ខេត្តព្រះវិហារ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាអោយស្នងការរង និងប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តព្រះវិហារ ស្វែងរកចាប់ខ្លួនតៃកុងរថយន្តធុនធំ ដែលកំពុងរត់គេចខ្លួន ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងរងរបួសធ្ងន់ម្នាក់ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកស៊ីម៉ង់ត៍បុកយ៉ាងពេញទំហឹងជាមួយនឹងរថយន្តហាយឡែនឌ័រ ខណៈពេលរថយន្តហាយឡែនឌ័របើកចេញពីស្ថានីយចាក់ប្រេងឥន្ធនៈក្បែរនោះ បណ្តាលឱ្យរថយន្តហាយឡែនឌ័រធ្លាក់ទៅម្ខាងផ្លូវ ហើយស្រពពេលនោះរថយន្តដឹកស៊ីម៉ង់ត៍ក៏រ៉េចង្កូតទៅបុកនឹងម៉ូតូ២គ្រឿងទៀតដែលឈប់នៅខាងស្តាំដៃ បណ្តាលឱ្យបាត់បង់ជីវិតនារី៣នាក់ភ្លាមៗតែម្តង និងស្ត្រីចំណាស់ម្នាក់ទៀតរងរបួសបាក់ជើងខាងស្តាំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ខេត្តព្រះវិហារ រវាងរថយន្តដឹកស៊ីម៉ង់ត៍ ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 4A-6332 បើកបរមានល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បុកជាមួយរថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ 2A-6172 ដែលបើកបរចេញពីស្ថានីយចាក់ប្រេងឥន្ធនៈក្បែរនោះ ។
មុនពេលកើតហេតុ គេឃើញ រថយន្តហាយឡែនឌ័របើកចេញពីស្ថានីយចាក់ប្រេងឥន្ធនៈ ឡើងលើផ្លូវជាតិលេខ៦២ ក៏ត្រូវរថយន្តដឹកស៊ីម៉ង់ត៍ មកបុកធ្លាក់ទៅម្ខាងផ្លូវ ហើយស្របពេលនោះ រថយន្តដឹកស៊ីម៉ង់ត៍ ក៏បានរ៉េចង្កូតទៅបុកជាមួយនឹងម៉ូតូ២គ្រឿងផ្សេងទៀត ដែលឈប់នៅខាងស្តាំដៃ បណ្តាលឱ្យមនុស្សស្រី៣នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកើតហេតុតែម្តង និងស្ត្រីវ័យចំណាស់ម្នាក់ទៀតរងរបួសបាក់ជើងខាងស្តាំ ។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក១៦មករា ក្រុងព្រះវិហារ រីឯសាកសពនារីរងគ្រោះទាំង៣នាក់ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានផងដែរ ។
ជនរងគ្រោះខាងលើរួមមាន៖ ទី១-ឈ្មោះ ឃិន ចាន់តុលា ភេទស្រី អាយុ៣៥ឆ្នាំ អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី2009 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1N- 0842 (ខូចធ្ងន់) រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ (បាត់បង់ជីវិត) ។ ទី២- ឈ្មោះ តុញ សៅលី ភេទស្រី អាយុ៣០ឆ្នាំ អ្នករួមដំណើរ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ (បាត់បង់ជីវិត)។ ទី៣- ឈ្មោះ ម៉ារី ហាន់ណា ភេទស្រី ជាអ្នករួមដំណើរ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល (បាត់បង់ជីវិត)។
ចំណែកអ្នកបើកបរម៉ូតូទី២ ឈ្មោះ អេង ស្រី ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ (រងរបួសបាក់ជើងខាងស្តាំ) បានបើកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី2010 ពណ៌ខ្មៅ ផ្លាកលេខ ព្រះវិហារ 1A 4905 (ខូចខាតស្រាល) ។ រីឯអ្នកបើកបរថយន្តម៉ាកហាយឡែនឌ័រ ឈ្មោះ ទាវ សុផាន់ណា ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (រងរបួសស្រាល)។
ដោយឡែកអ្នកបើកបររថយន្តបង្ក បានគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែឯកសារមួយចំនួន នៅក្នុងរថយន្ត និងវត្ថុតាងគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងកើតហេតុតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ វត្ថុតាងទាំងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងស្រាវជ្រាវបន្ត ដើម្បីរកមុខជនបង្ក យកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ