ខេត្តឧត្ដរមានជ័យ ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើល និងកោតសរសើរពីសម្រស់អនាគតភរិយារបស់អន្ទិត ប៊ុន សាលួត គឺកញ្ញា វេង សុខៈរក្ស ថាមានសម្រស់ស្អាតមិនចាញ់តារាភាពយន្តនោះទេ ដោយបានភ្ជាប់ពាក្យកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
គួរជម្រាបថា ព្រះមេគណខេត្តឧត្តរមានជ័យ និងជាប្រធានសហគមន៍ព្រៃសង្ឃរុក្ខវ័ន ព្រះភិក្ខុ ប៊ុន សាលួត ដែលពុទ្ធបរិស័ទ្ធនិយមហៅ«លោកឪ» បានលាចាកសិក្ខាបទនៅថ្ងៃទី២៦ វិច្ឆិកា ២០២០ កន្លងទៅ ក្រោយបួសជាច្រើនវស្សា និងចំណាយពេលភាគច្រើន នៃភេទជាសង្ឃ ដើម្បីការពារព្រៃឈើ ។ ព្រះអង្គ ប៊ុន សាលួត មានព្រះជន្ម៥២ព្រះវស្សា បានបួសជាព្រះសង្ឃ ៣០ព្រះវស្សា ហើយបានចំណាយពេលចំនួន ២០ព្រះវស្សាការពារព្រៃឈើសង្ឃរុក្ខវ័ន្ត ។
អ្វីដែលគួរចាប់អារម្មណ៍ ក្រោយលាចាកសិក្ខាបទបានប្រមាណជាង ១ខែ កន្លងទៅនេះ ស្រាប់តែអន្ទិត ប៊ុន សាលួត បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ដោយបានភ្ជាប់ពាក្យគូដណ្ដឹង មានរូបឆោមលោមពណ៌ដ៏ស្រស់សោភា ឈ្មោះ វេង សុខៈរក្ស អាយុ១៩ឆ្នាំ រស់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ នាងមានបងប្អូន៣នាក់ នៅក្នុងគ្រួសារ មុខរបរលក់ដូរនៅក្នុងផ្សារជាមួយម្ដាយនាង និងមានឪពុកជាមន្ត្រីប៉េអឹម ហើយនឹងត្រូវចូលរោងការនៅថ្ងៃទី១៧-១៨ ខែកុម្ភ: ឆ្នាំ២០២១ ខាងមុខនេះហើយ ។
លោកឪ ប៊ុន សាលួត បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១២ មករា ២០២១ អោយដឹងថា ការដែលគូដណ្ដឹងវ័យក្មេង ព្រមភ្ជាប់ពាក្យ និងត្រៀមរៀបការជាមួយលោក ដែលមានអាយុឃ្លាតឆ្ងាយពីនាង ដូចជីតានិងចៅនេះ មិនមែនដោយសារ មានការបង្ខិតបង្ខំពីឪពុកម្ដាយនាងទេ គឺជាការពេញចិត្ត ដោយខ្លួននាងផ្ទាល់ ព្រោះលោកបានសាកសួរអស់ហើយ ក្នុងរយៈពេលខ្លី ដែលបានស្គាល់គ្នា មុននឹងឈានដល់ការភ្ជាប់ពាក្យនេះ ។
ជាមួយនេះ លោកក៏សូមអរគុណដល់អ្នកទាំងឡាយដែលបានជូនពរនេះ ដោយលោកនិយាយថា «បាទ! ខ្ញុំត្រេកអរណាស់ ចំពោះបងប្អូនទូទាំងប្រទេស ដែលបានជូនពរខ្ញុំ ដោយសារនេះក្នុងព្រះពុទ្ធសាសនាហៅថា និស្ស័យ ហៅថាគូព្រេង ហើយឃើញថា ខ្ញុំមានគូស្រករមានអី ចេះចាប់ដៃគ្នា ហើយខ្ញុំគ្មានអីទេ មានតែថ្លែងអំណរអរគុណ និងជូនពរបួងសួងទេវតាឆ្នាំថ្មី ហើយបារមីព្រះអង្គតាមថែរក្សានូវញាតិញោមទាំងអស់ដែលជូនពរខ្ញុំ បន្ទាប់ពីខ្ញុំបានភ្ជាប់ពាក្យកាលពីម្សិល (១១ មករា) ហ្នឹង ។ គោលបំណងខ្ញុំ ចង់រៀបការដល់ខែវស្សា ឯណោះ គឺចង់ឲ្យក្មួយៗបង្កើតរបស់ខ្ញុំ រៀបការមុនអស់សិន ប៉ុន្តែឪពុកម្ដាយគេ ក៏ឯកភាពគ្នាឲ្យខ្ញុំមុនទៅ ព្រោះមាចាស់ហើយ ឯក្មួយៗចាំក្រោយ» ។
លោកឪ បានមានប្រសាសន៍ថា ចំពោះខ្ញុំ និងគូដណ្ដឹងខ្ញុំនោះ ស្គាល់គ្នារយៈពេលខ្លីទេ ប៉ុន្តែខ្ញុំសង្កេតឃើញចរិតគាត់ ទី១ គាត់មិនដែលចេះដើរទៅណា ទៅណី ពេលយប់ព្រលប់ ទោះបីគាត់ទៅណា គាត់សុំឪពុកម្ដាយគាត់ ហើយទោះបី គាត់ស្គាល់ខ្ញុំ ទើបបានថ្មីថ្មោងមែន តែពេលគាត់ទៅណាញ៉ាំអី ក៏គាត់ប្រាប់ខ្ញុំ ។ ទី២ ការងារគាត់ អាចជំនួសឪពុកម្ដាយបាន គឺគាត់អត់បានរៀនច្រើនទេ ដោយសារម្ដាយគាត់ឈឺ គាត់ក៏ឈប់រៀន មកជួយឪពុកគាត់ទៅ ធ្វើឲ្យឪពុកគាត់ស្រួល ព្រោះគាត់ជួយដៃជើងបានមែន ជាពិសេសជួយលក់ដូរម្ដាយគាត់» ។
អន្ទិត ប៊ុន សាលួត បន្តថា «អាហ្នឹងជាគូរបស់ខ្ញុំហើយៗគាត់ទទួលយកយើងបាន យើងកោតសរសើរដែរ ដោយខ្ញុំនិយាយមួយម៉ាត់ទេ ទោះបីគេជឿខ្ញុំ មិនជឿខ្ញុំ ក៏ខ្ញុំអ្នកបួស ខ្ញុំមានសច្ចធម៌ ខ្ញុំអ្នកកាន់សច្ចធម៌ ។ កាលដើម ខ្ញុំគិតថា គាត់ទទួលយកខ្ញុំមិនបានទេ ដោយសារខ្ញុំ ចាស់ជាងគាត់ច្រើន ប៉ុន្តែគាត់ទទួលយកយើងបាន ហើយទទួលយកបាននេះ មិនមែនដោយសារគេ ឪពុកម្ដាយគាត់បង្ខិតបង្ខំទេ ។ ខ្ញុំបាននិយាយជាមួយនាង នៅមុខម៉ែឪគេ គ្រួសារគេទាំងអស់ថា បើចៅឯងមានការបង្ខិតបង្ខំ ខ្ញុំមិនអាចទទួលយកបានទេ ព្រោះខ្ញុំត្រូវការស្អាត គាត់ក៏ត្រូវការស្អាត បើថាមានសង្សារ មានអីហើយក៏ដោយ ឲ្យឆ្លើយប្រាប់ខ្ញុំត្រង់ ហើយបើឪពុកម្ដាយបង្ខិតបង្ខំ ឲ្យឆ្លើយប្រាប់ខ្ញុំត្រង់ដែរ ព្រោះខ្ញុំអត់ចង់បានការបង្ខិតបង្ខំទេ តែគាត់ឆ្លើយថា គ្មានការបង្ខិតបង្ខំទេ តែអ្វីនាងពេញចិត្តខ្ញុំ ដោយសារខ្ញុំជាមនុស្សចាស់ បានបួសច្រើន មិនខ្លាចរៀបការហើយ ប្រើអំពើហិង្សា ព្រោះគាត់ឃើញប្ដីប្រពន្ធគេ នៅជិតផ្ទះ វ៉ៃតប់គ្នា ទើបគាត់ប្រើពាក្យអ៊ីចឹង ហើយខ្ញុំសូរទៀតថា បើស្រឡាញ់ខ្ញុំ តើខ្លាចគេសើច គេយំដែរ ?
នាងឆ្លើយថា ទៅខ្លាចគេសើចគេយំធ្វើអី ! ព្រោះមានទៅយកលុយគេឯណា សុំបាយគេស៊ីឯណា ពេលយើងបានសុខ មានគេឲ្យសុខយើងឯណា! គាត់និយាយអ៊ីចឹង ធ្វើឲ្យកាន់តែមានទំនុកចិត្ត ជឿជាក់លើគាត់ ហើយធ្វើឲ្យខ្ញុំទទួលយកគាត់បាន ហើយខ្ញុំជឿជាក់ថា គាត់មិននិយាយដោយល្បិចកលទេ ព្រោះខ្ញុំថា បើស្រឡាញ់គ្នា ស្រឡាញ់ឲ្យដល់ចប់ ចាស់កោងខ្នងរៀងខ្លួន ហើយគាត់ថា គាត់ទទួលយកបាន ។
ដូច្នេះខ្ញុំអរគុណច្រើន ហើយសូមជូនពរគាត់ឲ្យសុខភាពល្អ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន រកស៊ីមានបានជាមួយនឹងខ្ញុំ ត្រជាក់ត្រជំ ហើយ និងអ្នកដែលគាំទ្រខ្ញុំ ក៏សុំឲ្យរកស៊ីមានបានទាំងអស់គ្នា សុខចម្រើនទាំងអស់គ្នា ហើយសុំកុំឲ្យបងប្អូនទាំងអស់ យល់ច្រឡំថា គាត់មានការបង្ខិតបង្ខំពីឪពុកម្ដាយ ទើបព្រមទទួលខ្ញុំ ។ យ៉ាងណា លោកឪ ប៊ុន សាលួត បានបញ្ជាក់ថា “លោកនិងគូដណ្ដឹង នឹងត្រូវរៀបការនៅថ្ងៃទី១៧-១៨ ខែកុម្ភ: ឆ្នាំ២០២១ ខាងមុខនេះហើយ” ៕