ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សង្គមកិច្ច​សម្រេច​ដកសិទ្ធិ​អ្នកគ្រប់គ្រង​អង្គការ​សុវណ្ណ​កុមារ​បណ្ដោះអាសន្ន​ក្រោយ​មាន​វិវាទ​ផ្ទៃក្នុង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​អន្តរក្រសួង ឬ​គណៈកម្មការ​ចម្រុះ​បាន​សម្រេច​ដកសិទ្ធិ​អ្នកគ្រប់គ្រង​បច្ចុប្បន្ន​នៃ​អង្គការ​សុវណ្ណ​កុមារ ជា​បណ្ដោះអាសន្ន រង់ចាំ​ការ​ដោះស្រាយ​វិវាទ​នៅ​ក្នុង​អង្គការ​នេះ​រួចរាល់​សិន ។ នេះ​បើ​តាម​លោក តូច ចាន់​នី…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​អន្តរក្រសួង ឬ​គណៈកម្មការ​ចម្រុះ​បាន​សម្រេច​ដកសិទ្ធិ​អ្នកគ្រប់គ្រង​បច្ចុប្បន្ន​នៃ​អង្គការ​សុវណ្ណ​កុមារ ជា​បណ្ដោះអាសន្ន រង់ចាំ​ការ​ដោះស្រាយ​វិវាទ​នៅ​ក្នុង​អង្គការ​នេះ​រួចរាល់​សិន ។ នេះ​បើ​តាម​លោក តូច ចាន់​នី អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដោះស្រាយ​វិវាទ​អង្គការ​សុវណ្ណ​កុមារ ។

លោក តូច ចាន់​នី បាន​មាន​ប្រសាសន៍​ថា គណៈកម្មការ​អន្តរក្រសួង​នេះ​បង្កើត​ឡើង ដើម្បី ដោះស្រាយ​បញ្ហា​របស់​កុមារ នៅ​អង្គការ​សុវណ្ណ​កុមារ មិនមែន​ដោះស្រាយ​ជម្លោះ​របស់​អ្នកគ្រប់គ្រង​ចាស់ និង​អ្នកគ្រប់គ្រង​ថ្មី​ទេ ។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ចុះ​ធ្វើ​អធិការកិច្ច​ពិសេស​ក៏​ដូច​ជា​ស្ថានភាព​កន្លង​មក និង​បច្ចុប្បន្ន​ឃើញ​ថា ស្ថានភាព​កុមារ​នៅ​អង្គការ​សុវណ្ណ​កុមារ បច្ចុប្បន្ន​នេះ​មិន​ដូច​ជា កុមារ​នៅ​ក្នុង​មណ្ឌល​ឡើយ ព្រោះ​កុមារ​ហ៊ាន​ប្រឆាំង​រហូត​ដល់​ហ៊ាន​គំរាម​អ្នកគ្រប់គ្រង ពោល គឺ​ស្ថានភាព​កាន់តែ​វឹកវរ និង​ក្តៅ​ទៅ​ៗ ។

លោក​បន្ត​ថា ចំពោះ​ស្ថានភាព និង​ឥរិយាបថ​របស់​កុមារ នៅ​អង្គការ​សុវណ្ណ​កុមារ​យើង​មិន​អាច​បន្ទោស​កុមារ​បាន​ទេ ដោយហេតុ​ថា កាលពីមុន​កុមារ​ទាំងនោះ​ជា​កុមារ​ស្លូតបូត មាន​សុជីវធម៌ ទើបតែ​ពេល​ប​ច្ចុ​ប្ប​ន្នេះ​ទេ ទើប​កុមារ​បញ្ចេញ​អាកប្បកិរិយា​បែប​នោះ​ក៏​ព្រោះតែ​អ្នកគ្រប់គ្រង​ធ្វើ​កិច្ចការ​មិន​បាន​ល្អ ធ្វើ​ឱ្យ​កុមារ​បាត់​ភាព​កក់ក្តៅ បាត់បង់​សេរីភាព រហូត​ទទួលយក​មិន​បាន ។ ហេតុនេះ មូលហេតុ និង​គោលដៅ​ដ៏​សំខាន់​បំផុត នៃ​គណៈកម្មការ​ចម្រុះ ដែល​សម្រេចចិត្ត​ជ្រើស​យក​ជម្រើស​ដកសិទ្ធិ​ជា​បណ្តោះអាសន្ន នូវ​តួនាទី​អ្នកគ្រប់គ្រង​បច្ចុប្បន្ន​នេះ គឺ​ដើម្បី​សម្រួល​ស្ថានការណ៍ ប៉ុន្តែ​ការ​ដកហូត​សិទ្ធិ​នេះ​ត្រូវ​ស្នើ​សុំ​កិច្ចសហការ​ជាមួយ​ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​តុលាការ​ជា​មុន ។

សូម​ជម្រាប​ថា អតីត​ប្រធាន​អង្គការ ត្រូវ​បាន​ចោទ​ថា បាន​បំពាន​លើ​ច្បាប់​ជា​ច្រើន​រាប់​ទាំង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ បំពាន​ផ្លូវភេទ​លើ​កុមារ និង​បណ្តែតបណ្តោយ​ឱ្យ​មាន​អំពើ​ហិង្សា​លើ​កុមារ​ជាដើម នៅ​ចុងឆ្នាំ​២០១៩ ។ ចាប់ពី​ពេល​នោះ​មក ពោល គឺ​តាំងពី​ដើមឆ្នាំ ២០២០ ក៏​មានការ​ប្តឹងប្ដល់​គ្នា​ទៅ​វិញ​ទៅ​មក ឡើង​ដល់​តុលារ​យ៉ាង​ស្មុគស្មាញ និង​ក្តៅ​គគុក រហូត​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។

ទោះ​យ៉ាងណា បន្ទាប់​ពី​ការ​ហៅ​មេធាវី​ភាគី​ចុងចោទ​ទៅ​សួរនាំ​រួច​មក រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​មាន អង្គភាព​ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ស្ថាប័ន​មុខ​ដែក ( ACU ) នេះ​ចោទប្រកាន់​នៅឡើយ​ទេ ។

បើ​តាម​លោក តូច ចាន់​នី បញ្ជាក់​ថា ការ​ដកសិទ្ធិ​អ្នកគ្រប់គ្រង​នេះ គឺ​គ្រាន់តែ​ជា​កា​រដក​បណ្តោះអាសន្ន​ប៉ុណ្ណោះ ។ ហេតុនេះ​អ្នកគ្រប់គ្រង​បច្ចុប្បន្ន​នឹង​អាច​ត្រូវ​បាន​ប្រគល់​ការងារ​វិញ ឬ​យ៉ាងណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​លទ្ធផល​នានា​បន្ទាប់​ពី​ក្តីក្តាំ​របស់​គាត់​ត្រូវ​បាន​តុលាការ​បិទ​បញ្ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ