ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្គាល់​តែ​ប្រាសាទភ្នំជីសូ​រ្យ! តោះ​មក​ស្គាល់​​​ប្រាសាទ​សែន​ត្មុ​ល សែន​រវាំង និង​ទន្លេ​អុំម្តង

8 ខែ មុន
  • តាកែវ

ខេត្តតាកែវ​៖​ប្រាសាទភ្នំជីសូ​រ្យ ស្ថិត​ក្នុង​រចនាបថ​ឃ្លាំង និង​បា​ភួ​ន សាងសង់​មុន​ប្រាសាទអង្គរវត្ត​ទៅ​ទៀត នា​ដើម​សតវត្សរ៍​ទី​១១ អំឡុង​ឆ្នាំ​១០១០​ដល់​១០១២​នៃ​គ​.​ស​។ ប្រាសាទ​នេះ កសាង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ឧទ្ទិស​ថ្វាយ​ព្រះ​សិវៈ…

ខេត្តតាកែវ​៖​ប្រាសាទភ្នំជីសូ​រ្យ ស្ថិត​ក្នុង​រចនាបថ​ឃ្លាំង និង​បា​ភួ​ន សាងសង់​មុន​ប្រាសាទអង្គរវត្ត​ទៅ​ទៀត នា​ដើម​សតវត្សរ៍​ទី​១១ អំឡុង​ឆ្នាំ​១០១០​ដល់​១០១២​នៃ​គ​.​ស​។ ប្រាសាទ​នេះ កសាង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ឧទ្ទិស​ថ្វាយ​ព្រះ​សិវៈ ព្រាហ្មណ៍​សាសនា ។
ប្រាសាទភ្នំជីសូ​រ្យ ស្ថិត​នៅ​ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ នៅ​ជាប់​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវជាតិ​ជាតិ​លេខ​២ ។

តាម​រយៈ​សិលាចារឹក បញ្ជាក់​ពី​ឈ្មោះ​ដើម​ថា «​ស្រី​សូរ្យ​ប​ព៌​ត​» ឬ​«​សូរ្យ​ប​ព៌​ត​» ដែល​ប​ព៌​ត​មាន​ន័យ​ថា​ភ្នំ នោះ​បាន​បញ្ជាក់​ថា​ជា​ភ្នំ​របស់​អង្គ​ក្សត្រ​សូរ្យ​វរ្ម័ន​ទី​១ ។ បើ​តាម​សិលាចារឹក​មួយទៀត​នៅ​ប្រាសាទព្រះវិហារ ជួរ​ភ្នំ​ដងរែក បុព្វបុរស​បាន​ចារឹក​រៀបរាប់​ពី​ការ​ប្រារព្ធ​ពិធី​សិវលិង្គ​ឈ្មោះ សូរ្យ​វិ​មេ​ស្វរៈ នៅ​ប្រាសាទ​សូរ្យ​ទ្រី ឬ​ជី​សូរ នា​ឆ្នាំ​១០១៨ នៃ​គ​.​ស រីឯ​សិលាចារឹក​នៅ​អង្គរ​វិញ​គេ​បាន​ហៅ​ភ្នំ​ជី​សូរ្យ​ថា «​ស្រី​សូរ្យ​គិរី​» (​ដែល​គិរី​ក៏​មាន​ន័យ​ថា​ភ្នំ​) ។

ក្រុម​កណ្ដាល​ស្ថិត​នៅ​លើ​កំពូលភ្នំ ព័​ន្ឋ​ដោយ​ថេ​វ​ជុំវិញ​មាន​ខ្លោង​ទ្វារធំ​ពីរ​នៅ​ខាងលិច និង​ខាង​កើត ។ នៅ​ចំ​កណ្តាល​បរិវេណ​គឺ​ប្រាង្គ​សក្ការៈ​មាន​ប្លង់​កាកបាទ​ត​លយ​ទៅ​ខាងកើត​ដោយ​មណ្ឌប ។ នៅ​អម​ខាង​មុខ​ប្រាង្គ​សក្ការៈ​មាន​ហោត្រៃ​(​បណ្ណាល័យ​)​ពីរ​បែរមុខ​ទៅ​ទិស​ខាងលិច ។

លុះ​សម័យ​ក្រោយ​អង្គរ ភ្នំ​ជី​សូរ្យ​ក៏​នៅ​ជាទី​សក្ការៈបូជា​របស់​អ្នកស្រុក ក៏​ប៉ុន្តែ​ប្រាសាទ​នេះ​ក៏​បាន​ប្រែក្លាយ​ពី​សាសនា​ព្រហ្មញ្ញ មក​សាសនា​ព្រះ​ពុ​ទ្ឋ​វិញ ដោយ​សំណង់​សក្ការៈ​បាន​កែ​មក​ជា​ចេតិយ ហើយ​មណ្ឌប​ក៏​បាន​កែ​ជា​ឧបោសថាគារ​(​ព្រះ​វិហារ​) ក្នុង​ន័យ​ព្រះ​ពុ​ទ្ឋ​សាសនិក គោរព​ព្រះ​សិរិ​រឹក​ធាតុ នា​ពេល​បច្ចុប្បន្ន​ប្រាង្គ​សក្ការៈ ប្រជាជន​និយម​ហៅ​ថា ព្រះ​វិហារ​ក្នុង ។

នៅ​ឆ្នាំ​១៩៣៦ សាលា​ចុង​បូ​ព៌ា ធ្លាប់​បាន​ជួសជុល​ប្រាសាទ​នេះ​ម្ដង​ហើយ តែ​គួរ​ឱ្យ​ស្ដាយ​ប្រាសាទ​នេះ​មួយ​ភាគ​ធំ​បាន​ខូចខាត ដោយ​ការ​ទម្លាក់​គ្រាប់ ក្នុង​អំឡុង​សង្គ្រាម នា​ដើម​ទសវត្សរ៍​១៩៧០ ។

មហា​ប្រាសាទភ្នំជីសូ​រ្យ បាន​កសាង​តាម​ប្លង់​រៀប​ជា​អ័ក្ស​បណ្តោយ​ពី​លិចទៅ​កើត រត់​ត​គ្នា​រវាង​ក្រុម​កណ្តាល​ដែល​នៅ​លើ​កំពូលភ្នំ ចុះ​មក «​ប្រាសាទ​សែន​ត្មុ​ល​» (​សែន​ធ្មុ​ល​) ដែល​ពាក្យ​ត្មុ​ល​ក្នុង​ភាសាបាលី​មាន​ន័យ​ថា «​គោ​» ដែល​សំដៅលើ​គោ​ន​ន្ទី ដែល​ជា​យានជំនិះ​របស់​ព្រះ​ឥសូរ ហើយ​ចម្លាក់​តម្កល់​នៅ​ក្នុង​ប្រាសាទ​នេះ ។

ទៅ​មុខ​ទៀត​នឹង​ទៅ​ដល់ «​ប្រាសាទ​សែន​រវាំង​» (​សែន​ភូវាំង​) ដែល​ទាំង​ប្រាសាទ​សែន​ត្មុ​ល និង​ប្រាសាទ​សែន​រវាំង មាន​រាង​ជា​កាកបាទ បង្ហួស​ទៅ​មុខ​នឹង​ទៅ​ដល់​ទន្លេ​អុំ (​ទន្លេ​ឱម​) ដែល​ជា​បារាយណ៍​នា​បុរាណកាល សម្រាប់​ប្រើប្រាស់ និង​ប្រារព្ធ​ពិធី​សាសនា ។

ប្រាសាទ​សែន​រវាំង មានរឿង​ព្រេង​និទាន​ថា មាន​មហាក្សត្រ​មួយ​អង្គ​គង់នៅ​ព្រះរាជ​និវេសន៍​មួយ​កន្លែង​ឋិត​នៅ​ខាងកើត​ភ្នំ​ជី​សូរ្យ​នៅ​ជិត​ទន្លេ​មួយ​ឈ្មោះ​ថា​«​ទន្លេ​ឱម​»​។ រាជនិវេសន៍​នោះ​ឈ្មោះ​ថា «​សែន​រវាំង ឬ​សែន​ភូវាំង​» ដែល​មានឈ្មោះ និង​ស្លាកស្នាម​នៃ​ទីកន្លែង​មក​ទល់​នឹង​សព្វ​ថ្ងៃនេះ ។

កាល​ណោះ​មានការ​រៀបចំ​ពិធី​មួយ​ហៅ​ថា​ជា​ការ​កោរសក់​កូន​ស្តេច ដែល​ពាក្យ​រាជ​ស័ព្ទ ហៅ​ថា​ពិធី​ចម្រើន ព្រះ​កេស ព្រះ​រាជឱរស ។ ក្នុង​គ្រានោះ​ដែរ ក៏​មាន​ពួក​ព្រាហ្មណ៍ ជា​គ្រូអាចារ្យ សំខាន់​ៗ បាន​ជូនពរ​សព្ទ សាធុការពរ​ជ័យ​ដល់​ព្រះ​រាជឱរស​នោះ ។ ប៉ុន្តែ​គេ​បាន​ចាប់អារម្មណ៍​ចំពោះ​ព្រាហ្មណ៍​ចុង​ក្រោយ​ដែល​បាន​ជូនពរ​ជ័យ​ដល់​ព្រះរាជ ឱរស​ថា សូម​ឲ្យ​ខ្លាំង​ដូច​ស្រមោច ឲ្យ​ពូកែ​ដូច​ខ្មោច និង​មានចិត្ត​មុត​ដូច​ស្រី ។ គ្រានោះ​ដែរ​មជ្ឈដ្ឋាន​ភ្ញៀវ​ចូលរួម​ទាំងអស និង​ព្រះមហា​ក្សត្រ​ផង​ដែរ បាន​ឆ្ងល់​ទៅ​នឹង​ខ្លឹមសារ​នៃ​ពរ​ជ័យ​នោះ ហើយ​សេ្ត​ច​ក៏​បាន​ឲ្យ​ព្រាហ្មណ៍​នោះ​ពន្យល់​ដើម្បី​ឲ្យ​អស់​សង្ស័យ​។ ព្រាហ្មណ៍​នោះ​បាន​បកស្រាយ​ដូច​តទៅ​៖

ពរ​ទី​១ «​ខ្លាំង​ដូច​ស្រមោច​» គឺ​សំដៅ​ទៅ​លើ​ការ​កំណត់​ច្បាស់​ថា ស្រមោច​វា​ជា​សត្វ​មាន​កម្លាំង​ខ្លាំង ។ ទន្ទឹម​នេះ​ដែរ​ព្រាហ្មណ៍​បាន​បញ្ជាក់​ថា ឲ្យ​យក​ដែក​ប៉ុន​ខ្លួន​មនុស្ស​ហើយ​ឲ្យ​មនុស្ស​លើក​ម្នាក់ឯង ។ ពេល​នោះ​មនុស្ស​លើក​ដែក​នោះ​ពុំ​រួច​ទេ ។ ប៉ុន្តែ​បើ​គេ​យក​ម្ជុល​ទំហំ​ប៉ុន​ខ្លួន​ស្រមោច ហើយ​ប្រឡាក់​ទឹកឃ្មុំ​នោះ គេ​ឃើញ​ស្រមោច​មួយ​ពាំ​ទៅ​បាត់ ។ នេះ​ហើយ​ដែល​ហៅ​ថា ខ្លាំង​ដូច​ស្រមោច ។

ពរ​ទី​២«​ពូកែ​ដូច​ខ្មោច​» គឺ​ឲ្យ​យក​ខ្មោចតៃហោង​ទាំង​៧ ទៅ​កប់​នៅ​ផ្នូរ ជិត​ៗ គ្នា​បរិវេណ​តែ​មួយ​មាន​រាង​ជា​រង្វង់ ហើយ​មាន​កប់​ផ្តិលប្រាក់​នៅ​ទី​កណ្តាល​នោះ​ដែរ ។ នៅ​ពេល​យប់​គេ​មាន​រៀបចំ ពែ​អុជ​ធូប​សែន នៅ​ទីនោះ​ដែល​គេ​សួរ​ថា តើ​មាន​នរណា​ហ៊ាន​ទៅ​ជីក កកាយ​យក​ផ្តិលប្រាក់​ទាំង​យប់ ឬ​ក៏​អត់ ? គេ​ថា មិន​មាន​នរណា​ហ៊ាន​ទៅ​ជីក​យក​ទេ ។ នេះ​ហើយ​ដែល​គេ​ហៅ​ថា មាន​ឫទ្ធិ​ពូកែ​ដូច​ខ្មោច​នោះ ។

ពរ​ទី​៣«​ចិត្តមុត​ដូច​ស្រី​» គឺ​មានដំណើរ​រឿង​ជាក់ស្តែង​ដែល​បាន​បង្ហាញ​ថា ស្ត្រី​មានចិត្ត​ដាច់​ដោយ​ហ៊ាន​សម្លាប់​ប្តី ដើម្បី​បានទ្រព្យ​សម្បត្តិ និង​កិត្តិយស ។ ចំណែកឯ​ប្តី​វិញ​មិន​ហ៊ាន​សម្លាប់​ប្រពន្ធ​ដើម្បី​ទ្រព្យសម្បត្តិ និង​បុណ្យ​សក្តិ​នោះ​ឡើយ ។ នេះ​ហើយ​ដែល​មានការ​លើក​ឧទាហរណ៍ បញ្ជាក់​ឲ្យ​ឃើញជាក់ស្តែង​ថា ពិតជា​ស្ត្រីភាព​មានចិត្ត​មុត​មែន ។

នៅ​ពេល​ដែល​ទទួល​ជ្រាប​បាន​ច្បាស់​ពី​អត្ថន័យ​តាម​ការ​ជូនពរ​នោះ​ហើយ ភ្ញៀវ​ទាំងអស់​ក្នុង​ពិធី​នោះ​ព្រមទាំង​ព្រះមហាក្សត្រ​ផង បាន​យល់ព្រម ហើយ​ក៏​គាំទ្រ និង​លើកតម្កើង ព្រាហ្មណ៍​នោះ​ជា​រាជគ្រូ​ក្នុង​ការ​បង្ហាត់បង្រៀន​ដល់​បុត្រ​ទ្រង់​ទៀត​ផង ។ មិនតែប៉ុណ្ណោះ​ព្រះមហាក្សត្រ​បាន​កសាង​អាស្រម​នៅ​លើ​ភ្នំ​ជី​សូរ្យ គឺ​ប្រាសាទភ្នំជីសូ​រ្យ​នេះឯង ទុកជា​មរតក​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ដើម្បី​ជូន​ដល់​ព្រាហ្មណ៍​នោះ គង់នៅ ព្រមទាំង​ធ្វើ​ជា​បូជនីយដ្ឋាន​នៃ​ការ​គោរព​សក្ការៈ​ផង​ដែរ ៕