ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង ១ខែ ទើបចាប់បានចោរ គាស់តូបលួចខោអាវ នៅក្នុងផ្សារ​ត្រែង ស្រុករតនមណ្ឌល

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖  ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធ​នឹងករណី​គាស់តូបអា​ជីវ​ករ លួ​ចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ…

ខេត្តបាត់ដំបង៖  ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធ​នឹងករណី​គាស់តូបអា​ជីវ​ករ លួ​ចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ​ឆ្នាំ២០២០​ក​ន្លង នៅពេលនេះ ត្រូវបានកម្លាំងជំនាញការិយាល័យ​ព្រហ្មទណ្ឌ​កំរិតស្រាល នៃស្នងការខេត្ត ​ស្រាវជ្រាវ រហូតឈានដល់​ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១៤ មករា។ ជនសង្ស័យនោះ ត្រូវបានចាប់ខ្លួន ខណៈ​កំពុងសម្ងំ នៅក្នុងប​ន្ទ​ប់​​ផ្ទះសំណាក់មួយកន្លែង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោក ឈឿង គឹមសុង ប្រធានការិយាល័យប្រហ្មទណ្ឌកំរិតស្រាល ដែលបាន​ចាត់ការលើករណីនេះ បានឲ្យដឹងថា ជនដៃដល់ ដែលត្រូវចាប់ខ្លួននេះ ឈ្មោះ អឿត ពេក អាយុ ៣១ឆ្នាំ ស្នាក់នៅមិនពិតប្រាក​ដ និង​បក្សពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ឈ្មោះ ទា ប៉ូឡា នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ 

លោកបានប្រាប់ថា ជននេះ ត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្ត​ ពីបទ«លួចមានស្ថានទម្ងន់ទោស»​។  រីឯជនឈ្មោះ ទា ប៉ូឡា ដែលកំពុងគេចខ្លួន ក៏មានដីកាបញ្ជាឲ្យចូលខ្លួនដូចគ្នាដែរ ព្រោះចូលរួមប្រព្រឹត្តជាមួយគ្នា ហើ​យជននេះ ជាមេខ្លោងទៀតផង។

សូមបញ្ជាក់ថា កាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ធ្នូ ឆ្នាំ២០២០ ជនមិនស្គាល់អត្ត​សញ្ញា​ណ បានធ្វើសកម្មភាព គាស់ទម្លុះទម្លាយតូបលក់​ខោអាវរបស់អាជីវករម្នាក់ ឈ្មោះ អ៊ុក ស្រីអូន អាយុ ​៥​០ឆ្នាំ ដែលលក់នៅក្នុង «ផ្សារត្រែង» ស្ថិតនៅក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដោយជនសង្ស័យ​បានលួចយកខោអាវអស់ជាច្រើន។ 

ជនរងគ្រោះ ដែលបានប្ដឹងទៅសមត្ថកិច្ច បញ្ជាក់ថា សម្លៀកបំពាក់ ​ដែ​លបាត់បង់ រួមមាន ខោចំនួន ៣០០ខោ និង​អាវចំនួន ៥០អាវ ដែលមានតំលៃសរុបប្រមាណ ១៤​លា​នរៀល។

​​ជនត្រូវចោទឈ្មោះ អឿត ពេក បានសារភាពថា ខ្លួន និងឈ្មោះ ប៉ូឡា ពិត​ជា​បានជិះម៉ូតូ ទៅគាស់តូបលួចយកខោអាវ នៅក្នុងផ្សារត្រែង ​មែន គឺ​ធ្វើសកម្មភាព នៅវេលារំលងអាធ្រាត្រ។ 

ប៉ុន្តែជននេះ ហាក់បានព្យាយាមឆ្លើយដោះបន្ទុក​ ហើយបានទម្លាក់កំហុសភាគ​ច្រើ​ន​ទៅមេកើយរបស់ខ្លួន ឈ្មោះ ប៉ូឡា ដែលកំពុងគេចខ្លួន។ 

ឈ្មោះ ពេក បាននិយាយថា នៅយប់​នោះ ឈ្មោះ ប៉ូឡា បានបញ្ជាឲ្យខ្លួន ចូលទៅធ្វើសកម្មភាព។ ខ្លួនបានចូលទៅឃើញតូបជាប់សោរ ខ្លួន​ក៏ត្រឡប់មកប្រាប់ឈ្មោះ ប៉ូឡា វិញ។ 

ជននេះ បានបញ្ជាក់ថា  ពេលនោះ មេរបស់ខ្លួន បានចូលទៅម្ដង ស្រាប់តែឮសំឡេងវាយផ្ដាច់សោរ លុះ​បន្តិចក្រោយមក ឃើញឈ្មោះ ប៉ូឡា លីស្បោងខោអាវយ៉ាងធំ ចេញមកដាក់លើម៉ូតូ ​ហើយពួកខ្លួន ជិះដឹកមកកាន់ក្រុងបាត់ដំបងភ្លាមៗតែម្ដង។

ប៉ុន្តែជននេះបានអះអាងថា  ពេលដឹកមកដល់បាត់ដំបង គឺ​ឈ្មោះ ប៉ូឡា ជាអ្នកចាត់ចែងលក់ដូរខោអាវទាំងនោះ។ រីឯខ្លួន ចាំតែទទូលចំណែកខ្លះ​ៗតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងប្រវត្តិក្រុមចោរសកម្មនេះ ត្រូវបាន​លោក ឈឿង គឹមសុង ​ប្រាប់ថា ក្រុមនេះ មានបក្សពួ​កច្រើនគួរសមដែរ ដែលតែងធ្វើសកម្មភាព​លួច ឆក់ គាស់ទម្លុះទម្លាយ និង កាប់ចាក់គ្នា។ 

លោកបាន​បញ្ជាក់ថា ជនសង្ស័យចំនួន ០៣នាក់ ដែលកម្លាំងរបស់លោកបង្រ្កាប ក្នុងអំពើហឹង្សា កាលពីប៉ុន្មានថ្ងៃ​មុននេះ ក៏ជាក្រុមនេះដែរ។  ក្រុមអន្ធពាលនេះ សុទ្ធតែធ្លាប់ជាប់គុក ម្នាក់ៗច្រើនដង តែពួកគេ មិនព្រមរា​ងចាលទេ។ ជាពិសេសជនឈ្មោះ ទា ប៉ូឡា (មេខ្លោង) និង​​ឈ្មោះ អឿត ពេក នេះតែម្ដង ដែលម្នាក់​ៗ ​ជាប់គុកស្ទើររាប់ភ្លេច។ 

ប៉ុន្តែយ៉ាងនេះក្ដី ​លោក ឈឿង គឹមសុង បានបញ្ជាក់ថា ពេលនេះ លោកស្នងការខេត្ត បានបញ្ជា​ឲ្យមន្រ្តីជំនាញ សួរនាំជនត្រូវចោទ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់​សាលាដំបូងខេត្ត និងកំពុងបន្តតាមប្រមាញ់មេខ្លោងម្នាក់ទៀត ឈ្មោះ ទា ប៉ូឡា ដែលកំពុងសម្ងំលាក់ខ្លួន៕ ដោយ៖ ឆោម ពិសម័យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ