ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើគួរត្រៀមខ្លួនបែបណា និងអ្វីខ្លះ មុនអ្នកបើកអាជីវកម្ម?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​ទោះបីជា​ចង់​ធ្វើ​អ្វី​ក៏​ដោយ ក៏​ទាមទារ​ឱ្យ​យើង​មាន​គម្រោង​មាន​ផែនការ​ច្បាស់លាស់​ដែរ​។ ការ​ដែល​មាន​គម្រោង ឬ​ផែនការ គេ​ហៅ​ថា ការ​ត្រៀមលក្ខណៈ​ជា​មុន ក្នុង​ការ​ធ្វើ​អាជីវកម្ម​។ នេះជាការលើកឡើងរបស់លោក​ឧកញ៉ា​វេជ្ជបណ្ឌិតមួយរូបដែលតែងតែចែករំលែកនូវគន្លឹះអាជីវកម្មនិងចំណេះដឹងខាងសុខភាព…

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​ទោះបីជា​ចង់​ធ្វើ​អ្វី​ក៏​ដោយ ក៏​ទាមទារ​ឱ្យ​យើង​មាន​គម្រោង​មាន​ផែនការ​ច្បាស់លាស់​ដែរ​។ ការ​ដែល​មាន​គម្រោង ឬ​ផែនការ គេ​ហៅ​ថា ការ​ត្រៀមលក្ខណៈ​ជា​មុន ក្នុង​ការ​ធ្វើ​អាជីវកម្ម​។ នេះជាការលើកឡើងរបស់លោក​ឧកញ៉ា​វេជ្ជបណ្ឌិតមួយរូបដែលតែងតែចែករំលែកនូវគន្លឹះអាជីវកម្មនិងចំណេះដឹងខាងសុខភាព ។

ការ​ធ្វើ​ជំនួញ​ជួញដូរ គឺ​ត្រូវ​ត្រៀមលក្ខណៈ​ជា​មុន ហើយ​ការ​ត្រៀមលក្ខណៈ​ធ្វើ​អាជីវកម្ម មាន​ន័យ​ថា មុន​ពេល​បើក​អាជីវកម្ម​អ្វីមួយ​យើង​ត្រូវ​សួរ​ខ្លួន​យើង​ថា យើង​ចង់​ធ្វើ​ជំនួញ​អ្វី? ហើយ​តើ​គេ​គួរ​ត្រៀម​អ្វីខ្លះ? ជា​ទ្រឹស្តី និង​ជា​បទ​ពិសោធ មុន​ធ្វើ​អាជីវកម្ម ឬ​បើក​ដំណើរការ​អាជីវកម្ម​អ្វីមួយ គេ​តម្រូវ​ឱ្យ​យើង​ត្រៀម​លក្ខណសម្បត្តិ​ចំនួន​បី​ធំ​ៗ គឺ​ត្រៀម​ចំណេះដឹង ត្រៀម​ជំនាញ និង​ត្រៀម​ដើមទុន​សម្រាប់​អនុវត្ត​ជាដើម​។

 រូបភាព ៖ ក្រុមការងារ MJQUP

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education បាន​បន្ត​ថា « ដូច​ម្តេច​ដែល​ហៅ​ថា ត្រៀម​ចំណេះដឹង និង​ជំនាញ? ត្រៀម​ចំណេះដឹង គឺ​ការ​សិក្សា​អំពី​មុខ​ជំនួញ​។ បើ​ចង់​រកស៊ី​អ្វីមួយ ត្រូវ​រៀន​ជំនាញ​នោះ​ឱ្យ​បាន​ឆ្អិន ឱ្យ​ហ្មត់ចត់​។ បើ​ចង់​បើក​អាជីវកម្ម​លក់​កាហ្វេ គុយទាវ ត្រូវ​រៀន​ជំនាញ​នេះ បើ​ចង់​បើក​សាលារៀន​ត្រូវ​រៀន​ពី​ជំនាញ​អប់រំ បើ​ចង់​បើកហាង​អ៊ុតសក់ ត្រូវ​រៀន​ពី​ជំនាញ​អ៊ុតសក់ ហើយ​កុំ​ធ្វេសប្រហែស ឬ​រៀន​ដើម្បី​ទទួល​បាន​តែ​សញ្ញាបត្រ តែ​គ្មាន​សមត្ថភាព​។ បើ​មិន​ដូច្នេះ​ទេ​នឹង​បរាជ័យ ព្រោះ​អ្វី​ក៏​ដោយ ជោគជ័យ​អាស្រ័យ​លើ​ជំនាញ លើ​ចំណេះដឹង​ដែល​យើង​បាន​រៀន​ចេះ​ដឹង និង​បាន​ឆ្លងកាត់​»​។

លោក​បន្ថែម​ថា មុន​នឹង​បើក​អាជីវកម្ម ក្រៅពី​រៀន​យក​ជំនាញ គេ​ក៏​ត្រូវ​មានការ​រៀបចំ​ផែនការ​ឱ្យ​ច្បាស់លាស់​ផង​ដែរ​។ ការ​រៀបចំ​ផែនការ ត្រូវធ្វើ​តាម​លំដាប់លំដោយ តាំងពី​ដើម​រហូត​ដល់​ចប់ មាន​ន័យ​ថា គេ​តម្រូវ​ឱ្យ​យើង​គិត តាំងពី​ទំហំ​នៃ​អាជីវកម្ម ធំ​ឬ​តូច តម្រូវ​ចាយ​ទុន​ដំបូង​ប៉ុន្មាន? ​តម្រូវការ​បុគ្គលិក​ប៉ុន្មាន​នាក់? បើក​នៅ​ទីតាំង​ណា? ប្រភេទ​អតិថិជន​ដូច​ម្តេច? តម្លៃ និង​គុណភាព ដូច​ម្តេច​ដែរ? ហើយ​បើជា​អាជីវកម្ម​បែប​អាហារ​ដ្ឋា​ន តើ​គួរ​បើក​អាហារ​ដ្ឋា​ន​បែប​ណា? ត្រៀម​អ្វីខ្លះ? មាន​ទីតាំង​ហើយ​ឬ​នៅ? ទីតាំង​នោះ​សម​ស្រប​ដែរ​ឬទេ? សម្បូរ​ភ្ញៀវ​ឆ្លងកាត់​ដែរ​ទេ? មាន​ចំណត​យានយន្ត​ទេ? មាន​បរិស្ថាន​ខ្យល់​ចេញចូល​ល្អ​ទេ? បើជា​ក្រុមហ៊ុន​ធ្វើ​កសិកម្ម គេ​ត្រូវ​សិក្សា​ថា តើ​គេ​ត្រៀម​អ្វីខ្លះ? មាន​ដី​ហើយ​ឬ​នៅ? មានពូជ​ហើយ​ឬ​នៅ? មាន​ជី​ហើយ​ឬ​នៅ? ប្រភេទ​ស្រូវ​អ្វីខ្លះ ដែល​ត្រូវ​យក​មក​សាប និង​ស្ទូង? មាន​ឧបករណ៍​អ្វីខ្លះ​ដែល​ត្រូវ​ប្រើប្រាស់? នៅ​ពេល​គេ​រៀបចំ​ផែនការ​រួចរាល់​ហើយ ទើប​ចាប់ផ្តើម​អនុវត្ត​ផែនការ​ដែល​បាន​រៀបចំ​នោះ​។

លោក​ឧកញ៉ា ដែល​ជា Idol របស់​យុវជន​កម្ពុជា​រូប​នេះ​បាន​បន្ត​ថា «​ដូច្នេះ​ហើយ ដើម្បី​ឱ្យ​ជោគជ័យ​ក្នុង​ការងារ​អាជីវកម្ម គេ​ត្រូវ​រៀបចំ​ផែនការ អនុវត្ត​ផែនការ តាមដាន​ផែនការ កែ​ច្នៃ​ផែនការ និង​អនុវត្ត​ផែនការ​ឡើង​វិញ​។ កាលពី​ឆ្នាំ​២០១២ ខ្ញុំ​ធ្លាប់​ឮ​ទស្សនៈ​មួយ​លើក​ឡើង​ថា រាល់​ការ​ធ្វើ​ជំនួញ​ជួញដូរ គឺ​ភាគច្រើន​ជា​កូន​ខ្មែរ​កាត់​ចិន ឬ​ដែល​ហៅ​ថា កូន​ខ្មែរ​ជាប់សែស្រឡាយ​ចិន ច្រើន​តែ​ពូកែ​ខាង​ធ្វើ​ជំនួញ​ជួញដូរ ខុស​ពី​កូន​ខ្មែរ​សុទ្ធសាធ​ដែល​ពូកែ​តែ​ខាង​ធ្វើការ​ឱ្យ​គេ រហូត​អ្នកខ្លះ​យល់​ថា បើ​មានកូន​ស្រី​គួរ​លើក​ឱ្យ​កូនប្រុស ដែល​ជា​កូនចៅ​ចិន ឬ​បើជា​កូនប្រុស​វិញ គឺ​សង្វាត​ដណ្ដឹងប្រពន្ធ​ជា​កូន​ខ្មែរ​កាត់​ចិន​»​។

លោក​បន្ថែម​ថា «​ខ្ញុំ​យល់​ថា ការ​គិត​បែប​នេះ​គឺជា​កំហុសឆ្គង​មួយ ព្រោះ​កូន​ខ្មែរ​កាត់​ចិន ឬ​កូនចៅ​ចិន​មិន​ប្រាកដ​ថា សុទ្ធតែ​ពូកែ​រកស៊ី​ជាង​កូនចៅ​ខ្មែរ​ទេ សំខាន់​ឱ្យ​តែ​អ្នក​ទាំងនោះ​មានការ​តស៊ូ ព្យាយាម អត់ធ្មត់​ខ្ពស់ ហើយ​ចេះ​ចាប់​យក​ឱកាស​។ ភាព​ប៉ិន​ប្រសប់​នៃ​ការ​ធ្វើ​ជំនួញ ឬ​ធ្វើ​អាជីវកម្ម​របស់​មនុស្ស​ម្នាក់​ៗ​គឺ​វា​មិន​អាស្រ័យ​លើ​កត្តា​ជាតិ​សាសន៍ ឬ​ក៏​តំណពូជ​ឡើយ​។ ជា​ការ​ពិត​ណាស់​ជាតិ​សាសន៍​ណា​ក៏​ដូច​ជាតិ​សាសន៍​ណា​ដែរ បើ​ទទួល​បានការ​បណ្ដុះបណ្ដាល​ពី​របៀប​ធ្វើ​ជំនួញ​ពី​ក្មេង​មក ឬ​ធ្លាប់​បាន​រស់​ក្នុង​ពិភព​អ្នក​ធ្វើ​ជំនួញ បូក​រួម​នឹង​ការ​ទទួល​បាន​នូវ​ការ​សិក្សាអប់រំ​ខ្ពង់ខ្ពស់ លើ​ជំនាញ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជំនួញ​រក​ទទួលទាន ពួក​គេ​សុទ្ធតែ​អាច​ក្លាយជា​អ្នក​ពូកែ​ធ្វើ​ជំនួញ​ដូច​គ្នា​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​កូន​ខ្មែរ​សុទ្ធសាធ​ឬ​កូន​ខ្មែរ​កាត់​ចិន ពុំ​ទទួល​បានការ​អប់រំ​លើ​ផ្នែក​ធ្វើ​ជំនួញ​ពី​ក្មេង​ទេ ឬ​ពុំ​បាន​ឈ្វេងយល់​ឱ្យ​បាន​ស៊ីជម្រៅ​ពី​វិស័យ​ជំនួញ​ឱ្យ​បាន​ទូលំទូលាយ ពុំ​ធ្លាប់​មាន​បទ​ពិសោធ​ធ្វើ​ជំនួញ និង​មិន​បាន​សិក្សា​ជ្រៅជ្រះ​លើ​មុខ​ជំនាញ​របស់​ខ្លួន​នោះ​ទេ គឺ​ពួក​គេ​មិន​ពូកែ​រកស៊ី​ដូច​គ្នា​»​។

ដូច​លោក​តែងតែ​និយាយ​ជា​ញឹកញាប់​រួច​មក​ហើយ​ថា មុន​នឹង​បើក​អាជីវកម្ម​អ្វីមួយ យើង​ត្រូវ​សិក្សា​លើ​កត្តា​មួយ​ចំនួន​ដូច​ជា បើ​ចង់​លក់​កាហ្វេ គឺ​ត្រូវការ​រក​ទីតាំង​ដែល​មាន​ម៉ូយ​កុំ​រក​ផ្លូវ​ធំ ហើយ​ដើម្បី​ភាព​ជោគជ័យ​លើ​អ្វីមួយ មនុស្ស​ម្នាក់​ៗ​ត្រូវ​មាន​ក្តី​ស្រមៃ​ឱ្យ​បាន​ខ្ពស់ និងវែង​ឆ្ងាយ ហើយ​ត្រូវ​ព្យាយាម​អត់ធ្មត់​ធ្វើ​ឱ្យ​សម្រេច​នូវ​ក្តី​ស្រមៃ​នោះ​។

ការ​ស្រមៃ​របស់​យើង អាច​នឹង​កើត​មាន​ឡើង​ពិត​ៗ​បាន លុះត្រាតែ​យើង​រត់​តាម​វា ហើយ​ចាប់​វា​ឱ្យ​បាន​។ ត្រូវ​ប៉ង​ឱ្យ​បាន​ខ្ពស់ ធ្វើការ​ឱ្យ​ខ្លាំង​អស់ពី​លទ្ធភាព ដោយ​ការ​តស៊ូ ហ្មត់ចត់ និង​ត្រូវ​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​ចិត្ត​។ ប្រសិនបើ​យើង​អាច​ធ្វើ​ដូច្នេះ​បាន នោះ​អ្វី​ៗ​ដែល​យើង​ចង់បាន​នឹង​មក​ដល់​ដូច​សេចក្តី​ប្រាថ្នា ព្រោះ​យើង​បាន​ជម្នះ​រាល់​ឧបសគ្គ ហើយ​យើង​ក៏​កំពុង​ដើរ​លើ​ផ្លូវត្រូវ នៃ​ខ្សែជីវិត​របស់​យើង​ដែរ​។

លោក​បាន​ផ្តល់​កំលាំងចិត្ត​ដល់​យុវជន​និង​អ្នកមាន​បំណង​ធ្វើ​អាជីវកម្ម​ដូចនេះ​ថា «​ខ្ញុំ​ចង់​និយាយ​ថា បើ​យើង​មាន​បំណង​ធ្វើ​អ្វីមួយ​ហើយ កុំ​បោះបង់​ឱ្យ​សោះ​។ យើង​ត្រូវ​តែ​បន្ត​ដើរទៅ​មុខ ដោយ​ក្តី​សង្ឃឹម ដោយ​ភាព​ជឿជាក់​ជា​និច្ច ព្រោះ​ការ​បោះបង់​មិន​អាច​ឱ្យ​យើង​ជោគជ័យ​បាន​ឡើយ​។​ដូច្នេះ ទោះបី​មាន​ឧបសគ្គ​ធំ​ប៉ុនណា​ក៏​ដោយ គួរ​កុំ​បញ្ឈប់​ដំណើរ​របស់​យើង​។ យើង​ត្រូវ​តែ​ក្លាហាន ហ៊ាន​ប្រឈម​មុខ ងើបឈរ បន្ត​ធ្វើ​ដោយ​ទទូច ព្រោះ​បើ​យើង​បោះបង់ គ្មាន​អ្នក​ណា​មក​ជួយ​យើង​ក្រៅពី​ខ្លួន​យើង​ទេ ទាល់តែ​យើង​ជួយ​ខ្លួន​យើង​ជា​មុន​សិន​»​។

សរុបសេចក្តី​មក ជំហាន​ដំបូង​បំផុត​នៃ​ការ​ធ្វើ​អាជីវកម្ម យើង​ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់​ជា​មុន​សិន​នូវ​មុខរបរ ឬ​មុខ​ជំនួញ ដែល​យើង​ត្រូវ​បើក​នោះ ទើប​យើង​មិន​ខាតបង់​ទ្រព្យសម្បត្តិ ពេលវេលា ហើយ​និង​កម្លាំងកាយ​ចិត្ត​។ សូម​ជម្រាប​ជូន​ផង​ដែរ​ថា ចំណុច​តូច​ៗ​ខាងលើ​នេះ ដកស្រង់​ចេញពី​សៀវភៅ​របស់​លោក​ឧកញ៉ា ដែល​មានឈ្មោះ​ថា គំនិត​រកស៊ី គួ​ច ម៉េ​ង​លី ទំព័រ​ទី​១ ។ សៀវភៅ​នេះ​ផង​ដែរ​ត្រូវ​បាន​បោះ​ពុ​ម្ភ​ផ្សាយ និង​បាន​ដាក់​លក់​ជា​សាធារណៈ តាម​ហាង និង​បណ្ណាគារ​ជា​ច្រើន នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕

Business hiring and recruiting concept. Vector of a businessman climbing up career ladder towards his dream job

អត្ថបទសរសេរ ដោយ