ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុតទា​កំពុង​ជួប​បញ្ហា​គ្មាន​ទីផ្សារ ម្ចាស់​កសិដ្ឋាន​សំណូមពរឱ្យ​មាន​គាំទ្រ​ច្រើន​

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពង​ទា​ជា​ច្រើន​នាំ​ចូល​ពី​កសិដ្ឋាន​ទា​ពង និង​កសិដ្ឋាន​មួយ​ចំនួន​ទៀត កំពុង​ជួប​បញ្ហា​គ្មាន​ទីផ្សារ និង​តម្លៃ​ស៊ុត​ចុះថោក​។ កសិដ្ឋាន​មួយ មានឈ្មោះ​ថា គ្រូ​ណូ ពន្លៃ…

រាជធានី​ភ្នំពេញ ៖ ពង​ទា​ជា​ច្រើន​នាំ​ចូល​ពី​កសិដ្ឋាន​ទា​ពង និង​កសិដ្ឋាន​មួយ​ចំនួន​ទៀត កំពុង​ជួប​បញ្ហា​គ្មាន​ទីផ្សារ និង​តម្លៃ​ស៊ុត​ចុះថោក​។ កសិដ្ឋាន​មួយ មានឈ្មោះ​ថា គ្រូ​ណូ ពន្លៃ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន​ប្រកាស​លក់​ស៊ុត​របស់​ខ្លួន ក្នុង​តំលៃ ១០០ គ្រាប់ = ៣៥,០០០៛ ដោយ​បញ្ជាក់​ថា ពង​ទា​ខ្មែរ វេច​ខ្ចប់​ស្អាត តម្លៃ​ទាប គុណភាព​ល្អ​។

លោក រស់ កា​ណា​ល់ (​មិត្ត​ភ័​ក្ត​តែង​ហៅ​លោក​ថា លោក​ឧកញ៉ា​ពង​ទា​) មាន​អាយុ ២៩​ឆ្នាំ លោក​មាន​មុខរបរ​ធ្វើ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ បានឱ្យ​ដឹង​ថា ក្រោយ​ការ​ផុស​លក់​របស់​លោក​លើក​ទី​១ ត្រូវ​បាន​បងប្អូន​ជួយ Share ដល់​ទៅ​ជាង ៣៥០០ Share និង​ទិញ​ពង​ទា​អស់​ប្រមាណ​ជា ៣០០០០​ពង​។ លោក​បន្ត​ថា នេះ​គ្រាន់តែ​ជា​ការ​ជួយ​រក​ទីផ្សារ​ឲ្យ​ឪពុក​លោក​ប៉ុណ្ណោះ ដោយសារ​ពង​ចាល់​ខ្លាំង​សល់​ពេញ​ទ្រូ​។

កសិដ្ឋាន គ្រូ​ណូ ពន្លៃ គឺជា​កសិដ្ឋាន​ឪពុក​លោក​ឧកញ៉ា​ពង​ទា ហើយ​បើ​និយាយ​ពី​ការ​ចិញ្ចឹម ឪពុក​លោក​ចាប់​យក​របរ​ចិញ្ចឹម​ទាយក​ពង​នេះ ប្រមាណ​ជាង ៥​ឆ្នាំ​ហើយ ក្រោយ​គាត់​ចូល​និវត្ត​ពី​អាជីព​ជា​គ្រូបង្រៀន​។ ចំពោះ​ការ​ជួយ​លក់​របស់​លោក​វិញ ទើបតែ​ធ្វើ​ក្នុង​ពេល​ពង​ទា​គ្មាន​ទីផ្សារ​នេះ​ទេ អំឡុង​ចុងខែ​ធ្នូ ២០២០​នេះ​។

លោក​ឧកញ៉ា​ពង​ទា បាន​បន្ត​ថា «​សម្រាប់​កសិដ្ឋាន​ឪពុក​ខ្ញុំ ពី​មុន​មក​មាន​ឈ្មួញកណ្ដាល​នៅ​ភ្នំពេញ ទទួលយក​មក​លក់​បន្ត​អស់​ៗ​ពី​ទ្រុង មិន​ពិបាក​លក់​ដោយ​ខ្លួនឯង​ទេ​។ ចំណែក​តម្លៃ​ឡើង​ចុះ​ទៅ​តាម​តម្រូវការ​ទីផ្សារ ចន្លោះ​ពី ២៨០៛ ទៅ ៤៨០៛​។ សម្រាប់​ពេល​នេះ ក៏​មានការ Share និង​ជួយ​ទិញ​ច្រើន​ដែរ ពិសេស​ពួក​គាត់​បាន​ឆាត ឬ​ទូរ​សព្ទ​កុម្ម៉ង់​ឲ្យ​យក​ទៅ​ដល់​ផ្ទះ ដោយ​បន្ថែម​ថ្លៃ​សេវា​ដឹក​ជញ្ជូន​»​។

លោក​ឧកញ៉ា​ពង​ទា បន្ថែម​ថា «​មែនទែន​ទៅ យើង​បាន​ត្រឹមតែ​ឮ​ត​ៗ​គ្នា​ថា ពង​វៀតណាម​ៗ ដែល​បាន​នាំ​ចូល​មក​ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​ពង​ក្នុងស្រុក ធ្វើ​ឲ្យ​ពង​ក្នុងស្រុក​បាត់បង់​ទីផ្សារ​។ ប៉ុន្តែ​យើង​ពុំ​មាន​ភស្តុ​តាង​ណាមួយ​បញ្ជាក់​ថា មានការ​នាំ​ចូល​មែនឬ​យ៉ាងណា​នោះ​ទេ​។ សម្រាប់​ខ្ញុំ ព័ត៌មាន​ទាំងអស់​ត្រូវ​ពឹង​លើ​ការ​បង្ហាញ​របស់​ក្រសួងកសិកម្ម បើ​ក្រសួង​ប្រកាស​ថា ពុំ​មានការ​នាំ​ចូល​ពី​ក្រៅ​ទេ ខ្ញុំ​ក៏​យល់​បែប​នោះ​ដែរ ព្រោះ​ក្រសួង​ជា​អ្នកមាន​សមត្ថកិច្ច​លើ​ការងារ​នេះ ជា​មែ​ជា​ឪ​របស់​ប្រជា​កសិករ​ទាំងអស់​នៅ​កម្ពុជា ដែល​ពឹង​លើ​របស់​កសិកម្ម​ដើម្បី​ចិញ្ចឹម​ក្រពះ​។ ហេតុនេះ​រឿង​ការ​នាំ​ចូល​ពង​ពី​បរទេស ខ្ញុំ​បាន​ត្រឹមតែ​ឮ​ត​ៗ​គ្នា ហើយ​ព័ត៌មាន​ផ្លូវការ​ទទួល​បាន​ពី​ក្រសួង​សា​ម៉ី គឺ​ពុំ​មានការ​នាំ​ចូល​ទេ តែ​ដោយ​ពុំ​សូវ​មានការ​ជួបជុំ​ដោយ​វិបត្តិ​កូ​វី​ដ និង​ការ​ងាក​ទៅ​ហូប​សាច់​ត្រី​វិញ​របស់​ពលរដ្ឋ ក្នុង​រដូវ​សម្បូរ​ត្រី ទើប​ពង​ទា​ខ្វះ​ទីផ្សារ​បែប​នេះ​។ ប្រសិនបើ​មានការ​នាំ​ចូល​ពិតមែន​! ខ្ញុំ​សូម​ស្នើ​ដល់​រាជរដ្ឋាភិបាល ពិសេស​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មេត្តា​ជួយ​ទប់ស្កាត់​ឲ្យ​បាន និង​ផ្ដន្ទាទោស​ជនល្មើស​ទាំងនោះ​តាម​ផ្លូវច្បាប់​»​។

លោក​ក៏​មាន​សំណូមពរ​ដូចនេះ​ថា «​ខ្ញុំ​ក៏​សូម​សំណូមពរ​ដល់​បងប្អូន​ទាំងអស់ ឲ្យ​ជួយ​គាំទ្រ និង​ទិញ​កសិផល​ខ្មែរ មិន​ថា​តែ​ពង​ទា​នោះ​ទេ ដើម្បី​ជ្រោង​ជីវភាព​ប្រជា​កសិករ​ទូ​ទាំង​ប្រទេស​។ មួយវិញទៀត ខ្ញុំ​សូម​ចែករំលែក​បទ​ពិសោធ​ការ​លក់​ផង​ដែរ គឺ​ចង់​ឲ្យ​ប្រជា​កសិករ​ទាំងអស់ ព្យាយាម​ភ្ជាប់​ខ្លួន​ទៅ​នឹង​បច្ចេកវិទ្យា​ទំនើប ដូច​ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាដើម ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ស្វែងរក​ទីផ្សារ ដូចដែល​ខ្ញុំ​បាន​ធ្វើ​ជោគជ័យ​មួយ​ផ្នែក​នា​ពេល​កន្លង​មក​។ ក្នុង​នោះ ក៏​ស្នើ​ទៅ​ក្រសួង​សាមី​មេត្តា​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា បច្ចេកវិទ្យា ដល់​ប្រជា​កសិករ ដើម្បី​ជា​ទុន​មួយ​ជួយ​ជំរុញ​ការ​លក់ ផ្សព្វផ្សាយ និង​ទទួល​ព័ត៌មាន​របស់​ពួក​គាត់​»​។

យោង​តាម​ក្រសួង​រុក្ខា​ប្រមាញ់​និង​នេសាទ បានឱ្យ​ដឹង​ថា ទាក់ទង​នឹង​ការ​លើក​ឡើង​មតិ​មួយ​ចំនួន​ថា​មានការ​នាំ​ចូល​ស៊ុត​ពី​ប្រទេស​ជិតខាង អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម បាន​បញ្ជាក់​ថា​ជូន​សារ​ធារ​ណ​ជន​ថា​៖
១)-​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក៏​ដូច​ជា​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ពុំដែល​អនុញ្ញាត​ជា​គោលការណ៍​ឱ្យ​នាំ​ចូល​ស៊ុត​ពី​ប្រទេស​ជិតខាង ជា​ពិសេស​ប្រទេស​វៀតណាម​ចូល​មក​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។
២)-​ចំពោះ​តម្លៃ​ស៊ុតទា​សម្រាប់​យក​ទៅ​ភ្ញាស់ បើ​ប្រៀបធៀប​រវាង​កម្ពុជា​ជាមួយនឹង​ប្រទេស​វៀតណាម ពោល​គឹ​មាន​តម្លៃ​ប្រហាក់ប្រហែល​គ្នា ។​ដោយឡែក​ស៊ុតទា​ធម្មតា​មិន​បង្ក​កំណើត​នៅ​កម្ពុជា​តម្លៃ​២៨០​រៀល​ក្នុង​មួយ​គ្រាប់ ចំណែក​ឯក​ប្រទេស​វៀតណាម​តម្លៃ​៣០០​រៀល​ក្នុង​មួយ​គ្រាប់​។
៣)-​ក្នុង​ស្ថានភាព​ជំ​ងឹ​កូ​វី​ដ​១៩ កំពុង​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ ហើយ​កម្មវិធី​ជួបជុំ​ផ្សេង​ៗ​ត្រូវ​បាន​ផ្អាក ដែល​ធ្វើ​ឱ្យ​តម្រូវការ​ស៊ុត​ត្រូវ​បានកា​ត់ប​ន្ថ​ថយ​ជា​អតិបរិមា​នៅ​ពេល​ដែល​ការ​ចិញ្ចឹម​បក្សី​យក​ស៊ុត​មានការ​កើនឡើង​នៅ​គ្រប់​តំបន់​ទូ​ទាំង​ប្រទេស​ប្រទេស​។​ម្យ៉ាងទៀត​នៅ​ក្នុង​រដូវ​ត្រី​ត្រូវ ប្រជាពលរដ្ឋ​មួយ​ចំនួន​បែរមក​បរិភោគ​ត្រី​ជំនួស​ឱ្យ​ស៊ុត​បក្សី​វិញ​»​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​សង្កត់ធ្ងន់​ថា​ករណី​អាជីវករ អ្នក​ចិញ្ចឹមសត្វ ជា​ពិសេស​ចិញ្ចឹម​មាន់ ទាយក​ស៊ុត បានដឹង​ព័ត៌មាន​ពី​ការ​លួច​នាំ​ចូល​ស៊ុតមាន់ ទា​ពី​ប្រទេស​ជិតខាង សូម​ទំនាក់​ទំ​នង់​មក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​តាម​រយៈ ទូរស័ព្ទ ០១២ ៨២៨ ២០៩ ដើម្បី​ចុះ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​និង​ផលិតផល​សត្វ​ស្រប​តាម​ច្បាប់​ស្តី​ពី​សុខភាព​សត្វ​និង​ផលិតកម្ម​៕

អត្ថបទសរសេរ ដោយ