ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផលិត​ចង្ក្រាន​លក់​និយាយ​ពី​​​​ភាព​ជោគ​ជ័យ​លើ​ទីផ្សារ​ តែ​ខ្វះ​កម្ម ករ​ធ្វើវិញ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ «​ចង្ក្រានឡូវ​ដែល​ខ្ញុំ​ធ្វើ​សព្វ​ថ្ងៃនេះ មាន​ទីផ្សារ​ល្អ​ណាស់​.. មាន​ម៉ូយ​ជា​ច្រើន​បាន​កុម្ម​ង់​ទិញ ហើយ​មក​យក​ដល់​កន្លែង​ធ្វើ​តែ​ម្ដង​។ ប៉ុន្តែ​អ្វី​ដែល​ប្រឈម គឺកន្លែង​ខ្ញុំខ្វះ​កម្មករ​ធ្វើ​ការងារ​នេះ នាំ​ឲ្យ​មានការ​យឺត​​យ៉ាវ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ម៉ូយ​នៅ​លើ​ទីផ្សារ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​ម្ចាស់​សិប្បកម្ម​ផលិត​ចង្ក្រាន​«​ឡូ​វ​»​ដ៏​ធំ​មួយ​កន្លែង…

ខេត្តបាត់ដំបង​៖ «​ចង្ក្រានឡូវ​ដែល​ខ្ញុំ​ធ្វើ​សព្វ​ថ្ងៃនេះ មាន​ទីផ្សារ​ល្អ​ណាស់​.. មាន​ម៉ូយ​ជា​ច្រើន​បាន​កុម្ម​ង់​ទិញ ហើយ​មក​យក​ដល់​កន្លែង​ធ្វើ​តែ​ម្ដង​។ ប៉ុន្តែ​អ្វី​ដែល​ប្រឈម គឺកន្លែង​ខ្ញុំខ្វះ​កម្មករ​ធ្វើ​ការងារ​នេះ នាំ​ឲ្យ​មានការ​យឺត​​យ៉ាវ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ម៉ូយ​នៅ​លើ​ទី
ផ្សារ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​ម្ចាស់​សិប្បកម្ម​ផលិត​ចង្ក្រាន​«​ឡូ​វ​»​ដ៏​ធំ​មួយ​កន្លែង គឺ​អ្នកស្រី ញ៉ឹ​ក ស្រី​ម៉ៅ អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។

កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍មុន​នេះ អ្នកស្រី ញ៉ឹ​ក ស្រី​ម៉ៅ រួម​ជាមួយនឹង​កម្មករ​របស់​គាត់ប៉ុន្មាន​នាក់​ផងបាន​ផ្ដល់​បទ​សម្ភាស​ន៍ជាមួយ​កោះសន្តិភាព ខណៈ​គាត់​និង​កម្មករ​កំពុង​មមារញឹក នៅ​ក្នុង​រោង​សិប្បកម្ម​របស់​គាត់​។ អ្នកស្រី ម៉ៅ បាន​រំ​លឹកអំពី​ប្រវត្តិ​យ៉ាង​ខ្លីនៃ​ការ​ចាប់ផ្ដើម​មុខរបរ​ធ្វើ​ចង្ក្រាន​នេះ មុន​ពេល​ពិព័រណនា​​លំអិត​អំពី​មុខរបរ​របស់​ខ្លួន​។

គាត់​និយាយ​យ៉ាង​ដូច្នេះ​ថា «​តាម​ពិត​ការ​ចាប់ផ្ដើម​អាជីព​ធ្វើ​ចង្ក្រានឡូវ​នេះ​ដំបូង គឺ​ឪពុក​របស់ខ្ញុំ​ទេ​។ ខ្ញុំ​ចេះ ​បន្ត​មុខរបរ​នេះ​ពី​ឪពុក​តែ​ប៉ុណ្ណោះ​។ ការ​ចាប់ផ្ដើម​ដំបូង​មាន​លក្ខណៈ​តូចតាច ជាមួយនឹង​ដំណើរការ​ដ៏​លំបាក​បំផុត​។ គុណភាព​ចង្ក្រាន​មិនល្អ​ដូច​សព្វ​ថ្ងៃនេះ​ទេ​។ បើ​គិតដល់​ពេល​នេះ ខ្ញុំ​ធ្វើ​មុខរបរ​នេះ​មាន​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ តែ​សព្វថ្ងៃ​ឪពុក​ខ្ញុំ នៅ​តែ​មើល​ការ​ខុស​ត្រូវ​នៅឡើយ​ទេ​»​។

គ្មាន​ពេលទំនេរ​ទេ ម្ចាស់​សិប្បកម្ម​រូប​នេះ បាន​ធ្វើ​ការងារ​បណ្ដើរ ពិ​ពណ៌នា​​ប្រាប់​កោះ​សន្តិភាព​បណ្ដើរ​ថា សិប្បកម្ម​ផលិត​ចង្ក្រាន​«​ឡូ​វ​»​របស់​អ្នកស្រី​សព្វ​ថ្ងៃនេះ គឺ​ធ្វើ​ចង្ក្រាន​២​ប្រភេទ មាន​ចង្ក្រាន​«​ដុត​ធ្យូង​» និង​ចង្ក្រាន​«​ដុត​អុស​» តែ​មាន​គ្រប់​ខ្នាត​តាម​តម្រូវការ​របស់​អតិថិជន​។ ប៉ុន្តែ​អ្នកស្រី មិន​អាច​កំណត់​ពី​ចំនួន​ចង្ក្រាន​ដែល​ផលិត​បាន​ក្នុង​មួយ​ថ្ងៃ​ៗ​ឡើយ នៅ​ពេល​សួរ​ពី​ចំនួន​ចង្ក្រាន​ដែល​ធ្វើ​បាន​ក្នុង​មួយ​ថ្ងៃ​ៗ​។

អ្នកស្រីបាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ពិបាក​ប្រាប់​ណាស់ អំពី​ចំនួន​ចង្ក្រាន​ដែល​ធ្វើ​បាន​ក្នុង​មួយ​ថ្ងៃ​ៗ ព្រោះ​មិន​ទៀត​ទាត់​ដោយសារ​ខ្វះ​កម្លាំង​កម្មករ​ធ្វើ​»​។ ប៉ុន្តែ​អ្នកស្រី ម៉ៅ បាន​ប្រាប់​ថា ការ​ផលិត​ចង្ក្រាន​នេះ គឺ​យើង​ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ​ដែរ រហូត​ធ្វើ​បាន​គ្រប់​ចំនួន​ទើប​ប​ញ្ជូ​ល​ដុត​ក្នុង​«​ឡ​»​ម្ដង​។ គាត់​បាន​បញ្ជាក់​ដែរ​ថា ក្នុង​មួយ​ខែ យើង​អាច​ផលិត​ចង្ក្រាន​បញ្ចូល​ក្នុង​«​ឡ​»​ដុត​បាន​០២​ដង ហើយ​ដុត​ម្ដង​បាន​ចំនួន​៨០០​ចង្ក្រាន​។

នៅ​ក្នុង​រោង​សិប្បកម្ម​ដ៏​ធំ​ល្មម របស់​អ្នកស្រី ញ៉ឹ​ក ស្រី​ម៉ៅ ដែល​ស្អេកស្កះ​ទៅ​ដោយ​សម្ភារៈ​សម្រាប់​ផលិត​ចង្ក្រាន​។ គេ​ឃើញ​មាន​ចង្ក្រាន​តូច​ធំ​គ្រប់​ខ្នាត ដែល​ខ្លះ​ផលិត​រួច​ត្រៀម​ប​ញ្ជូ​ល​ដុត​ក្នុង​ឡ រីឯ​ចង្ក្រាន​ខ្លះ​ទៀត​ផលិត​រួច តែ​មិន​ទាន់​ស្រោប​ដែក​។ ប៉ុន្តែ​គេ​ឃើញ​កម្មករ​ដែល​កំពុង​មមាញឹក មាន​តែ​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ រាប់​ទាំង​ថៅកែ​ស្រី និង ស្វាមី​គាត់​ផង​។ កម្មករ​ទាំងនោះ បាន​បំពេញការងារ​ផ្សេង​ៗ​គ្នា​ទៅ​តាម​ជំនាញ​។ កម្មករ​ខ្លះ កាត់​ជ្រៀក​ដែក​ធ្វើ​សំបក​ស្រោប​ចង្ក្រាន និង ខ្លះ​ទៀត​ផលិត​ចង្ក្រាន ឬ កែស​ម្រូ​ល​ផលិតផល​ពាក់​បណ្ដាល​សម្រេច មុន​ពេល​ដឹក​ប​ញ្ជូ​ល​ក្នុង​«​ឡ​»​។

ជាមួយនឹង​ការងារ​ញ៉ាប់​ដៃ​ស្មេរ ហាក់​គ្មាន​ពេលទំនេរ​សោះ លោក ឆៃ ជា​កម្មករ​ជំនាញ​ម្នាក់ បាន​ឆ្លៀត​ផ្ដល់​បទ​សម្ភាស​ន៏​ជាមួយ​កោះសន្តិភាព​បណ្ដើរ​ថា «​ខ្ញុំ​បាន​រៀន​ធ្វើ​ចង្ក្រានឡូវ​នេះ ច្រើន​ឆ្នាំ​ដែរ​ហើយ​។ អ្នក​ធ្វើ​ចង្ក្រាន​នៅ​ទី​នេះ មាន​ជំនាញ​ផ្សេង​ៗ​គ្នា អ្នកខ្លះ​កិន​ដី អ្នកខ្លះ​ចាក់​ពុ​ម្ភ​ចង្ក្រាន និង អ្នកខ្លះ​កាត់​ដែក​ស្រោប​ចង្ក្រាន តែ​ខ្ញុំ​ជា​អ្នក​កែស​ម្រូ​ល​ផលិតផល ពាក់កណ្ដាល​សម្រេច មុន​ពេល​យក​ប​ញ្ជូ​ល​ឡ​ដុត​»​។ នៅ​ពេល​សួរ​ថា ការងារ​ធ្វើ​ចង្ក្រាន​ចឹ​ង តើ​លំបាក​យ៉ាងម៉េច​ដែរ ? យុវជន​រូប​នេះ​ងើបមុខ រួច​ស៊ើ​ច​.. ជាមួយនឹង​ការ​ផ្ដល់​ឆ្លើយ​យ៉ាង​ខ្លី​ថា « និយាយ​ទៅ​បើ​ចេះ ដូច​ជា​អត់​ពិបាក​អី​ផង​.. យ៉ាប់​តែ​យើង​អត់​ចេះ​តើ​.. បើ​ចេះ​ដាក់​ទៅ​អត់​ពិបាក​អី​ទេ​..»​។

ពាក់ព័ន្ធ​នឹង​ទីផ្សារ​វិញ បើ​តាម​អ្នកស្រី ញ៉ឹ​ក ស្រី​ម៉ៅ ម្ចាស់​សិប្បកម្ម​នេះ បាន​និយាយ​ថា ចំពោះ​ទីផ្សារ​លក់​ចង្ក្រាន ហាក់​មិន​មាន​បញ្ហា​ទេ ព្រោះ​ជា​ទូទៅ​មាន​ម៉ូយ​មក​យក​ដល់​កន្លែង លក់ដាច់​ណាស់​..​។ ប៉ុន្តែ​ពេល​ខ្លះ​យើង​ដឹក​ជញ្ជូន​យក​ទៅ​ឲ្យ​ម៉ូយ​ដល់ទី​ផ្សារ តែបើ​ជាប់រវល់​ខ្លាំង គឺ​ម៉ូយ​មក​យក​ខ្លួនឯង ហើយ​មាន​ប៉ុន្មាន​ក៏​មិន​សល់​ដែរ ពេល​ខ្លះ​ធ្វើ​មិន​ទាន់​ទៀត​ផង​។ បើ​និយាយ​ពី​តំលៃ​លក់​វិញ អ្នកស្រី ម៉ៅ បាន​បញ្ជាក់​ដែរ​ថា ទាំង​តំលៃ​បោះ​ដុំ និង លក់រាយ គឺ​មាន​តំលៃ​ចន្លោះ​ពី​១៣,០០០​រៀល ដល់ ៥០,០០០​រៀល ទៅ​តាម​ចង្ក្រាន​ខ្នាត​តូច​ឬ​ធំ​។

រីឯ​ការ​ចំណាយ បើ​តាម​ថៅកែ​សិប្បកម្ម​ចង្ក្រាន​រូប​នេះ បាន​ប្រាប់​ថា ការ​ផ​លិ​ផ​ចង្ក្រាន​«​ឡូ​វ​» នេះ​យើង​ត្រូវ​ចំណាយ​ទៅ​លើការ​ទិញ​អង្កាម​ដុត ទិញ​ដែក សំបក​ធុង ឬ ប៉ោត​ខ្មាញ់ សម្រាប់​ស្រោប​ចង្ក្រាន (​សំបក​ក្រៅ​) ទិញ​ដី​កិន​ធ្វើ​ចង្ក្រាន និង ចំណាយ​លើ​ថ្លៃ​ឈ្នូ​ល​កម្មករ​។ ដូច្នេះ​ទូទាត់​ទៅ​លើ​ការ​ចំណាយ​ទាំងនេះ មិនសូវ​ចំណេញ​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​យើង​អាច​ធ្វើ​បាន​ជោគជ័យ ក្នុង​រយះ​ពេល​ជាង​២០​ឆ្នាំ​កន្លង​ទៅ​នេះ ដោយសារ​តែ​ចង្ក្រាន​មាន​ទីផ្សារ​ល្អ​។

សិប្បកម្ម​ផលិត​ចង្ក្រាន​«​ឡូ​វ​» ដែល​មាន​លក្ខណៈ​ធំដុំ​បែប​នេះ ទំនង​មាន​មិន​ច្រើន​កន្លែង​ទេ សម្រាប់​នៅ​ខេត្តបាត់ដំបង​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី ញ៉ឹ​ក ស្រី​ម៉ៅ​។ គេ​សង្កេត​ឃើញ​ឈ្មួញ​ជា​ច្រើន​តែង​ដឹក​ចង្ក្រាន​ប្រភេទ​ដូច​គ្នា​នេះ តាម​រទេះគោ ឬ តាម​រថយន្ត​កែ​ច្នៃ​ផ្សេង​ៗ តាម​ដង​វិ​ថី​នានា មិន​ថា នៅ​តាម​ទីប្រជុំជន ឬ តាម​ជនបទ​ដាច់​ស្រ​យ៉ា​ល​នោះ​ទេ​។ ប៉ុន្តែ​បើ​តាម​អ្នកស្រី ម៉ៅ បាន​ប្រាប់​ថា អ្នក​ដឹក​ចង្ក្រាន​លក់​តាម​រទេះ​ឬ​តាម​រថយន្ត​ទាំងនោះ ភាគច្រើន​មិនមែន​ជា​ផលិតផល​ដែល​ធ្វើ​នៅ​តាម​សិប្បកម្ម​ក្នុង​ខេត្តបាត់ដំបង​ឡើយ​។

អ្នកស្រី បាន​បញ្ជាក់​ថា ចង្ក្រាន​ទាំងនោះ ដឹក​មក​ពី​តាម​បណ្ដា​ខេត្ត​នានា ជា​ពិសេស​ចង្ក្រាន​ផលិត​នៅ​ខេត្តកំពង់ឆ្នាំង តែ​មានគុណ​ភាពល្អ​គ្រាន់បើ​ដែរ​។ ចំណែក​ចង្ក្រាន​របស់​អ្នកស្រី គឺ​មិន​មាន​បោះ​ឲ្យ​ម៉ូយ​នៅ​ក្រៅ​ខេត្ត​ទេ​។ ព្រោះ​សិប្បកម្ម​របស់​អ្នកស្រី រួម​ទាំង​សិប្បកម្ម​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត ដែល​ផលិត​ចង្ក្រាន​សព្វ​ថ្ងៃនេះ ធ្វើ​មិន​ទាន់​តម្រូវការ​អតិថិជន​នៅ​ក្នុង​ខេត្ត​ផង​។ ហើយ​បើ​តាម​អ្នកស្រី​ដឹង ចំនួន​សិប្បកម្ម​ផលិត​ចង្ក្រាន​«​ឡូ​វ​» នៅ​ក្នុង​ខេត្តបាត់ដំបង មាន​តែ​ប៉ុន្មាន​ទីតាំង​ប៉ុណ្ណោះ ដែល​ផលិត​មានគុណ​ភាព និង ត្រិ​ម​ត្រូវ​តាម​ការ​បណ្ដុះបណ្ដាល​របស់​អង្គការ​មួយ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​៕

អត្ថបទសរសេរ ដោយ