ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែងនយោបាយនៃការវិលត្រឡប់មកវិញរបស់ក្រុមប្រឆាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អតីត​អនុប្រធានអតីត​គណក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ដើមឡើយ បាន​ប្រកាសថា នឹងវិលត្រឡប់​ចូលប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែមករា…

ភ្នំពេញ៖ អតីត​អនុប្រធានអតីត​គណក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ដើមឡើយ បាន​ប្រកាសថា នឹងវិលត្រឡប់​ចូលប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១​។ ប៉ុន្តែជិតដល់​ថ្ងៃទី៤មករា បែរជាលោកស្រី ប្រកាសពន្យារ ដោយសំអាងថា ក្រុមហ៊ុន​អាកាសចរណ៍​ ដែលលោកស្រី កក់សំបុត្រយន្តហោះ បាន​លើកពេល​។​

ក្រោយមក អតីតបក្សសង្គ្រោះជាតិ បានប្រកាសថា លោកស្រី មូរ សុខហួរ នឹងចេញដំណើរពីអាមេរិក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយគ្រោងនឹងមកដល់ភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១​។

ដំណឹង​ចុងក្រោយ ដែលហាក់ដូចជាច្បាស់លាស់នេះ ក៏គ្រាន់តែ​ជាដំណឹង ដែល​មហាជន​ទូទាំង​ រួមទាំង​លោកស្រី មូរ សុខហួរ និងបក្សប្រឆាំងខ្លួនឯង ដឹងហើយថា លោកស្រី មូរ សុខហួរ ក៏មិនខុសពីករណី​លោកសមរង្ស៊ី អំឡុងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ ប៉ុន្មានឡើយ​។ គឺ​មកតែ​ខ្យល់​ប៉ុណ្ណោះ។​

ករណីលោកស្រី មូរ សុខហួរ ពេលនេះ អាច​ថា លោកស្រី ឡើងយន្តហោះ ថតបង្ហោះ ហ្វេសប៊ុក ផ្តល់សម្ភាសន៍ដល់អ្នកកាសែត។ តែលោកស្រី នឹង​មិនបានជាន់ដីកម្ពុជាឡើយ។ អាចទី១ មកពីរដ្ឋាភិបាលកម្ពុជា ចាត់វិធានការ ទប់ស្កាត់​ មិន​ឲ្យលោកស្រី មកបាន ដូចករណី​លោកប្រធានរបស់លោកស្រី កាលពីថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩ គឺមកបានត្រឹមតែ​ម៉ាឡេស៊ី ហើយ​ក៏ឡើងយន្តហោះ ទៅផ្ទះនៅបារាំងវិញ​។

ហេតុផលមួយទៀត លោកស្រី មូរ សុខហួរ អាចឆ្លើយ​លួងចិត្តអ្នកគាំទ្រថា រដ្ឋាភិបាល មិនផ្តល់សុពលភាពលើលិខិតឆ្លងដែន និងមិនផ្តល់ទិដ្ឋាការឲ្យលោកស្រី រួមទាំង​ថ្នាក់ដឹកនាំ បក្សប្រឆាំង​ដទៃទៀត វិល​ចូលស្រុកឡើយ។ ហេតុផលនេះ ក៏សមហេតុសមផល ដែល​អាចធ្វើ​ឲ្យអ្នកគាំទ្រ​បក្សប្រឆាំង មិនគិតថា លោកស្រី មូរ សុខហួរ ខ្លាចមិនហ៊ាន វិលចូលប្រទេសវិញទេ តែមកពីរដ្ឋាភិបាលទេតើ ដែលមិនអនុញ្ញាត​។

ក៏ប៉ុន្តែ​មែនទែនទៅ លោកស្រី មូរ សុខហួរ គឺស្ថិតក្នុងចំណោមអតីត​មេដឹកនាំជាន់ខ្ពស់​​ច្រើននាក់ផ្សេងទៀត ដែលកំពុងរងបណ្ដឹងជាច្រើនករណី នៅក្នុងតុលាការកម្ពុជា​​។ ដីកាចាប់ ខ្លួន​លោកស្រី មូរ សុខហួរ និងអតីតថ្នាក់ដឹកនាំកំពូលៗដទៃទៀត ក៏តុលាការ​ ប្រគល់ ឲ្យប៉ូលិសរួចហើយ​។

​​​អតីតមេដឹកនាំបក្សប្រឆាំង នៅក្រៅប្រទេស មានទាំងលោកស្រី មូរ សុខហួរ ក្រោមការដឹកនាំ របស់លោកសមរង្ស៊ី ត្រូវបានតុលាការកម្ពុជា ចោទប្រកាន់ពី​បទធ្វើសកម្មភាពក្នុងការធ្វើឲ្យ មានរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល តាមរយៈការ​អំពាវនាវ​ឲ្យកងកម្លាំងប្រដាប់អាវុធ​ បែរ កាណុង ទៅនាយករដ្ឋមន្ត្រី ដែលកើត​ចេញពីការបោះឆ្នោត។

ការបញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់អតីតថ្នាក់ដឹកនាំអតីតបក្សប្រឆាំង មានទាំង​លោក ស្រី មូរ សុខហួរ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ក្រុមអតីត មេបក្ស ប្រឆាំង គឺជាជនល្មើស និងជាអ្នកដែលមានដីការបង្គាប់ឱ្យចាប់ខ្លួន ដែល​ជាគោល ការណ៍ ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ​អនុវត្តជាទូទៅ ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលដៅរារាំង និងទប់ស្កាត់ជនល្មើសទាំងនោះ កុំឱ្យមានលទ្ធភាព រត់គេចខ្លួនបានពីប្រទេសមួយ ទៅប្រទេសមួយទៀត និងដើម្បីអាចចាប់ខ្លួន និងឃាត់ខ្លួនជន ល្មើសទាំងនោះយកមកអនុវត្តទោស តាមនីតិវិធីច្បាប់ នៅប្រទេសសាមី ដែលស្នើសុំ វិញបាន។ ​

​​យ៉ាងណាក៏ដោយ ករណី​លោកស្រី មូរ សុខហួរ និងអតីតថ្នាក់ដឹកនាំ​គណបក្សប្រឆាំងនេះ រាជរដ្ឋាភិបាល​កម្ពុជា មិនបានតាមចាប់ខ្លួន​ដល់ស្រុកគេនោះទេ។ តែវិធានការជាច្រើន​របស់រាជរដ្ឋាភិបាល ត្រូវបានដាក់​ចេញ ដើម្បីត្រៀមទល់​ស្កាត់​ការប៉ុនប៉ងវិលត្រឡប់របស់​លោកស្រីមូរសុខហួរ នាថ្ងៃទី១៥-១៧មករា ឆ្នាំ២០២១​ ដូចករណី​លោកសមរង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ ដែរ​។

កាលណោះ មិនត្រឹមតែ​មិនបានមកកម្ពុជា​តាមការប្រកាស​ទេ តែលោកសមរង្ស៊ី បានធ្វើ​ឲ្យសកម្មជន​ជាច្រើននៅក្នុងស្រុក ត្រូវជាប់ឃុំ និងខ្លះជាប់​បណ្តឹង​ នៅតុលាការ ដែល​កំពុង​ដំណើរការ​កាត់ទោស មកដល់សព្វថ្ងៃ​។

​លោកស្រី មូរ សុខហួរ ​ជាមនុស្សម្នាក់ ក្នុងចំណោមថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះ ជាតិចំនួន ៣៩នាក់ ដែលត្រូវក្រសួងការបរទេស​កម្ពុជា ធ្វើមោឃភាព​លិខិតឆ្លងដែនខ្មែរ​របស់ ពួកគេ កាលពីចុងឆ្នាំ២០១៩ ។

​​លោកស្រី មូរ សុខហួរ ​មានសញ្ជាតិអាមេរិកាំង កំពុងពឹងលើលិខិតឆ្លងដែនអាមេរិកាំង ដើម្បីធ្វើដំណើរមកកម្ពុជា តាមអ្វីដែលលោកស្រី អះអាង​។ លោកស្រី មូរ សុខហួរ ​ប្រកាសថា នឹងរកគ្រប់មធ្យោបាយវិលមកកម្ពុជាវិញ ​ដើម្បីវិលមក​តតាំង ជាមួយប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។

ប៉ុន្តែ​គម្រោងមាតុភូមិនិវត្តន៍​របស់​លោកស្រី មូរ សុខហួរ ​ក៏ទំនងជាមិនខុសពី​ករណី​លោកសមរង្ស៊ី ប៉ុន្មានឡើយ។ ជាគម្រោងមាតុភូមិនិវត្តន៍​ បែប​បោកប្រាស់​អ្នកគាំទ្រ​ប៉ុណ្ណោះ។ បោកប្រាស់ហើយ មិនមានកំហុសទៀត ព្រោះបានទម្លាក់កំហុសនោះ ​មក​ពីរាជរដ្ឋាភិបាល​កម្ពុជាថា បានរារាំង តាមរយៈ​ការធ្វើមោឃភាព​លិខិតឆ្លងដែន ឬក៏ដាក់​កម្លាំងទប់ស្កាត់ ជាដើម។​ល។

បើទុក​ជាលោកស្រី មូរ សុខហួរ មានលទ្ធភាព​អាចវិលត្រឡប់​មកដល់ភ្នំពេញបានមែន នោះគឺ​លោកស្រី ក៏ដូចជា​អតីតថ្នាក់ដឹកនាំបក្សប្រឆាំងដទៃទៀត រួមទាំង​លោកសមរង្ស៊ី តើមាន​សេចក្តីក្លាហាន នឹង​ទៅដេកគុក​ព្រៃស ដែរ ឬទេ? ខណៈដែល​អ្នកទាំងនោះ មាន​ដីកាចាប់ខ្លួន​ ក្នុងសំណុំរឿង​ជាច្រើនរួចហើយ​។​

ទៅថ្ងៃមុខ ច្បាស់ណាស់ថា អស់ពីលោកស្រី មូរ សុខហួរ ក៏នៅមានលោក អេង ឆៃអ៊ាង ឬក៏លោកនេះ លោកស្រីនោះថែមទៀត ដែលនឹងប្រកាសពីគម្រោង​មាតុភូមិនិវត្ត​វិលចូល​ស្រុកវិញ។ ដំណឹង​នៃ​គម្រោងមាតុភូមិនិវត្តនេះ បក្សប្រឆាំង​ មិនខាតបង់ឡើយ​ ទោះជា ជិះយន្តហោះ បានមកដល់ភ្នំពេញ ឬក៏មិនអាចមកក៏ដោយ​។

រីឯរាជរដ្ឋាភិបាល ចាំតែខាតរហូត។ បើមិនខាត​អ្វីទេ ក៏ខាតពេល ​និងចាត់កម្លាំង​យាម​កាម​ ត្រៀមការពារ​សន្តិសុខដល់​អតីត​ថ្នាក់ដឹកនាំបក្សប្រឆាំងទាំងនោះដែរ​។

ករណីលោកស្រី មូរ សុខហួរ នេះ កងកម្លាំង​ប៉ូលិសជាច្រើននាក់ ត្រូវបានចាត់​តាំង​ឲ្យយាមប្រចាំការឆ្លាស់វេនគ្នា ២៤ម៉ោង លើ ២៤ម៉ោង ទាំងយប់ និងទាំងថ្ងៃ​ នៅអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២០ រហូតមកដល់​ពេល​នេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ ល្បែងនយោបាយ​មួយនេះ អាចនឹងសាបរលាប ទៅតាម​ពេលវេលា ដូចដែលអ្វីដែលបានកើតឡើង ចំពោះលោក សម រង្ស៊ី។

ល្បិចកលនយោបាយ ដែលមានការភូតភរ នឹងធ្វើអោយខាតបង់រយៈពេលវែង ដោយសារតែវានឹងអាចធ្វើអោយសឹករិចរិលដល់ការទុកចិត្តពីអ្នកគាំទ្រ៕ ដោយ៖ មុត ស្រីពៅ