ការបានជួប បានឃើញបណ្ឌិត សប្បុរស លោកអ្នកប្រាជ្ញ ហើយបានស្តាប់ពាក្យពេចន៍ បានរៀនសូធ្យនូវមាគ៌ានៃជីវិតអំពីលោក ហើយបានបដិបត្តិឱ្យបានល្អតាមលំអានរបស់លោកជារឿងកម្រក្រៃពេក ។
១-កម្រនឹងបានកើតជាមនុស្ស បានកើតជាមនុស្សហើយកម្រនឹងបានធ្វើជាមនុស្សល្អ មានសម្មាទិដ្ឋិ ដើរផ្លូវត្រូវ សុចរិត ក្រៃពេក ។
២-កម្រនឹងមាន បណ្ឌិត សប្បុរស លោកអ្នកប្រាជ្ញកើតមកដើម្បីជួយបង្ហាត់បង្ហាញ ត្រួសត្រាយ បំភ្លឺនូវពន្លឺជីវិតឆ្ពោះទៅរកផ្លូវត្រូវ ផ្លូវរួចចាកទុក្ខ ផ្លូវផុតចាកបញ្ហា ពេកក្រៃ ។
៣-កម្រនឹងមានពួកវិញ្ញូ (អ្នកប្រាជ្ញ) បណ្ឌិត សប្បុរស ជាអ្នកចេះដឹងពិតប្រាកដ (ពហុស្សូត) និង ពួកវទញ្ញូ ពោលគឺ បុគ្គលដែលចេះដឹងហើយស្គាល់ពាក្យពេចន៍របស់អ្នកប្រាជ្ញមានព្រះពុទ្ធជាអាទិ៍ ពេកក្រៃ ។
និយាយជារួមមកខ្មែរយើងសព្វថ្ងៃនេះកំពុងតែស្ថិតនៅលើមាគ៌ាមួយដែលអាចមានសង្ឃឹមច្រើនដោយហេតុ សព្វថ្ងៃនេះ ជនជាតិខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ ជាពិសេស ពួកយុវជន ឬក្មេងជំនាន់ក្រោយ កំពុងនាំគ្នាងាកមកចាប់អារម្មណ៍លើការសិក្សាព្រះពុទ្ធឱវាទ និងយកមាគ៌ាអប់រំជីវិតតាមគន្លងពុទ្ធសាសនាមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ក្រោយពីមានការសាមគ្គីគ្នារវាងពួកនិស្សិត បញ្ញវន្ត គ្រូបង្រៀនជាដើម ដែលជាពហុស្សូតខ្មែរ ទាំងបព្វជិត និង គ្រហស្ថ ក្នុងការជួយផ្សព្វផ្សាយព្រះពុទ្ធឱវាទ ពោលគឺមាគ៌ាជីវិតតាមបែបពុទ្ធសាសនា យ៉ាងសស្រាក់សស្រាំនៅគ្រប់ទិសទីដូចបច្ចុប្បន្ននេះ ៕ សាន សារិន
ចែករំលែកព័តមាននេះ