យោងតាមគេហទំព័របរទេស Sydney Moring Herald ឱ្យដឹងថា ក្រុមហ៊ុនឈរលំដាប់ថ្នាក់ទី១ លើស្លាកយីហោគុណភាពខ្ពស់ក្នុងពិភពលោក Apple ត្រៀមផលិតរថយន្តអគ្គិសនីដែលបើកបរដោយខ្លួនឯងនៅឆ្នាំ២០២០។ នេះបង្ហាញពីការបោះជំហានថ្មីមួយទៀតក្នុងការប្រឡូកក្នុងអាជីវកម្មរថយន្តក្រោយពេលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះជោគជ័យលើអាជីវកម្មគ្រឿងអេឡិចត្រូនិកដូចជា ស្មាតហ្វូន iPhone, iPad, នាឡិកាអេឡិចត្រូនិក SmartWatch, កុំព្យូទ័រលើតុ Desktop និង Laptop ផងដែរ ។
ដើម្បីបោះជំហានចូលទីផ្សាររថយន្តក្រុមហ៊ុន Apple បានជ្រើសរើសអ្នកជំនាញថាមពលថ្មរបស់រថយន្ត និងកម្មករដំឡើងរថយន្តអគ្គិសនីមួយចំនួនទៀតពីក្រុមហ៊ុន ល្បីៗដូចជា A123 Systems ដែលជាក្រុមហ៊ុនផលិតថាមពលថ្មនៅអាមេរិក, LG Chem, Samsung Electronics, Panasonic, Toshi ba, Johnson Control និងក្រុមហ៊ុនរថយន្ត Tesla Motors ។
ក្រុមហ៊ុន Apple បង្កើតឡើងថ្ងៃទី១ មេសា ១៩៧៦ និងបានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់របស់អាមេរិកដែលមានភាគហ៊ុនច្រើនជាង៧០០ពាន់លានដុល្លារ ។ កាលពីខែមីនា ២០១៥ ក្រុមហ៊ុនមួយនេះបានផ្តល់ការងារពេញម៉ោងចំនួន៩៨.០០០នាក់ ព្រមទាំងមានហាងលក់ផលិតផល៤៥៣ នៅក្នុងបណ្តាប្រទេសចំនួន១៦ ។
Apple នៅតែរក្សាតំណែងលេខ១ ជាក្រុមហ៊ុនម៉ាកល្បីរបស់ពិភពលោកដោយផ្តល់ជូនផលិតផលប្រកបដោយការរចនាល្អឥតខ្ចោះ បច្ចេកវិទ្យាទំនើប និងតម្លៃសមរម្យផងដែរ ។ កាលពីខែ តុលា ឆ្នាំ២០១៤ ប្រាក់ចំណូលទូទាំងពិភពលោករបស់ Apple សរុបចំនួន១៨២ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ