សមិទ្ធផល​CAMSOC​សម្រេច​បាន​ក្នុង​ឆ្នាំ​2020 ​និង​បញ្ហា​ប្រឈម​ត្រូវ​ដោះ​ស្រាយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សមិទ្ធផល​CAMSOC​សម្រេច​បាន​ក្នុង​ឆ្នាំ​2020 ​និង​បញ្ហា​ប្រឈម​ត្រូវ​ដោះ​ស្រាយ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ទោះបី​កម្ពុជា​ទទួល​រង​វិបត្តិ​ជំ​ងឹ​ឆ្លង​សាកល​កូ​វី​ដ​-១៩ តែ​មិន​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​អនុវត្ត​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣(CAMSOC)​នោះ​ទេ ជាក់ស្ដែង​CAMSOC នៅ​តែ​បន្តដំណើរ​ការ​របស់​ខ្លួន​ដូច​ប្រក្រតី និង​សម្រេច​បាន​សមិទ្ធផល​ការងារ​គួរ​ឲ្យ​កត់សម្គាល់ ។ ទោះបី​យ៉ាងណា​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​កីឡាការិនី​របស់​កម្ពុជា​មិន​អាច​ប្រកែក​បាន​ឡើយ​។…

រាជធានី​ភ្នំពេញ ៖ ទោះបី​កម្ពុជា​ទទួល​រង​វិបត្តិ​ជំ​ងឹ​ឆ្លង​សាកល​កូ​វី​ដ​-១៩ តែ​មិន​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​អនុវត្ត​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣(CAMSOC)​នោះ​ទេ ជាក់ស្ដែង​CAMSOC នៅ​តែ​បន្តដំណើរ​ការ​របស់​ខ្លួន​ដូច​ប្រក្រតី និង​សម្រេច​បាន​សមិទ្ធផល​ការងារ​គួរ​ឲ្យ​កត់សម្គាល់ ។ ទោះបី​យ៉ាងណា​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​កីឡាការិនី​របស់​កម្ពុជា​មិន​អាច​ប្រកែក​បាន​ឡើយ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ (CAMSOC)​បាន​លើក​ឡើង​ត្រួស​ៗ​ពី​ឧបសគ្គ និង​សមិទ្ធ​ផល​ការងារ​ដែល CAMSOC ជួប​ប្រទះ និង​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២០ ។ លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ទោះបី​កម្ពុជា​ទទួល​រង​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ តែ​គណៈកម្មការ​នេះ​សម្រេច​បានការ​ងារ​ជា​ច្រើន​ពាក់ព័ន្ធ​ការ​ឯកភាព​គ្នា​ក្នុង​ការ​ជ្រើសរើស​រូប​និមិត្តសញ្ញា​(Logo), តុក្កតា​តំណាង​(Mascot) និង​បាវចនា​(Motto)​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ ជា​ពិសេស​ការងារ​សាងសង់​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

ទន្ទឹម​នឹង​នេះ CAMSOC ក៏​បាន​ជួប​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​ការងារ​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក​ផង​ដែរ ដូច​ជា​ការ​មិន​ទាន់​យល់ចិត្ត និង​ការងារ​គ្នា ហើយ​គណៈកម្មការ​ជំនាញ​ទាំង​១៤​នៃ CAMSOC ភាគច្រើន​ពុំ​មាន​បទ​ពិសោធ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ធំ​ៗ ដែល​ធ្វើ​ឲ្យ​ការងារ​របស់ CAMSOC មាន​ភាព​យឺតយ៉ាវ ។ លោក​បាន​ពន្យល់​ពាក់ព័ន្ធ​នឹង​ឧបសគ្គ​ដែល​កើតឡើង​ថា យើង​ដឹង​ហើយ​ថា CAMSOC ជា​គណៈកម្មការ​មួយ​ដែល​ប្រមូល​ធនធានមនុស្ស​មក​ពី​គ្រប់​មជ្ឈ​ដ្ឋាន គ្រប់​ស្ថាប័ន ក្រសួង និង​អង្គភាព​ផ្សេង​ៗ​គ្នា មក​ច្របាច់​បញ្ចូល​គ្នា ដើម្បី​ធ្វើការ​រួម​គ្នា​។

នេះ​ជា​បញ្ហា​មួយ​ដែរ ដូច​យើង​ដឹង​ហើយ​ថា កាលណា​យើង​ថ្មី​ទាំងអស់​គ្នា ហើយ​ធនធានមនុស្ស ដែល​មក​ពី​ស្ថាប័ន​ផ្សេង​ៗ គាត់​មិន​ទាន់​ជ្រួតជ្រាប និង​យល់​ច្បាស់​ពី​របៀប​ធ្វើការ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​។ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ជា​បញ្ហា​មួយ​ដែរ​សម្រាប់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករ ដើម្បី​ត្រៀម​ទៅ​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​ឆ្នាំ​២០២១ និង​ដំណើរ​ឆ្ពោះទៅ​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ។ ការ​រាតត្បាត​នៃ​ជំងឺ​នេះ បាន​ធ្វើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រកាស​រំសាយ​ប្រមូលផ្តុំ​ការ​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​ថ្នាល និង​ឈុត​ធំ​ម្តង​ហើយ​ម្តងទៀត​។

លោក វ៉ា​ត់ ចំរើន បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ យ៉ាង​ដូច្នេះ​ថា​៖«​ការ​មិន​ទាន់​យល់​គ្នា​១០០​ភាគរយ​ក្នុង​ការ​ធ្វើការ​ជា​ក្រុម​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក៏​ជា​បញ្ហា​មួយ​ដែរ ។ បញ្ហា​មួយទៀត​យើង​ដឹង​ហើយ​ថា កូ​វី​ដ​-១៩ ជា​បញ្ហា​សាកល និង​បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ដំណើរការ​រៀបចំ​ស៊ី​ហ្គេ​ម​របស់​យើង គឺ​វា​បាន​ទាញ​ថយក្រោយ​ក្នុង​ការ​កសាង​សមត្ថ​ភាព​របស់​កីឡាករ ដូច​យើង​ឃើញ​ហើយ​ថា មានការ​ផ្អាក​ការ​ហ្វឹកហាត់ ការ​ប្រកួត​ផ្សេង​ៗ»​។

ជាមួយ​គ្នា​នេះ លោក វ៉ា​ត់ ចំរើន បាន​បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ និង​យន្តការ​ជា​ច្រើន​ដែល CAMSOC ត្រូវ​អនុវត្ត​ការងារ​ក្នុង​ឆ្នាំ​២០២១ ដែល​ថ្នាក់ដឹកនាំ​ចាត់ទុកជា​ឆ្នាំ​ចាប់ផ្តើម​អនុវត្ត​ការ​ងារ​ឈាន​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ ការងារ​សំខាន់​ៗ​ទាំងនោះ​រួម​មានការ​ត្រៀម​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស ការ​កំណត់​ប្រភេទ​កីឡា​ដើម្បី​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​ការ​ត្រៀមខ្លួន​ទទួល​ទង់​ស៊ី​ហ្គេ​ម​ពី​វៀតណាម​ជាដើម​៕