ខេត្តក្រចេះ ៖ ផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១៨និង៣៥នាទីយប់ ថ្ងៃទី១៣ មករា ស្ថិតនៅក្នុងភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដោយបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច បានហៅរថយន្ដពន្លត់ភ្លាមៗ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យខាងលើ មិនមានមនុស្សណាម្នាក់គ្រោះថ្នាក់នោះទេ តែផ្ទះទំហំ 5m x 6m ធ្វើអំពីឈើប្រក់សង្ក័សី (ឆេះអស់ទាំងស្រុង) ដោយខូចខាតសម្ភារៈរួមមាន ទូរឬស្សន៍ចំនួន១គ្រឿង, សំលៀកបំពាក់, គ្រែ០១, និងគ្រឿងឈើទុកសម្រាប់ធ្វើផ្ទះចំនួន ០៣ម៉ែត្រគីប គិតជាទឹកប្រាប់ប្រមាណជា 5,000$ (ដុល្លារ)មាន ចំនួន០១ខ្នង ដែលមានម្ចាស់ផ្ទះឈ្មោះ សឿន សំ ភេទប្រុស អាយុ២៣ឆ្នាំ
(កំព្រាឪពុកម្ដាយ) ។
លោក ជួន រិទ្ធ ចៅសង្កាត់អូរឫស្សី បានឲ្យដឹងថា ករណីអគ្គិភ័យនោះកើតឡើងបណ្ដាលមកពីឆ្លងចរន្តភ្លើងផ្សែងខ្មួរខ្មាញ់ហើយទើបភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ និងរាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកធ្វើអន្តរាគមន៍។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍ខាងលើនេះ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យអធិការដ្ឋានក្រុងចំនួន០១គ្រឿង ធ្វើអន្តរាគមន៍បាញ់ពន្លត់ ធ្វើឲ្យរលត់ទាំងស្រុងវិញនៅវេលាម៉ោង១៩:៣០នាទី ក្នុងថ្ងៃដដែល និងមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡើយ។
ចែករំលែកព័តមាននេះ