ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​ដើមឈើ តែ​ក៏​សូម​ស្រឡាញ់​អាយុជីវិត​ពលរដ្ឋ​ផង !​

3 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ដើមឈើ…

កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ដើមឈើ តាម​បណ្ដោយ​វិ​ថី​ព្រះ​អង្គឌួង និង​វិ​ថី​ក្រមួនស ។

ដោយ​ដើមឈើ​ទាំងនោះ​មាន​អាយុកាល​ច្រើន​ឆ្នាំ និង​បាន​ផ្ដល់​ជា​ម្លប់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ដំណើរ​តាម​វិ​ថី​នេះ​ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្ត​ថែទាំ និង​រក្សា​ទុក​ដើមឈើ​ចំនួន​៣​ដើម ដែល​ចាស់​ទ្រុឌទ្រោម ដោយ​លះ​មែក​ចេញ​មួយ​ចំនួន និង​ធ្វើ​ជើង​ទម្រ​ទប់​ដើម ដើម្បី​ការពារ​គ្រោះថ្នាក់ កើតឡើង​ជាយថាហេតុ ។

កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង ដោយ​គ្រោង​កាប់​ដើមឈើ​ចំនួន​៣​ដើម ចេញពី​សួនច្បារ​មុខ​មន្ទីរពេទ្យ​អង្គឌួង​នោះ ដោយសារ​តែ​ដើមឈើ​ទាំងនោះ មាន​សភាព​ពុក​គល់ ប្រហោង​ក្នុង និង​ដាំ​ដើមឈើ​ថ្មី​ជំនួស ដើម្បី​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជាយថាហេតុ ។ប៉ុន្តែ​ក្រោយ​ពី​ពិនិត្យ​ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្តូរ​មក​រក្សា​ទុក​ដើមឈើ​ទាំងនោះ​វិញ ។

បច្ចុប្បន្ន ដើមឈើ​ធំ​ៗ នៅ​លើ​សួនច្បារ​មុខ​ពេទ្យ​អង្គឌួង ចន្លោះ​ពី​មហាវិថី​ព្រះ​នរោត្តម ដល់​មហាវិថី​ព្រះ​មុនី​វង្ស មាន​ចំនួន​ប្រមាណ ៥០​ដើម ។ ក្នុង​នោះ​ដើមឈើ​ខ្លះ មាន​អាយុកាល​ដល់​ជាង​៣០០​ឆ្នាំ​មក​ហើយ ។ សម្រាប់​ដើមឈើ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដែល​ស្ថិត​នៅ​ជិត​សួនច្បារ​មុខ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង គឺ​មាន​ប្រមាណ​ជា​៨០០​ដើម ហើយ​ដើមឈើ​ទាំងនោះ ភាគច្រើន​មាន​អាយុកាល​ប្រមាណ​ជាង ៥០០​ឆ្នាំ​ហើយ ក្រោម​ការ​មើលថែ​ទាំ ជា​ប្រចាំ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ។

ជា​ការ​ពិត ការ​ថែរក្សា អភិរក្ស​របស់​ដើម​មិន​ថា ដើមឈើ ឬ​អគារ​ជំនាន់​ដើម សម័យ​បារាំង​ជាដើម គឺជា​ការ​ប្រពៃ និង​ជា​ទាក់ទាញ​អ្នកទេសចរ មហាជន ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ថែរក្សា​អភិរក្ស​នេះ ក៏​សូម​ឲ្យ​មន្ត្រី​ជំនាញ ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ធានា​ថា ទុក​ដើមឈើ​ទាំងនោះ ឬ​ក៏​អគារ​ចាស់​បុរាណ​ជំនាន់​មុន គឺ​មិន​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ដល់​អ្នក​ធ្វើ​ដំណើរ និង​អ្នក​រស់នៅ​តំបន់​ទាំងនោះ​ឡើយ​។

ជា​វិធានការ​ចំពោះ​ដើមឈើ​ចាស់​ទ្រុឌទ្រោម​ទាំង​៣​ដើម​នៅ​លើ​សួនច្បារ​កណ្តាលផ្លូវ​ភ្លោះ មុខ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដោយ​ថែទាំ និង​រក្សា​ទុក ដោយ​លះ​មែក​ចេញ​មួយ​ចំនួន និង​ធ្វើ​ជើង​ទម្រ​ទប់​ដើម គឺជា​ការ​រឿង​ល្អ​គួរ​ឲ្យ​សាទរ ។ប៉ុន្តែ​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ សូមព​ន្លឿ​ន​ការងារ​លះ​មែក និង​ធ្វើ​ជើង​ទម្រ​ទប់​ដើម ហើយ​ធ្វើ​ដោយ​បច្ចេកទេស​ត្រឹម​ត្រូវ ដាក់​ដែក ឬ​ឈើ​ទម្រ​ឲ្យ​មាំទាំ ដើម្បី​ធានា​សុវត្ថិភាព​។ គឺ​សុវត្ថិភាព​ទាំង​ដើមឈើ សុវត្ថិភាព​ទាំង​អ្នក​ធ្វើ និង​ធានា​សុវត្ថិភាព​ទាំង​អ្នកដំណើរ រួម​ទាំង​អ្នក​រស់នៅ​ក្បែរ​ៗ​នោះ​ផង ។

កន្លង​មក មានការ​លើក​ឡើងជា​ច្រើន​ថា បើសិនជា​ជន​ណា​ម្នាក់ បើកឡាន​បើក​ម៉ូតូ បុក​ប៉ះ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ និយាយ​ឲ្យ​ចំ​បុក​បាក់​ដើមឈើ ឬ​បង្គោល​ភ្លើង បង្គោល​ផ្លា​ក​សញ្ញា​ចរាចរណ៍ គឺ​ជន​បង្ក​នោះ​ត្រូវ​ចេញ​លុយ​សងការ​ខូចខាត តាម​ការ​តម្រូវ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ។

ប៉ុន្តែ​មហាជន ក៏​តែងតែ​លើក​ជា​សំណួរ​វិញ ហើយ​ជា​សំណួរ ដែល​គ្មាន​ចម្លើយ​ថា នៅ​ពេល​ដើមឈើ បាក់​រលំ សង្កត់​ឡាន​ម៉ូតូ ឬ​ក៏​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​លើ​ប្រជាជន​វិញ ហេតុ​អ្វី​បានជា​អាជ្ញាធរ​សមត្ថកិច្ច មិន​ទទួលខុសត្រូវ ដោយ​ចេញ​លុយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាជន ?

ករណី​ដើមឈើ​ចាស់​ទ្រុឌទ្រោម​ទាំង ៣​ដើម​នេះ ក៏​ដូច​គ្នា បើសិនជា​បង្ក​គ្រោះថ្នាក់ ជាយ​ថាហេតុ​ណាមួយ លើ​ទ្រព្យសម្បត្តិ ឡាន​ម៉ូតូ របស់​ប្រជាពលរដ្ឋ ឬ​ក៏​រលំ​ប៉ះពាល់​ផ្ទះ​របស់​អ្នក​រស់នៅ​ជិត​នោះ ហើយ​រហូត​អាច​ថា ប៉ះពាល់​ដល់​មនុស្ស​ថែម​ទៀត​នោះ តើ​នរណា​ទទួលខុសត្រូវ ? ការ​សង​ទ្រព្យសម្បត្តិ​ខូចខាត ជា​រឿង​មួយ​ហើយ តែបើ​ប៉ះពាល់​រហូត​ដល់​មនុស្ស របួស ពិការ ហើយ​បើ​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​នោះ តើ​អាជ្ញាធរ​សមត្ថ​កិច្ចទទួលខុសត្រូវ​កម្រិត​ណា ? ឬ​ក៏​ជា​ករណី​ប្រធាន​ស័ក្តិ ដោយ​ធម្មជាតិ ?

ការ​លើក​ឡើង​នេះ មិនមែន​ថា ទាល់តែ​អាជ្ញាធរ​សមត្ថកិច្ច កាប់​ដើមឈើ​ទាំងនោះ​ចោល​ឲ្យ​អស់​តែ​ម្តង ទើប​ចប់​បញ្ហា​នោះ​ឡើយ​។ ប៉ុន្តែ​ការ​លើក​ពី​ហានិភ័យ​ដែល​អាច​កើតឡើង​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច មាន​វិធានការ​ហ្មត់ចត់ ពោល​គឺ​ការពារ​ប្រសើរ​ជាង​ព្យាបាល​។ រីឯ​ប្រជាពលរដ្ឋ អ្នកដំណើរ និង​អ្នកមាន​ផ្ទះ ឬ​ត្រូវ​ដើរ​កាត់​តាម​កន្លែង​នោះ គួរតែ​ដឹង ហើយ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ឬ​ក៏​ថា បើ​មិន​ចាំបាច់មិន​ឆ្លងកាត់​តំបន់​នោះ​តែ​ម្តង ។

អ្វី​ៗ​ក៏​ដោយ ទាំង​អាជ្ញាធរ​សមត្ថកិច្ច និង​ទាំង​មន្ត្រី​ជំនាញ​សួនច្បារ ថែរក្សា​ដើម គឺ​ដើម្បី​តែ​ប្រជាពលរដ្ឋ​យើង​បាន​សុខ​ជា​ប៉ុណ្ណោះ​។ ថែរក្សា​ទុក​ដើមឈើ កាប់​លះ​មែក ស្រោច​ទឹក​ផង ហើយ​ថែម​ទាំង​ដាំ​ថែម​ផង ក៏​ដើម្បី​ឲ្យ​ភ្នំពេញ​យើង កាន់តែ​មាន​សោភ័ណ​ភាព ទាក់ទាញ និង​បង្កើត​ពណ៌​ប៉ៃ​តង​កាន់តែ​ច្រើន ដើម្បី​ផ្តល់​ផា​សុខភាព​ដល់​ប្រជាពលរដ្ឋ អ្នក​រស់នៅ​ភ្នំពេញ​តែ​ប៉ុណ្ណោះ​។ ធ្វើ​អ្វី​ក៏​ដោយ ឲ្យ​តែ​ធ្វើ​ដោយ​យកចិត្តទុកដាក់ តាម​បច្ចេកទេស និង​ដោយ​ហ្មត់ចត់ នោះ​លទ្ធផល​នឹង​បាន​គាប់ប្រសើរ​ជា​មិន​ខាន ៕ អត្ថ​បទដោយ៖ មុត ស្រីពៅ

អត្ថបទសរសេរ ដោយ