស័យទេសចរណ៍ដែលចំណាយទៅលើការដឹកជញ្ជូនផ្សេងៗនៅក្នុងភ្នំពេញយើង បានធ្លាក់ទៅដល់ពួកគាត់បានច្រើន។មានន័យថាកាលមានភ្ញៀវទេសចរ ក្នុងមួយថ្ងៃពួកគាត់អាចរកប្រាក់ចំណូលបានយ៉ាងតិចពី៥ទៅ៨ដុល្លារអាមេរិកជាមធ្យម»។

បើតាមប្រធានសមាគមស៊ីក្លូរូបនេះថា សព្វថ្ងៃនេះពួកអ្នកប្រកបរបរធាក់ស៊ីក្លូរកចំណូលបានពឹងផ្អែកតែទៅលើអ្នកធ្វើដំណើរក្នុងស្រុកដូចជាទៅផ្សារ ដឹកឥវ៉ាន់របស់ម៉ូយ។ដូចនេះចំណូលពួកគាត់បានតែមួយក្រពះឬបានត្រឹមតែចាយប្រចំាថ្ងៃ។

លោកអ៊ឹម សម្បត្តិ សង្កត់ធ្ងន់ថា« ដូចនេះយើងសង្ឃឹមថានៅពេលជំងឺកូវីដ១៩ រលត់បាត់ទៅ វិស័យទេសចរណ៍នឹងងើបឡើងវិញ ធ្វើឱ្យពួកគាត់រកចំណូលបាន សម្រាប់ផ្គត់ផ្គង់ដល់គ្រួសារបានដូចពេលមុនៗ។នៅពេលជំងឺកូវីដ១៩ ធ្វើឱ្យអ្នកធាក់ស៊ីក្លូ រកចំណូលមិនបាន ពួកគាត់បានទៅធ្វើការជាកម្មករសំណង់ ហើយអ្នកខ្លះទៀតនៅផ្ទះជួយមើលកូន មើលចៅ(ចាស់)។អីចឹងនៅក្នុងមួយរយៈកាលមកនេះ អ្នកផ្អាកធាក់ស៊ីក្លូពី២០ទៅ៣០% ក្នុងចំណោមសមាជិកសមាគមសរុបប្រមាណ៣០០នាក់»៕