ប្រជាពលរដ្ឋ​ចោទ​ក្រុមហ៊ុន​ជីករណ្តៅ​ដី​ប៉ះពាល់​ទួល​បញ្ចុះសព និង​ផ្លូវលំ​សាធារណៈ​នៅ​ស្រុក​ស្វាយ​ជ្រំ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​ចោទ​ក្រុមហ៊ុន​ជីករណ្តៅ​ដី​ប៉ះពាល់​ទួល​បញ្ចុះសព និង​ផ្លូវលំ​សាធារណៈ​នៅ​ស្រុក​ស្វាយ​ជ្រំ

1 ខែ មុន
  • Svay Rieng

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ភូមិ​អូ​ស្រ​ង៉ាំ ឃុំ​ដូន​សរ ស្រុក​ស្វាយ​ជ្រំ បាន​ប្រតិកម្ម​លើកគ្នា​តវ៉ា ចោទប្រកាន់​ថា ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ទួល​បូជា និង​បញ្ចុះសព​ប៉ះពាល់​ដី​អូរ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ភូមិ​អូ​ស្រ​ង៉ាំ ឃុំ​ដូន​សរ ស្រុក​ស្វាយ​ជ្រំ បាន​ប្រតិកម្ម​លើកគ្នា​តវ៉ា ចោទប្រកាន់​ថា ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ទួល​បូជា និង​បញ្ចុះសព​ប៉ះពាល់​ដី​អូរ សាធារណៈ និង​ប៉ះពាល់​ផ្លូវថ្នល់​លំ​របស់​ប្រជាពលរដ្ឋ ប្រវែង​ជាង​៣០០​ម៉ែត្រ ។

ការ​តវ៉ា​នេះ មាន​រយៈពេល​០២​ថ្ងៃ ទើប​អាជ្ញាធរ​ចុះ​មក​សម្របសម្រួល និង​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​ជីករណ្តៅ​ដី​បណ្តោះអាសន្ន ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​យល់ព្រម​ទទួលយក​ដំណោះស្រាយ​នោះ​ទេ ពួក​គាត់​សំណូមពរ​ចំនួន​០៣​ចំណុច សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ ។ ទី​១,​លប់រណ្តៅ​ដី នៅ​ខាង​មុខ​ទូល​បូជាសព និង​ថ្នូរ​សព​ឲ្យ​បាន​១០​ម៉ែត្រ ពីរ​ណ្តៅ​ដី ដើម្បី​ការពារ​កុំ​ឲ្យ​បាក់​ដី​ធ្លាក់​ថ្នូរ​ចូល​ក្នុងរ​ណ្តី​ដី ។ ទី​២,​សូម​ឲ្យ​ជីករណ្តៅ​តាម​បច្ចេកទេស ទុក​ទំនប់​អម​សងខាង​រណ្តៅ​ដី ជៀសវាង​បាក់​ដីស្រែ​របស់​ប្រជាពលរដ្ឋ ។ ទី​៣,​លើក​បំពេញ​ថ្នល់​លំ​ប្រវែង​៣០០​ម៉ែត្រ​ឲ្យ​បាន​ខ្ពស់​ស្មើ​ថ្នល់​ចាស់​វិញ​។

ការ​ប្រតិកម្ម​នេះ កើតឡើង​នៅ​ថ្ងៃ​ទី​១៤ និង​១៥ មក​រា ២០២១ នៅ​ភូមិ​អូ​ស្រ​ង៉ាំ ឃុំ​ដូន​សរ ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​លោកយាយ​ជ័យ អេ​ន អាយុ​៦៩​ឆ្នាំ នៅ​ភូមិ​អូ​ស្រ​ង៉ាំ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ឈ្មោះ​សៅ បាន​យក​គ្រឿងចក្រ​មក​ជីកដី​ក្នុង​អូរ​ស្រ​ង៉ាំ យក​អាច​ម៌​ដី​ទៅ​លក់ ធ្វើ​ឲ្យ​ប៉ះពាល់​ទួល​បូជាសព និង​បញ្ចុះសព អ្នក​ភូមិ ជា​ពិសេស​ជីករណ្តៅ​ដី​ជ្រៅ​ជាប់ និង​ថ្នូរ​ខ្មោច ទុក​ប្រវែង​០២​ម៉ែត្រ​ដល់​ថ្នូរ​ខ្មោច ០២​នាក់​ប្តី​ប្រពន្ធ គឺ​៖ ថ្នូរ​ឈ្មោះ​ខៀវ សំអាត និង​ថ្នូរ​ប្រពន្ធ​ឈ្មោះ​ប៉ាន់ យ៉ឹ​ង ដែល​ប្រជាពលរដ្ឋ​សុំ​ឲ្យ​ក្រុមហ៊ុន​លោក​សៅ ជីករណ្តៅ​ដី ទុក​គម្លាត​ពី​ថ្នូ​១០​ម៉ែត្រ​ទៅ​១៥​ម៉ែត្រ ដើម្បី​កុំ​ឲ្យ​បាក់​ដី​ដល់​ថ្នូរ ក៏​ប៉ុន្តែ​លោក​សៅ​បាន​ជីករណ្តៅ​ជ្រៅ ចម្ងាយ​២​ម៉ែត្រ​ដល់​ថ្នូរ​តែ​ម្តង ។

បើ​តាម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កែវ សុភ​គ្រ័ ហៅ​សៅ បាន​យក​គ្រឿងចក្រ​ជីរ​ណ្តៅ​ដី​យក​អាច​ម៌​ដី​លក់ មិន​ត្រូវ​តាម​ស្តង់ដា​បច្ចេកទេស ជីរ​ណ្តៅ​ជ្រៅ ហើយ​អត់​ជើងទេ អត់​ទុក​ចំណី​អូរ និង​ទប់​ទំនប់​អម​សងខាង​រណ្តៅ ដើម្បី​ការពារ​បាក់​ដី និង​ហូរ​ទឹក​ចេញពី​ស្រែ​របស់​ប្រជាពលរដ្ឋ ។ ហើយ​ក្រុមហ៊ុន​បាន​ឈួ​ស​ផ្លូវលំ​របស់​ប្រជាពលរដ្ឋ​អស់​ប្រវែង​៣០០​ម៉ែត្រ​ធ្វើ​ផ្លូវ​ដឹក​ដី​ចេញ ដែល​ថ្នល់​លំ​នេះ​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ គឺ​ភូមិ​អូរ​ស្រ​ង៉ាំ​ឃុំ​បាន​រៃ​លុយ​គ្នា លើ​ដូន​សរ ស្រុក​ស្វាយ​ជ្រំ និង​ភូមិ​ហែក​សំណាញ់​ឃុំ​ធ្មា ស្រុក​រំដួល​រៃ​លុយ​គ្នា ចាក់​ដី​លើក​ធ្វើ​ជា​ថ្នល់​លំ​សម្រាប់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ធ្វើ​ដំណើរ​មក​ផ្សារ​ដូន​សរ និង​មក​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ដូន​សរ ។

ហើយ​ពេល​អាជ្ញាធរ​ឃុំ​ស្រុក​មក​ដោះស្រាយ គឺ​គ្រាន់តែ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន​មិន​បាន​ឆ្លើយ​តប​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទេ ។ ហើយ​ចំពោះ​ថ្នូរ​សព​០២​នាក់​ប្តី​ប្រពន្ធ​នេះ គឺជា​គ្រួសារ​ក្រីក្រ មាន​ជម្ងឺ​រ៉ាំរ៉ៃ បាន​លក់​ដីស្រែ និង​ដី​លំនៅ​ឋាន​យក​ទៅ​ព្យាបាល​ជម្ងឺ អស់ហើយ​នៅ​តែ​មិនជា​បាន​ស្លាប់ បន្តបន្ទាប់​នៅ​ឆ្នាំ​២០១៩ និង​២០២០​កន្លង​ទៅ បន្សល់​កូនប្រុស​០១​នាក់ ឈ្មោះ​ក្រក អាយុ​១០​ឆ្នាំ ដោយ​ជីវភាព​ក្រីក្រ គ្មាន​ទីពឹង​ប្រជាពលរដ្ឋ​បាន​នាំ​យក​ទៅ​ផ្ញើរ​ព្រះសង្ឃ​នៅ​វត្ត​ល្ងើ​ន​ឃុំ​ដូន​សរ និង​ធ្វើបុណ្យ​បំបួស​ជា​សង្ឃ នេន​តូច គង់នៅ​វត្ត​ល្ងើ​ន​ដល់​សព​ថ្ងៃ ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​សៅ ប្រធាន​ក្រុមហ៊ុន​កែវ សុភ​គ្រ័ បាន​ឆ្លើយ​បំភ្លឺ​ថា ក្រុមហ៊ុន​លោក​មានច្បាប់​អនុញ្ញាត្តិ ជីករណ្តៅ​ដី​ក្នុង​អូរ​ស្រ​ង៉ាំ​យក​អាច​ម៌​ដី​ទៅ​ចាក់​ធ្វើ​ថ្នល់ជាតិ​លេខ​៣១៥ ប្រវែង​៨,៥០០​ម៉ែត្រ​ទទឹង​បាត​ក្រោម​១៥​ម៉ែត្រ​ខ្នង​លើ​១២​ម៉ែត្រ​កម្ពស់​១,៤​ម៉ែត្រ ចំពោះ​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​ជី​ដី​តាម​ស្តង់ដា​បច្ចេកទេស​នោះ លោក​មិន​អាច​ធ្វើ​បាន​ទេ ដោយ​លោក​គ្មាន​ប្រាក់​ជួល​អ្នកបច្ចេកទេស​មក​សិក្សា វាយតម្លៃ​ពី​ផល​ប៉ះពាល់​ទេ គឺ​ជីកដី​តាម​លំនាំ​អូរ​តែ​ប៉ុណ្ណោះ ។

ហើយ​បញ្ហា​ប៉ះពាល់​ទួល​បូជាសព និង​បញ្ចុះសព គឺ​ដី​នោះ​មិនមែន​ជា​ទួល​បុរាណ​ទេ គឺជា​ក្បាលដី​របស់​ឈ្មោះ ម៉ិច ដែល​គេ​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​ស្របច្បាប់ ហើយ​ឈ្មោះ​ម៉ិច​ជា​ម្ចាស់​ដី ជា​អ្នក​ឈរ​ចង្អុល​ឲ្យ​ជីករណ្តៅ​ដី​នេះ ដើម្បី​យក​អាច​ម៌​ដី​ទៅ​ចាក់​លើក​ជា​ភូមិ​សង់​លំនៅ​ឋាន​របស់​គេ ដោយ​ខ្វះ​អាច​ម៌​ដី​ទើប​ម្ចាស់​ដី​ឲ្យ​ជីក​ដល់​ជិត​ថ្នូរ គឺ​ទុក​ចម្ងាយ​ពី​ថ្នូរ ដោយ​សំអាង​ថា ដី​ទួល​បូជាសព និង​បញ្ចុះសព​នោះ​ជា​ដី​របស់​ខ្លួន ហើយ​សាច់ញាតិ​សព ពេល​យក​សព​ទៅ​បូជា និង​បញ្ចុះសព គឺ​ទៅ​សុំ​ម្តាយក្មេក​របស់​ខ្លួន (​ឈ្មោះ​ម៉ិច​)​មិន​បានដឹង​ទេ ពីព្រោះ​ខ្លួន​នៅ​ឯ​ភ្នំពេញ ហើយ​មុន និង​ជីកដី​នេះ គឺ​គាត់​ម្ចាស់​ដី​បាន​ឲ្យ​សាច់ញាតិ​សព​គាស់​លើក​ថ្នរ​យក​អដ្ឋិធាតុ ឬ​សព​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង​ក៏​ប៉ុន្តែ​អ្នកស្រុក​យល់​ថា កូន​បួស​ជា​សង្ឃ​កូន​នេន​តូច គ្មាន​ដី​ទើប​មិន​ទាន់​លើក​ថ្នរ​ចេញ ។

ចំពោះ​ថ្នល់​លំ ក្រុមហ៊ុន​បាន​ដឹក​ដី​ចាក់​២០​រថយន្ត ដាក់​តាម​ក្រឡុក​រួច​កៀរ កិន​ពង្រាប ឡើង​វិញ​ហើយ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ព្រម​ទទួលយក​ដាយ​ថា ទាប​ជាង​ថ្នល់​ពួក​គាត់​លើក ។ ទាក់ទិន​ករណី​នេះ​ដែរ ខាង​អាជ្ញាធរ​ស្រុក​ប្រាប់​ថា អាជ្ញាធរ​កំពុង​ដោយ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ហើយ ៕