ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩៖ ខេត្តជាប់ព្រំដែនថៃ មានហានិភ័យខ្ពស់ តម្រូវអោយប្រយ័ត្នខ្លាំង!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១​ ក្រសួងសុខាភិបាល​ បានប្រកាស​ថា ​មានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦នាក់ទៀត ដែលជាស្ត្រីពលករខ្មែរយើង…

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១​ ក្រសួងសុខាភិបាល​ បានប្រកាស​ថា ​មានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦នាក់ទៀត ដែលជាស្ត្រីពលករខ្មែរយើង ធ្វើដំណើរ​មកពីប្រទេសថៃ។​

សេចក្តីប្រកាសព័ត៌មាន​រៀងរាល់ព្រឹករបស់អ្នកនាំពាក្យក្រសួងសុខាភិបាល បង្ហាញថា ស្ត្រីពលករ​ទាំង ៦នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩​នោះ មានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣៦ឆ្នាំ មានស្រុកកំណើត នៅបាត់ដំបង និងនៅ​ខេត្តព្រៃវែង។ ពួកគាត់​ បានធ្វើដំណើរ មកពីប្រទេសថៃ ចូលមកដល់កម្ពុជា នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តាមច្រក​ព្រំដែន ខេត្ត​បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​។

គិត​មកដល់ព្រឹកថ្ងៃទី១៣ ខែមករា​ មានពលករខ្មែរ មកពីប្រទេសថៃ រកឃើញកើត​ជំងឺកូវីដ១៩ សរុបចំនួន ៣៣​នាក់។ ប៉ុន្តែ​ក៏​មានពលករ ១២នាក់ហើយ ត្រូវបានព្យាបាល​ជាសះស្បើយ ពីជំងឺ​កូវីដ១៩​។

ដោយឡែក នៅទូទាំងប្រទេស គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៣ ខែមករា មានអ្នកឆ្លងជំងឺ កូវីដ​១៩ សរុប ៣៩៨នាក់។ ក្នុងនោះ មានអ្នកជាសះស្បើយ ៣៧៦​នាក់ និង ២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

បើយើង​មើលតាមប្រកាសព័ត៌មាន​រៀងរាល់ព្រឹករបស់អ្នកនាំពាក្យក្រសួងសុខាភិបាល គឺ​លទ្ធផល​នៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើពលករ​ខ្មែរ ដែលបានឆ្លងដែន ចេញពី ប្រទេសថៃ ចូលមកស្រុកកំណើត តាមព្រំដែនគោក គឺ​ត្រូវចំណាយពេលយូរជាង អ្នកចូល​តាមយន្តហោះ​។ អ្នកដំណើរតាមយន្តហោះ មកកម្ពុជា ត្រឹមតែ ១ថ្ងៃ គឺអាចដឹងលទ្ធផល​នៃការធ្វើតេស្តរកមេរោគកូវីដ១៩ហើយ។​

សម្រាប់ពលករខ្មែរ ដែលចេញពីប្រទេសថៃ ចូល​មកកាន់ស្រុកកំណើតតាមច្រកព្រំដែន​គោក នៅក្នុងខេត្តកោះកុង ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ គឺត្រូវចំណាយពេលចាប់ពី ២ ទៅ ៣ថ្ងៃ ហើយខ្លះ​ដល់ទៅ ៤ថ្ងៃ ក៏មាន ទើបអាចដឹងលទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩​។ ពោលគឺ​​វត្ថុសំណាកទាំងនោះ ត្រូវបាន​គេ​ដឹកជញ្ជូន​តាមរថយន្តពីច្រកព្រំដែន​ តាមបណ្តា​ខេត្តនានា មកកាន់វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា នៅភ្នំពេញ​។

ការដឹកជញ្ជូននេះ ត្រូវចំណាយពេលយ៉ាងហោចណាស់ ១ថ្ងៃ​ ហើយ​ការពិនិត្យ​វិភាគ នៅប៉ាស្ទ័រ ត្រូវចំណាយពេល ១ថ្ងៃទៀត។ ដូច្នេះ​​លឿនបំផុត ក៏ត្រូវ​ចំណាយពេលដល់​ទៅ ២ថ្ងៃដែរ ទើបគេអាចដឹង​លទ្ធផល​ធ្វើតេស្ត​លើពលករខ្មែរ ដែល​ចូល​តាមច្រក​ព្រំដែន​គោក រវាងកម្ពុជា និងថៃ​។ នេះយើងគិតថា លទ្ធផល នឹងត្រូវបញ្ជូន​ត្រឡប់​ទៅវិញលឿន ដោយប្រើប្រាស់​ខ្សែទំនាក់ទំនងពិសេស ឬក៏តាមប្រព័ន្ធតេឡេក្រាម រវាងខ្សែបណ្តោយ​របស់មន្ទីរសុខាភិបាល ឬក៏អាជ្ញាធរ​ខេត្តពាក់ព័ន្ធ​ទាំង​អស់​នោះ​ ដោយមិន​ចាំបាច់ដល់ថ្នាក់​យកឯកសារជាក្រដាស​ ដឹកជញ្ជូន​​តាម​ឡាន ចេញពី​ភ្នំពេញវិញនោះទេ​។

​​គិតចាប់​ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០  រាជរដ្ឋាភិបាល ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន ​បានដាក់ចេញនូវ​វិធានការបន្ទាន់ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ​១៩ ពីប្រទេសថៃ ចូលមកកម្ពុជាយើង​ ខណៈដែលថៃ ផ្ទុះការ​ឆ្លង​រាលដាលសហគមន៍ នៅខេត្តសាមុតសាខុន។​

ការរឹតបន្តឹង​តាមច្រកព្រំដែន​គោក ត្រូវបានធ្វើឡើង ដោយអាជ្ញាធរសមត្ថកិច្ច ពិសេស​ក្រុមគ្រូពេទ្យ​ បានប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បី​ត្រួតពិនិត្យសុខភាព​លើអ្នក​ដំណើរ ចូលមកកម្ពុជា ដែលជាពលករខ្មែរ​យើង​។ ក្រៅពីពិនិត្យសុខភាព យកវត្ថុ​សំណាក​ ដើម្បីធ្វើតេស្ត រកមេរោគកូវីដ១៩ គឺពលករទាំងអស់ ត្រូវបាន​ដឹកជញ្ជូន​តាមរថយន្តយោធា ទាំងឡានៗ ចេញពីច្រកព្រំដែន​ តាមបណ្តាខេត្តជាប់ព្រំដែនថៃ ទៅកាន់មណ្ឌលចត្តាឡីស័ក ដែលគេរៀប​ចំនៅតាមបណ្តាខេត្តទាំងនោះ។​

ដំបូងៗ មានករណី​ពលករឆ្លងដែន រួច​ធ្លាយ​ ទៅដល់​ស្រុកកំណើតខ្លះដែរ​។ មួយចំនួនធំទៀត ត្រូវបាន​គេដឹកជញ្ជូនតាមរថយន្តយោធា យកពលករ ដែលបាន​ធ្វើតេស្តរួច មិនមានវីរុសកូវីដ១៩ យកទៅធ្វើចត្តាឡីស័ក នៅតាមខេត្ត​ស្រុក​កំណើតរបស់ពលករទាំងនោះ។ តែ​ចំណាត់​ការដំបូងៗនេះ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសហាមឃាត់ និងបញ្ឈប់​ការដឹកជញ្ជូន​ពលករទាំងនោះ ចេញពីព្រំដែនទៀត ហើយតម្រូវ​ឲ្យធ្វើចត្តាឡីស័ក គ្រប់រយៈពេល ១៤ថ្ងៃ នៅខេត្តជាប់​ព្រំដែន​ថៃតែម្តង​។​ ធ្វើដូច្នេះ ដើម្បីការពារ​ ក្រែងលោ​ថ្លោះធ្លោយ​ ​ដោយប្រការណាមួយ នាំ​ឲ្យឆ្លងចូល​សហគមន៍​នៅកម្ពុជាយើង​ជាថ្មី​។

ចំណាត់ការនេះ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព​ និងមានទំនុកចិត្តជាងមុន​។ ប៉ុន្តែ​បណ្តាខេត្តជាប់ព្រំដែនថៃ ក្នុងអំឡុងពេលនេះ និងបន្តទៅមុខទៀត ក៏មិនត្រូវ​ប្រហែស​ ឬ​ព្រលែងដៃ​ឡើយ។ មូលហេតុ ដែល​មិនត្រូវប្រហែស ដោយសារតែអ្នកកើត​ជំងឺកូវីដ១៩ ដែលជាពលករខ្មែរ បន្តរកឃើញ​ជាបន្តបន្ទាប់ ហើយ​ទាល់តែ ២-៣ ថ្ងៃ រហូតដល់ករណី​ខ្លះ ៤ថ្ងៃ ទើបលទ្ធផលធ្លាក់មក​ថែមទៀត។

ដូច្នេះ​អំឡុងពេល​រង់ចាំលទ្ធផល​ធ្វើតេស្តនេះ ទាមទារ​ឲ្យ​អាជ្ញាធរសមត្ថកិច្ចខេត្ត ជាប់​ព្រំដែន​ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់​។ ពោលគឺ​ចាប់តាំងពីមាត់ច្រក​ព្រំដែន រហូតដល់​ត្រួតពិនិត្យសុខភាពពលករ និង​អ្នកដំណើរ មកពីថៃ ត្រូវធ្វើដោយ​ប្រុង​ប្រយ័ត្នខ្ពស់។

ការដឹកជញ្ជូន​ ចេញពីច្រកព្រំដែន ទៅកាន់​មណ្ឌលចត្តាឡីស័ក រួមទាំង​ការស្នាក់នៅ​ក្នុង មណ្ឌលចត្តាឡីស័ក ក៏ត្រូវ​រក្សា​ឲ្យបាននូវវិធានសុខាភិបាលយ៉ាងហ្មត់ចត់​ តាមរយៈពាក់​ម៉ាសជានិច្ច ទាំងអស់គ្នា ឧស្សាហ៍​ឲ្យពលករលាងសម្អាតដៃ ពិសេសបាញ់អាល់កុល ឬជែលសម្លាប់មេរោគ និងត្រូវរក្សាគម្លាត​ជាចាំបាច់ យ៉ាងតិចបំផុត ១ម៉ែត្រកន្លះ ពីម្នាក់ ទៅម្នាក់។

នៅពេលតម្រង់ជួរបំពេញបែបបទ​ ក៏ដូចជាអង្គុយរង់ចាំវាស់កម្តៅ យកវត្ថុសំណាក រហូត​ដល់ពេលឡើងឡាន ក៏ទាមទារ​ឲ្យ​រក្សាគម្លាត ​ជាចាំបាច់បំផុត​។ ឡានកងទ័ពដឹក ជញ្ជូន​ពលករ និងអ្នក​ដំណើរចេញពីច្រកព្រំដែននានា ទៅកាន់មណ្ឌលចត្តាឡីស័ក ក៏កុំ​ដាក់​ផ្ទុកមនុស្ស​ច្រើន រហូតដល់ប្រជ្រៀត​គ្នា​ឲ្យសោះ​។ ស៊ូ​ដឹកជញ្ជូន​ច្រើនជើងចុះ ដើម្បី​ការពារថា ក្រែងលោ​ មួយក្រុមណានោះ មាននរណាម្នាក់ កើតកូវីដ១៩ ដែលយើង​មិន​ទាន់ដឹងលទ្ធផល តែបែរយើងប្រហែស​តែបន្តិច នោះអាចនឹងនាំ​ឲ្យមានអ្នកឆ្លង​ច្រើន​នាក់​ ក្នុងពេល​រង់ចាំលទ្ធផលធ្វើតេស្ត​នេះ​។

មួយវិញទៀត អាជ្ញាធរសមត្ថកិច្ច នៅខេត្តជាប់ព្រំដែនថៃ​ ពិសេសខេត្តទាំង ៦ ដូចបានរៀបរាប់ខាងលើ ក៏ត្រូវចាត់កម្លាំង​យាមល្បាត​ឲ្យបានហ្មត់ចត់ថែមទៀត តាមព្រំដែន ពិសេសនៅច្រករបៀង​នានា កុំ​ឲ្យមានអ្នកលួចឆ្លងដែន​ខុសច្បាប់​។ ពេលនេះ តាមច្រក​ព្រំដែនផ្លូវការ យើង​បានគ្រប់គ្រង​បានល្អប្រសើរហើយ លើវិធានការ​រឹតបន្តឹង និងការត្រួត​ពិនិត្យ ដោយមិនមាននរណាម្នាក់ របូតរួចពីការត្រួតពិនិត្យ និងការ​ធ្វើចត្តាឡីស័កនោះទេ​។

ប៉ុន្តែ​បើសិនជាអាជ្ញាធរសមត្ថកិច្ចប្រហែសតែបន្តិច រួចរបូត​ពលករណា ចេញពីថៃ តាមច្រក​របៀង ឬក៏ច្រកព្រំដែនណាមួយ ដោយមិនបានដឹង ហើយ​ចូលដល់​ក្នុងប្រទេសយើង រហូតដល់​ស្រុកកំណើត។​ នោះជាបញ្ហា។ បើសិនជាអ្នកនោះ ម្នាក់ ឬក៏ច្រើននាក់ មិនមានកើតកូវីដ១៩ គឺមិនអីទេ។ តែផ្ទុយទៅវិញ បើជននោះ កើត​កូវីដ១៩ ហើយ​មិនបានដឹង បែរជាទៅពួនសង្ ងំ​រហូតដល់​ស្រុកកំណើត នោះនឹងនាំ​ឲ្យ​ឆ្លងរាលដាល​ទៅក្រុមគ្រួសារ ហើយក៏អាច​ឆ្លងបន្ត​នៅ តាមសហគមន៍ផ្ទៃក្នុង​ប្រទេស​យើងជាមិនខាន​។

យ៉ាង​ណា​ក៏​ដោយ​ចុះ ក្នុងករណី​មានអ្នកធ្លាយ​ចូល​ពីថៃ ទៅ​ដល់ផ្ទះ​នៅស្រុក​កំណើត តាមបណ្តាខេត្តនានាមែននោះ ក៏គួរតែ​បុគ្គលនោះឯង ក៏ដូចជាក្រុមគ្រួសារ ឬក៏អ្នកជិត​ខាង រាយការណ៍បន្ទាន់ ទៅកាន់អាជ្ញាធរភូមិឃុំ​សង្កាត់ ដើម្បី​ឲ្យគ្រូពេទ្យ ចុះជួបអប់រំ​ណែនាំ និងយកវត្ថុសំណាក ទៅពិនិត្យវិភាគ ធ្វើតេស្តរកមេរោគកូវីដ១៩​។ ករណីនេះ កើត​មានរួចមកហើយ កន្លងមក ហើយក៏​ត្រូវបានចាត់វិធានការទាន់ពេលវេលា នៅមូលដ្ឋាន​ផងដែរ​។

សូមបន្តរួមគ្នា ទាំង​អាជ្ញាធរសមត្ថកិច្ច ក្រុមគ្រូពេទ្យ​ ទាំងថ្នាក់ជាតិ ទាំង​ថ្នាក់ខេត្ត ពិសេស​​នៅតាមច្រកព្រំដែន​ទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែល​បាន​ឆ្លងដែនមកពីថៃ ដើម្បីយើងបន្តរួមគ្នាទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងប្រទេស​យើង​ ដូចអ្វីដែល​យើង បានធ្វើ​ដោយជោគជ័យ ​ក្នុងរយៈពេល​ ១ឆ្នាំ​កន្លងមកនេះ។

នោះគឺ​ទោះបីជា​យើងរកឃើញមានអ្នកកើតជំងឺកូវីដ១៩ រហូតដល់ទៅជិត ៤០០នាក់ ប៉ុន្តែ​​កម្ពុជាយើង មិនមានការឆ្លង​ធ្ងន់ធ្ងរ រហូតដល់ទប់ស្កាត់ និងគ្រប់គ្រង​លែង​បាន​នោះទេ​ ហើយរឹតតែពិសេសទៀត គឺ​កម្ពុជា មិនទាន់មាននរណាម្នាក់ ស្លាប់ដោយ​ជំងឺកូវីឌ១៩ ឡើយ៕ ដោយ៖ មុត ស្រីពៅ