រាជធានីភ្នំពេញ ៖ មកទល់ពេលនះ កម្ពុជា នៅមិនទាន់មានលទ្ធភាពចូលប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក តាមរយៈការប្រកួតជម្រុះ ឬតាមរយៈរូបមន្តកំណត់យកដោយផ្ដោតលើបច្ចេកទេសខ្ពស់នៅឡើយទេ ដោយសារតែសមត្ថភាពកីឡាកររបស់កម្ពុជា នៅមានកម្រិត ។
អត្តពលិករបស់កម្ពុជា មានឱកាសចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយសារតែសិទ្ធិអនុគ្រោះប៉ុណ្ណោះ ដោយក្នុងរដូវកាលនីមួយៗ គឺគណៈកម្មការអូឡាំពិកអន្តរជាតិតែងតែផ្ដល់សិទ្ធិឱ្យកម្ពុជាបញ្ជូនទៅប្រកួតចំនួន២ប្រភេទកីឡា ដោយគ្រាន់តែរដូវកាលខ្លះផ្ដល់ឱ្យ២ប្រភេទកីឡានេះ រដូវកាលខ្លះផ្ដល់ឱ្យ២ប្រភេទកីឡានោះ ។ ជាក់ស្ដែង ការប្រកួតកីឡាអូឡាពិកនៅឆ្នាំ២០២១នេះ កម្ពុជាទទួលបានសិទ្ធិចូលរួមលើ២ប្រភេទកីឡាគឺរត់ប្រណាំង និង ហែលទឹក ខណៈដែលកម្ពុជាកំពុងបន្តទាមទារឱ្យបាន៣ទៅ៤ប្រភទកីឡាទៀតបានចូលរួមប្រកួត។
ការប្រកួតកីឡាអូឡាំពិកនេះ គឺ៤ឆ្នាំធ្វើម្ដង ដោយបណ្ដាប្រទេសនៅលើពិភពលោកសុទ្ធតែមានសិទ្ធិចូលរួមប្រកួតទាំងអស់ឱ្យតែមានសមត្ថភាពជម្រុះឈ្នះ។ ព្រឹត្តិការណ៍កីឡានេះ បណ្ដាប្រទេសដែលចូលរួមប្រកួត គឺច្រើនតែជាប្រទេសដែលមានសក្ដានុពលកីឡាខ្លាំង។រាល់វិញ្ញាសាទាំងអស់គឺតម្រូវឱ្យប្រកួតជម្រុះគ្នារវាងប្រទេស និងប្រទេស ដោយមានតែប្រទេសក្នុងចំនួនមួយកំណត់ប៉ុណ្ណោះ ដែលបានចូលរួមប្រកួត។
ព្រឹត្តិការណ៍នេះ គឺមានតែប្រទេសជាម្ចាស់ផ្ទះប៉ុណ្ណោះ ដែលបានចូលប្រកួតលើគ្រប់វិញ្ញាសាដែលគណៈកម្មការអូឡាំពិកអន្តរជាតិបានរៀបចំ ។ ប៉ុន្តែសម្រាប់ប្រទេសផ្សេងៗ គឺលុះត្រាជាប់ជម្រុះទើបអាចចូលប្រកួតបាន។ ដូច្នេះហើយទើបប្រទេសកម្ពុជា ពិបាកក្នុងការបង្ហាញខ្លួន ដោយសារតែជម្រុះគឺស៊ូមិនរួចប្រទេសខ្លាំងៗ ។
យ៉ាងណាមិញ ក្នុងចំណោមបណ្ដាប្រទេសជាសមាជិក ដែលខ្វះលទ្ធភាពចូលប្រកួតដោយការជម្រុះ គឺទទួលបានសិទ្ធិចូលរួមលើ២ប្រភេទកីឡា ដោយអូឡាំពិកក្នុងឆ្នាំ២០២១នេះ កំណត់ធ្វើនៅក្នុងប្រទេសជប៉ុន ដោយប្រទេសដែលត្រូវបានកំណត់ឱ្យចូលប្រកួត គឺអត់ប្រកួតជម្រុះដូចសព្វដងទេ ដោយសារកូវីដ-១៩ តែកម្ពុជានៅតែមិនអាចចូលប្រកួតក្រៅពីសិទ្ធិអនុគ្រោះដដែល ដោយសារតែគេកំណត់យកកីឡាករដែលមានបច្ចេកទេសខ្ពស់។ តាមការបញ្ជាក់ កម្ពុជាទទួល បាន សិទ្ធិអនុគ្រោះ ចំនួនពីរប្រភេទកីឡា ដែល ចាំបាច់ជាគោលការណ៍ គឺកីឡាអត្តពលកម្ម និង ហែលទឹក ដោយត្រូវទៅចូលរួមប្រកួតនៅ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងតូត្យូ ប្រទេសជប៉ុន នាខែកក្កដា ឆ្នាំ២០២១ ខាងមុខ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) បានបញ្ជាក់ឲ្យដឹងថា កម្ពុជាកំពុងតស៊ូមតិដើម្បីឱ្យប្រភេទកីឡាផ្សេងទៀតត្រូវបានអនុគ្រោះផងដែរ ដោយសារតែកម្ពុជាបើឱ្យប្រកួតជម្រុះ គឺប្រាកដជាពិបាកបានឡើង។ លោកថា កម្ពុជានឹងបញ្ជូនប្រតិភូ និងកីឡាករ កីឡា ការិនីជម្រើសជាតិលើវិញ្ញាសាអត្តពលកម្មឬរត់ប្រណាំង និងហែលទឹកទៅចូលរួមប្រកួតអូឡាំពិក ហ្គេមឆ្នាំនេះ ប៉ុន្តែតាមការប៉ាន់ស្មាន គឺមានចំនួន តិចតួចប៉ុណ្ណោះ អាចប្រមាណតែ១០នាក់ ផ្អែកតាមសិទ្ធិអនុគ្រោះ ។
លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្នកម្ពុជាទទួលបានសិទ្ធិអនុគ្រោះចំនួនពីរប្រភេទកីឡាដែលចាំបាច់ជាគោលការណ៍ប៉ុណ្ណោះ ដោយរដូវកាលនេះ គឺ កីឡាអត្តពលកម្ម និងហែលទឹក។
លោកកំពុងស្វះស្វែង ទាមទារឱ្យកីឡា ចំបាប់ តេក្វាន់ដូ WT ទូកក្តោង និងគុនដាវជាដើម ឱ្យ
ទទួលបានសិទ្ធិអនុគ្រោះបានចូលអូឡាំពិក ហើយតម្រុយក៏មើលទៅសង្ឃឹមច្រើនដែរ ដោយសារ
តែគេយោគយល់ថា កម្ពុជាជាប្រទេសដែលវិស័យកីឡាទើបតែហើបៗ។ លោកអគ្គលេខា NOCC មានប្រសាសន៍ថា ការប្រកួតអូឡាំពិក ហ្គេម នៅទីក្រុងតូក្យូលើកនេះខុសពីការប្រកួត មុនៗ ដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបមិន អាចរៀបចំការប្រកួតជម្រុះបាន ហើយអូឡាំពិក
អន្តរជាតិ កំណត់យកចំណាត់ថ្នាក់បច្ចេកទេស ខ្ពស់ៗ កម្រិតពិភពលោក (World Ranking) តែម្តង ។ ដោយឡែក សម្រាប់កីឡាករ កីឡាការិនីកម្ពុជា មិនទាន់ចូលដល់ចំណាត់ថ្នាក់ ពិភពលោកបែបនេះទេ ដោយគ្រាន់តែទទួល បានត្រឹមសិទ្ធិអនុគ្រោះពីអូឡាំពិកអន្តរជាតិតែ
ប៉ុណ្ណោះ ។
លោក វ៉ាត់ ចំរើន បញ្ជាក់ជូន បន្ថែមថា បច្ចុប្បន្ន កម្ពុជាទទួលបានសិទ្ធិអនុគ្រោះចំនួនពីរប្រភេទកីឡា ដែលចាំបាច់ ជាគោលការណ៍ប៉ុណ្ណោះ គឺកីឡាអត្តពលកម្ម និងហែលទឹក ហើយយើងកំពុងស្នើសុំសិទ្ធិ អនុគ្រោះ បន្ថែម លើប្រភេទកីឡា ចំបាប់ តេ ក្វាន់ដូ WT ទូកក្តោង គុនដាវ ជាដើម ៕
ចែករំលែកព័តមាននេះ