ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានទើបទិញ​ជាង​១០ម៉ឺនដុល្លារ​របស់​លោក​ដួង តារា​ ត្រូវ​បំផ្លាញខ្ទេច​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស ​RX350 ជា​​របស់​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការ​គ​ណៈ​រដ្ឋ​មន្ត្រី ត្រូវ​បាន​ក្រុម​​ជនសង្ស័យ​លួច​កាច់​យក​កញ្ចក់​មើលផ្លូវ ទាំង​សងខាង…

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស ​RX350 ជា​​របស់​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការ​គ​ណៈ​រដ្ឋ​មន្ត្រី ត្រូវ​បាន​ក្រុម​​ជនសង្ស័យ​លួច​កាច់​យក​កញ្ចក់​មើលផ្លូវ ទាំង​សងខាង និង​យក​ដុំ​ថ្ម​វាយ​បំបែក​កញ្ចក់ បំរុង​បើកទ្វារ​ចូល​លួច​របស់របរ​នៅ​ខាងក្នុង​​រថយន្ត​ទៀត ​ប៉ុន្តែ​ពុំ​បាន​សម្រេច ដោយសារ​តែ​​អង្គរក្ស​របស់​​លោក​ភ្ញាក់​ដឹងខ្លួន​ទាន់ ។​ ទោះបីជា​យ៉ាងណា ក្រុម​ជនសង្ស័យ​ដែលធ្វើសកម្មភាព​ខាងលើ ត្រូវបាន​គេ​​អះអាង​ថា ​មាន​គ្នា​ចំនួន​២​នាក់ បានរត់​​គេចខ្លួន​បាត់​ដោយ​សុ​វត្ថិភាព ។

​ទន្ទឹម​​នឹង​មាន​ហេតុការណ៍​ដែល​បាន​កើតឡើង​ខាងលើ​នេះដែរ​ ​លោក ដួង តារា ​ក៏​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គមថា​ គួរ​អោយ​សោកស្តាយ ចំពោះ​អ្វី​ដែល​បាន​​កើតឡើង​សម្រាប់​លោក ហើយ លោក​ពិតជា​មានការ​បារម្ភ​ចំពោះ​សុ​វត្តិភាព​រស់នៅ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ផង​ដែរ ។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​​ឈាន​ចូល​​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែ មក​រា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​សង​ថ្មី តាម​ផ្លូវ​លេខ​៣៧១​ ស្ថិត​ក្នុង​ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ ខ​ណៈ​​ពេល​ដែល​អង្គរក្ស​របស់​លោកដួង តារា បាន​ភា្ញ​ក់​ឡើង បន្ទាប់ពី​ឮ​សំឡេង​​វាយ​កញ្ចក់​រថយន្ត​។

រថយន្ត​មួយគ្រឿង​​ដែល​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​លួច​វាយ​កម្ទេច​កញ្ចក់​ខាងលើ​នេះ​ម៉ាកឡិច​ស៊ី​ស RX៣៥០ ​ស៊េរីឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ​២BM-៥៨៨៨ ​ទើបតែ​ទិញ​បាន​ប្រមាណ​១​ខែ ក្នុង​តម្លៃ​១០៥.០០០​ដុល្លារ ។ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អ្នកបើកបរ ។

​តាម​រយៈ​​ការ​បង្ហោះ​សារ​លើបណ្តាញសង្គមហ្វេសប៊ុក​របស់លោក ដូង តារា បានអោយ​ដឹង​ថា «​លើក​ទី​២​ហើយ​ដែល​ចោរ​មក​បំផ្លាញ​ដល់​ផ្ទះ ភ្ញាក់​ពី​គេង​ឃើញ​រថយន្ត​ត្រូវ​បាន​បំផ្លាញ​ដោយ​ចោរ ពិត​គួរ​អោយ​សោកស្តាយ​យ៉ាង​ខ្លាំង​»​។ «​ខ្ញុំ​សារ​កាមេរ៉ា​មើល​យប់មិញ​រវាង​ម៉ោង 1:30​យប់ មាន​ចោរ​ពាក់​ម៉ាស់ បាន​មក​លួច​កាត់​កញ្ចក់​ឡាន​ខ្ញុំ​ទាំង​សងខាង ហើយ​យក​ដុំ​ថ្ម​បំបែក​កញ្ចក់​ឡាន​ខាងស្តាំ​ដែល​ចត​នៅ​មុខ​ផ្ទះ​ដែល​ខ្ញុំ​កំពុង​រស់នៅ​សព្វថ្ងៃ​»​។

នៅ​ក្នុង​​សារ​ដែល​បង្ហោះ​នោះ​ក៍បាន​បញ្ជាក់​ថា « កាលពី​ខ្ញុំ​មក​នៅ​ទី​នេះ​ដំបូង​ក៏​ធ្លាប់​មាន​ចោរ​ចូល​ពីលើ​ដំបូលផ្ទះ​មក​ក្នុងផ្ទះ​ ។ ​គួរ​អោយ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​មានការ​បារម្ភ​ចំពោះ​សុវត្ថិភាព​រស់នៅ​»​។

តាម​ប្រភពពី​កង​អង្គរក្ស​របស់​លោក ដួងតារា បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៣​​ឈានចូលព្រេឹកថ្ងៃទី​១៥ មករា ​ពេល​គាត់​ភ្ញាក់​ពី​ដំណេក ក៍បាន​ឭ​សំឡេង​​វាយ​កញ្ចក់​រថយន្ត ​ហើយ​ក៍បាន​បើកទ្វារ​ចេញ​មកមើល​ ស្រាប់តែ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់អស់​ ។

តាម​​ប្រភព​ដដែល​បាន​​អោយ​ដឹង​បន្ត​​ថា ជនសង្ស័យ​មាន​គ្នា​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​ក្បែរ​នោះ រួច​ធ្វើ​សកម្មភាពលួច​ច​កាច់​យក​កញ្ចក់​មើលផ្លូវទាំង​សងខាង​ទៅ​បាត់ ។ ​លុះ​ក្រោយមក ក៍បាន​យក​ដុំ​ថ្ម​មក​វាយ​កញ្ចក់​ខាងស្តាំ​ចំនួន​៤​ដុំ​ថ្ម ក្នុង​គោល​បំណង​បើកទ្វារ​ចូល​លួច​របស់របរ​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​ចូល​​ទេ ក៍បាននាំគ្នា​​គេចខ្លួន​បាត់​អស់​។

គួរ​បញ្ជា​ក់ថា រថយន្ត​មួយគ្រឿង​ខាងលើ​​នោះ​បាន​ចត​ទុក​នៅ​មុខ​ផ្ទះ​កណ្តាលវាល ក្បែរ​ចិញ្ចើម​ផ្លូវ ដោយ​ពុំ​មាន​របង​បិទ​បាំង​នោះ​ទេ ទំ​នង​ជា​គិត​​ថា ចោរ​មិន​ហ៊ាន​លួច ​។

​បន្ទាប់​ពី​មានការ​បង្ហោះសារ​​នៅ​ក្នុង​បណ្តាញ​សង្គម​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មក​រា ឆ្នាំ ២០២១ លោក​វ​រៈ​សេនីយ៍​ឯក ហួរ​ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ សែន​សុខ ព្រមទាំង នាយ​ប៉ុស្តិ៍ កម្លាំង​ជំនាញ​និង​កងរាជអាវុធហត្ថ​ខណ្ឌ​ក៍បាន​ចុះ​ទៅ​សាកសួរ ដើម្បី​ស្រាវ​ជ្រា​វ ឃាត់​ជន​ជនសង្ស័យ មក​កាត់ទោស​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ