ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនពិការពីកំណើតពីរនាក់ ដង្ហើយ​រកសប្បុរសជន ជួយឧបត្ថម្ភ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែល​ជា​ជនពិការតាំងពីកំណើត​ ​បាន​ដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់​ផង។ ការដង្ហើយរក​ជំនួយនេះ បានធ្វើឡើង…

ខេត្តឧត្តរមានជ័យ​៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែល​ជា​ជនពិការតាំងពីកំណើត​ ​បាន​ដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់​ផង។ ការដង្ហើយរក​ជំនួយនេះ បានធ្វើឡើង កាលពីថ្ងៃទី១៥ ខែ​មករា ឆ្នាំ​២០២១ ស្ថិតនៅក្នុ​ងភូមិសន្តិភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជនពិការ​ពីកំណើតនេះ ឈ្មោះ សុខ ខ្វេ ភេទប្រុស អាយុ​ ២៦ឆ្នាំ ​បាន​ពិការជើងទាំង២ មាន​ម្តាយឈ្មោះ ជុច សូត្រ អាយុ ​៦៦ឆ្នាំ ជា​​ចាស់ជរាស្រ្តី មេម៉ាយមានកូន ៣ ( ស្រីម្នាក់ ) និងក្មេងស្រីម្នាក់ទៀត ជាជនពិការខ្វិនដៃជើង​ពីកំណើត ឈ្មោះ វ៉ាង ស្រីនាត ​អាយុ ១១ឆ្នាំ មានជីដូន ជាអ្នកមើលថែ។ អ្នកពិការទាំងពីរនាក់ រស់នៅក្នុងភូមិឃុំខាងលើ។

ស្រ្តីឈ្មោះ ជុច សូត្រ ត្រូវជាម្តាយបង្កើតរបស់ឈ្មោះក្មួយប្រុ សសុខ ខ្វេ បានរៀបរាប់ឱ្យកោះសន្តិភាព​ថា រូបគាត់អភ័ព្វណាស់ មានប្តីក៏ជាជនពិការ ហើយមកដល់កូន ក៏ជាជនពិការ។ រូបគាត់ជាអ្នកមើលថែ​​ប្តី រហូតមកដល់កូន។ តែប្តីបានបាត់បង់​ជីវិត កាលពីអំឡុងឆ្នាំ២០១៣ ដោយបន្សល់កូនប្រុសស្រី ៣នាក់។ រូបគាត់ចិញ្ចឹមបីបាច់ថែរក្សា រហូតកូនមានប្តីប្រពន្ធពីរនាក់ នៅសល់តែកូនពិការ ដែលរូបគាត់ នៅជាមួយ សព្វថ្ងៃ។

ស្ត្រីមេម៉ាយ បន្តថា ​កូនប្រុសស្រីមានប្តីប្រពន្ធមានជីវភាពក្រីក្រពេក មិនបានជួយដល់រូបគាត់ទេ ហើយរូបគាត់ រួមរស់ជាមួយ​កូនពិការ ដែលធ្វើជាងជួសជុលទូរទស្សន៍ បានកម្រៃបន្តិ​បន្តួចចិញ្ចឹមជីវិត រួមទាំងមានប័ណ្ណក្រីក្រ ដែលទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងមួយខែ ចំនួន ១៤ម៉ឺនរៀល។

ដោយឡែកស្រ្តី ឈ្មោះ ហេង ផល អាយុ ៦៩ឆ្នាំ ជាអ្នកមើលថែចៅ បានរៀបរាប់ ប្រាប់​កោះសន្តិភាព​ថា រូបគាត់ មានជីវភាពក្រីក្រ។ ចំណែកកូនប្រុសស្រី ដែលជាម្តាយឪពុកចៅស្រីនេះ បានដើរកស៊ីឈ្នួលគេ បានលុយបន្តិចបន្តួច មកចិញ្ចឹមកូនស្រី ៣នាក់ ស្ទើរ​តែមិនគ្រប់ ហើយក៏មានប័ណ្ណក្រីក្រ ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលជាង ១០ម៉ឺនរៀល ក្នុង ១ខែ។

តែទោះជាបែបណា ស្ត្រីរូបនេះ បានអះអាងថា ក្រុមគ្រួសារគាត់ នៅតែខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃ។​

គ្រួសារទាំងពីរ បានសូម​អំពាវនាវដល់ឯកឧត្តម ឧកញ៉ា លោកជំទាវ លោកស្រី ប្រជាពលរដ្ឋ នៅឯនាយសមុទ្រ និងសប្បុរសជន នៅក្នុងប្រទេស មេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារ​ពួកគាត់ផង​៕ ដោយ៖ ឱម សារឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ