ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​មិនមែន​ជា​ព្រះ​អាទិទេព​ទេ

3 ឆ្នាំ មុន

ព្រះពុទ្ធ​មាន​ដើម​កំណើត​ជា​មនុស្សលោក​សុទ្ធសាធ​ដូច​មនុស្ស​ដទៃ​ទៀត​ដែរ មិនមែន​ជា​ព្រះ​ឥន្ទ ព្រះព្រហ្ម ឬ​ក៏​ជា​អាទិទេព​ចុះ​ពី​ឋានសួគ៌​មក​ធ្វើ​ជា​ព្រះពុទ្ធ​នោះ​ទេ ។ ព្រះពុទ្ធ​គឺជា​ម្ចាស់​នៃ​ព្រះពុទ្ធ​សាសនា តែ​ដំបូង​ឡើយ​ព្រះពុទ្ធ មិន​ទាន់​មានឈ្មោះ​ថា​ជា​ព្រះពុទ្ធ​នៅឡើយ​ទេ គឺ​ព្រះ​អង្គ​នៅ​ជា​មនុស្ស​ធម្មតា​ដូច​យើង​អ​ញ្ចឹ​ង​ដែរ ។…

ព្រះពុទ្ធ​មាន​ដើម​កំណើត​ជា​មនុស្សលោក​សុទ្ធសាធ​ដូច​មនុស្ស​ដទៃ​ទៀត​ដែរ មិនមែន​ជា​ព្រះ​ឥន្ទ ព្រះព្រហ្ម ឬ​ក៏​ជា​អាទិទេព​ចុះ​ពី​ឋានសួគ៌​មក​ធ្វើ​ជា​ព្រះពុទ្ធ​នោះ​ទេ ។

ព្រះពុទ្ធ​គឺជា​ម្ចាស់​នៃ​ព្រះពុទ្ធ​សាសនា តែ​ដំបូង​ឡើយ​ព្រះពុទ្ធ មិន​ទាន់​មានឈ្មោះ​ថា​ជា​ព្រះពុទ្ធ​នៅឡើយ​ទេ គឺ​ព្រះ​អង្គ​នៅ​ជា​មនុស្ស​ធម្មតា​ដូច​យើង​អ​ញ្ចឹ​ង​ដែរ ។ កាល​នៅ​ជា​គ្រហស្ថ ព្រះ​អង្គ​មាន​នាម​ដើម​ថា សិទ្ធត្ថ ជា​បុត្រា​របស់ ព្រះបាទ​សុទ្ធោទនៈ និង​ព្រះ​នាង​សិរិ​មហាមាយា​ទេវី ដែល​គ្រងរាជ្យសម្បត្តិ​ក្នុង​ក្រុង​កបិល​ភស្តុ​នៃ​ប្រទេស​ឥណ្ឌា ។ ព្រះ​អង្គ​ទ្រង់​ប្រសូត​តាំងពី​ឆ្នាំ​៦២៤ មុន​គ្រិស្តសករាជ ។

ក្នុង​ព្រះ​ជន្ម​១៦​ឆ្នាំ ព្រះ​អង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​ពិម្ពា ជា​ស្រី្ត​មាន​សម្រស់​ល្អ​ផូរផង់​ជាងគេ​បង្អស់​នា​សម័យ​នោះ ហើយ​មាន​បុត្រា​មួយ​អង្គ​ព្រះ​នាម រាហុល ។

លុះដល់​ព្រះ​ជន្ម​២៩​ឆ្នាំ ព្រះ​អង្គ​បាន​ចេញ​សាង​ផ្នួស​ទាំង​កណ្តាលរាត្រី បន្ទាប់​ពី​ព្រះ​អង្គ​ទ្រង់​ឃើញ​នូវ​ទេវទូត​ទាំង​៤ ។ ក្រោយ​សាង​ផ្នួស​ហើយ ព្រះ​អង្គ​ក៏​មិន​ទាន់​មានឈ្មោះ​ថា​ព្រះពុទ្ធ​ដែរ រហូត​អស់​រយៈពេល​៦​ឆ្នាំ​នៃ​ការ​បួស​របស់​ព្រះ​អង្គ​ក្នុង​ការ​ស្វែងរក​ធម៌ គឺ​ការ​ស្វែ​រ​រក​ផ្លូវ​នៃ​ការ​ត្រាស់​ដឹង ដើម្បី​ក្លាយជា​ព្រះពុទ្ធ ទើប​ព្រះ​អង្គ​បាន​សម្រេច​នូវ​សព្វញ្ញុតញ្ញាណ គឺ​ការ​ត្រាស់​ដឹង​នូវ​អ្វី​ៗ​គ្រប់យ៉ាង​ក្នុង​ធម្មជាតិ ពេល​នោះ​ហើយ​ទើប​ព្រះ​អង្គ​មានឈ្មោះ​ថា ព្រះពុទ្ធ ដែល​មាន​ន័យ​ថា​អ្នក​ត្រាស់​ដឹង​ក្នុង​ព្រះ​ជន្មាយុ​៣៥​ឆ្នាំ ។

ក្នុង​រវាង​៤៥​ព្រះ​វស្សា​នៃ​ការ​ត្រាស់​ដឹង ព្រះ​អង្គ​ប្រឹងប្រែង​ទេសនា​អប់រំ​ដល់​សព្វ​សត្វ​ទាំងថ្ងៃទាំងយប់​មិន​ខ្លាច​នឿយហត់​ព្រះ​កាយ​ឡើយ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ទាំងពួង​ទាំង​ឡាយ​រស់នៅ​ជា​សុខ រលត់ទុក្ខ​ក្នុង​ដំណើរ​ជីវិត​រហូត​ព្រះ​ជន្ម​៨០​ឆ្នាំ​ទើប​ព្រះ​អង្គ​បរិនិព្វាន ។
ក្រោយ​ព្រះ​អង្គ​បរិនិព្វាន រាល់​ឱវាទ​អប់រំ​របស់​ព្រះ​អង្គ​ទាំងអស់​ត្រូវ​បាន​សាវក​ប្រមូល​យក​មក​ចងក្រង​ទុកជា​មេរៀន​អប់រំ​ដល់​មនុស្ស​ជំនាន់​ក្រោយ ដែល​យើង​ហៅ​ថា​ព្រះពុទ្ធ​សាស​នា​នេះឯង ។

សរុប​មក​ព្រះពុទ្ធ​គឺជា​អ្នក​ត្រាស់​ដឹង ដែល​ការ​ត្រាស់​ដឹង​នេះ​មាន​ន័យ​ថា​គឺ​ការ​ដឹង​នូវ​អ្វី​ៗ​គ្រប់យ៉ាង​ក្នុង​ធម្មជាតិ​យើង​នេះ និយាយ​ឲ្យ​ងាយ​យល់​គឺ​អ្វី​ៗ​ក៏​ព្រះ​អង្គ​ដឹង​ទាំងអស់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ