ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំងនៅព្រំដែន ក្នុងខេត្ត​ប៉ៃលិន ទទួលជំនួយ ជាស្បៀង​អាហារ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​៖ លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន​ខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់…

ខេត្តប៉ៃលិន​៖ លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន​ខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌល​ប៉ៃលិន អមដំណើរដោយលោកមេបញ្ជាការប្រចាំ​ទិស​ប៉ៃលិន-សំឡូត លោកមេបញ្ជាការសឹករងខេត្ត លោកស្នងការនគរបាលខេត្ត លោក​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត យុវជន ស.ស.យ.ក ខេត្ត បាន​ជួប​សួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនដល់កងកម្លាំង ដែលកំពុងឈរជើង ប្រចាំការនៅ​គោលដៅនានា តាមបណ្តោយខ្សែបន្ទាត់ព្រំដែន រវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ ក្នុងបេសកកម្មទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩​។

មានប្រសាសន៍ក្នុងឱកាសនោះ លោក អ៊ី ឈាន បាននាំនូវ​បណ្តាំផ្ញើសាកសួរ​សុខទក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច​តែងតែគិតគូរពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធ​គ្រប់កាលៈទេសៈ គ្រប់ពេលវេលា​។

លោកក៏បានធ្វើការកោតសរសើរ និងលើកទឹកចិត្ត ចំពោះការលះបង់ទាំងកម្លាំង​កាយចិត្តរបស់កងកម្លាំងទាំងអស់ ព្រមទាំងបានផ្តាំផ្ញើអោយបងប្អូន មានស្មារតីមុះមុត មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង អោយ​បានល្អ ​អោយក្លាយទៅជាសាច់ឈាម​តែមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ និងការពារសុវត្ថិភាពជូនប្រជាពលដ្ឋ ដោយមិនត្រូវគំរាម​កំហែង បំភិតបំភ័យពលករ ពេលឆ្លងដែនមកខ្មែរ ដោយអោយ​ពួកគាត់ ឆ្លងដែនមកតាមសម្រួល រួចរាយការណ៍ទៅគ្រូពេទ្យជំនាញ ដើម្បីនាំពួកគាត់ ទៅមណ្ឌលធ្វើចត្តាឡីស័ក ដែលបានរៀបចំរួច ដោយលោកស្រី​ បាន ស្រីមុំ អភិបាលខេត្ត​។

ក្នុងពេលកំពុងបំពេញបេសកកម្មនេះ កងកម្លាំង ក៏ត្រូវរក្សាសុខភាពអោយបានល្អ អនាម័យ​ តាមការណែនាំរបស់ក្រសួងសុខាភិបាល​ជាប្រចាំ ដើម្បីកុំអោយ​ឆ្លងរីករាលដាលចូលក្នុងគ្រួសារ សហគមន៍យើង ដោយមិនដឹងខ្លួន ព្រោះយើងមិនដឹងថា បេសកកម្មមួយនេះ ចប់នៅពេលណាឡើយ​។

លោក​បានបន្តថា ក្រៅពីបេសកកម្មប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ កងកម្លាំងទាំង ៣ប្រភេទ ក៏ត្រូវតាមដាន និងរក្សាសណ្តាប់ធ្នាប់ សន្តិសុខតាមព្រំដែន ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសឆ្លងដែន និង​ការជួញដូរខុសច្បាប់។

សូមបញ្ជាក់ថា ​ស្បៀងអាហារ និងសម្ភារៈ ដែលបានឧបត្ថម្ភដល់កងកម្លាំងការពារ ក្នុងមួយគោលដៅៗ មានដូចជា​៖ ម៉ាស ៤ប្រអប់ កៅស៊ូតង់ធំ១ អង្ករ ៥០គីឡូ ទឹកស៊ីអ៊ីវ ១យួរ មី៣កេស ត្រីខ ២យួរ ទឹកសុទ្ធដបធំ ៤យួរ ទឹកក្រូច ៣៦ដប ពងទា ២ថាស ជែលអាល់កុល១ឡូតិ៍ និងថវិកាមួយចំនួនផងដែរ​៕ ដោយ​៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ