ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្លា.ប់​ក្នុង​ពេល​ច​ត្តា​ឡី​ស័ក​ មិន​​គួរ​កើត​មាន​

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល បាន​ចេញផ្សាយ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ទាំង​កណ្តាល​អធ្រាត្រ កាលពី​យប់​ថ្ងៃ​ទី​២ ឆ្លង​ចូល​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ២០២០ ពី​ករណី​ស្លាប់​ពលករ​ម្នាក់ មក​ពី​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២ ខែមករា…

ក្រសួងសុខាភិបាល បាន​ចេញផ្សាយ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ទាំង​កណ្តាល​អធ្រាត្រ កាលពី​យប់​ថ្ងៃ​ទី​២ ឆ្លង​ចូល​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ២០២០ ពី​ករណី​ស្លាប់​ពលករ​ម្នាក់ មក​ពី​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២១ ។ នេះ​ជា​ករណី​អ្នក​ស្លាប់​ទី​២​ហើយ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែល​បាន​កើតឡើង ក្នុង​ខេត្ត​ត្បូងឃ្មុំ​តែ​មួយ ។

សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល លើក​ឡើ​ថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ ក្នុង​ខេត្ត​ត្បូងឃ្មុំ (​វិទ្យាល័យ​ត្បូងឃ្មុំ​) វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២១ ។ នោះ​គឺ​បុរស​ម្នាក់ អាយុ​៥២​ឆ្នាំ មានអា​សយដ្ឋាន នៅ​ភូមិ​មេលោង ឃុំ​មៀន ស្រុក​អូរ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ ។

ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា បុរស​នេះ​ជា​ពលករ​ខ្មែរ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ឈុ​ន​បូ​រី ប្រទេស​ថៃ ចូល​មក​កម្ពុជា តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ក្នុង​ខេត្តឧត្តរ​មាន​ជ័យ កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ក្រោយ​ពី​បាន​ពិនិត្យ​សុខភាព នៅ​ច្រក​អូរ​ស្មាច់​រួចរាល់​ក៏​មានការ​ចាត់ចែង​បញ្ជូន​គាត់ បន្ត​មក​ខេត្ត​ត្បូងឃ្មុំ តាម​រថយន្ត​ដឹក​ជញ្ជូន​របស់​យោធា​មក​ដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​២ ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៧​ព្រឹក និង​បាន​យក​វត្ថុ​សំណាក ផ្ញើ​ទៅ​ធ្វើ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ដដែល ហើយ​លទ្ធផល​តេស្ត លើក​ទី​១ របស់​គាត់ នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ គឺ​អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ។

ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា នៅ​ពេល​គេ​បាន​គាស់​ទ្វារ​បន្ទប់ទឹក នៅ​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២១ ក៏​ឃើញ​បុរស​រូប​នោះ បាន​ដេក​ស្លាប់​ក្នុង​បន្ទប់ទឹក ។ ក្រុមការងារ​កោសល្យ​វិ​ច្ច័​យ បាន​ពិនិត្យ​លើ​ខ្លួន​សាកសព ឃើញ​មាន​ស្នាម​បែកក្បាល​ហូរ​ឈាម ក្នុង​ស្ថានភាព​របៀប​ជា​បាន​ដួល​បោក​ក្បាល ទៅ​នឹង​ចាន​បង្គន់​ផង​ដែរ ។

ក្រសួងសុខាភិបាល ក៏​បាន​លើក​ឡើង​ថា ភរិយា​សព​បាន​បញ្ជាក់​ថា សាមី​សព ធ្លាប់​មាន ជំងឺ​បេះដូង និង​មានការ​ព្យាបាល​កន្លង​មក នៅ​ប្រទេស​ថៃ ជា​យូរ​មក​ហើយ​ដែរ​។ ប៉ុន្តែ​ក្នុងអំឡុងពេល​សម្រាក​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ បុរស​រង​គ្រោះ មិន​បាន​ប្រាប់​ក្រុម​គ្រួសារ​ពេទ្យ ពី​ប្រវត្តិ ដែល​គាត់​ធ្លាប់​កើត​ជំងឺ​បេះដូង​នោះ​ទេ ។

សេចក្តី​ប្រកាស បាន​បញ្ជាក់​ថា «​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ​កោសល្យវិច័យ​គឺ សាមី​សព​មាន​ជំងឺ​ចុក​បេះដូង ហើយ​គាំងបេះដូង​ភ្លាម​ៗ ដែល​ធ្វើ​ឲ្យ​ដួល​បោក​ក្បាល​នឹង​កន្ថោរ​បង្គន់​នៅ​វេលា​ម៉ោង​ប្រហែលជា​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២១»​។
គេ​នៅ​ចាំ​ថា នេះ​ជា​ករណី​ទី​២​ហើយ ដែល​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ស្លាប់​នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ។

នោះ​គឺ​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា យុវជន​ម្នាក់​អាយុ​២១​ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​សាលារៀន​មួយ នៅ​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០​។ យុវជន​នោះ គឺ​មិនមែន​ស្លាប់ ដោយសារ​កើត​ជំងឺ​កូ​វី​ដ​១៩​ឡើយ។

ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា យុវជន​អាយុ​២១​ឆ្នាំ ដែល​បាន​ស្លាប់​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ខេត្ត​ត្បូងឃ្មុំ​នោះ មាន​ប្រវត្តិ​ធ្លាប់​ទៅ​ធ្វើការជា​ពលករ នៅ​ប្រទេស ម៉ា​ឡេ​ស៊ី​។ យុវជន​នោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ និង​លួច​ទិញ​ថ្នាំ​ផ្តាសាយ​យក​ទៅ​លេប​ច្រើន​មុខ​។

កាលពី​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២០ ក៏​មាន​ករណី​បុរស​ម្នាក់ ធ្លាក់​ពី​សណ្ឋាគារ ឡុ​ង លីវ ជាន់​ទី​៥ ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ពិនិត្យ​តាមដាន​សុខភាព​រក​មេរោគ​កូ​វី​ដ​១៩ ។ មួយ​ថ្ងៃក្រោយ​ហេតុការណ៍​កាល​ណោះ ត្រូវ​បាន​លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា ក្រោយ​ហេតុការណ៍​បុគ្គល​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហើយ​បានដឹង​ខ្លួន និង​និយាយ​បាន​ខ្លះ​ៗ​ហើយ តែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា តាម​ការ​សាកសួរ​បុគ្គល​នេះ​ផ្ទាល់ គឺ​គាត់​ភ្លាត់​ជើង​ធ្លាក់​មក ដោយសារ​ភាពរ​វើ​យរ​វាយ​របស់​គាត់ ដែល​ជា​ឥទ្ធិពល​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ថ្នាំ​ញៀន ។ ម្យ៉ាង​ក៏​មានការ​ពាក់ព័ន្ធ​ទៅ​លើ​បញ្ហា​ជំពាក់​លុយ​គេ​ច្រើន ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ ។ ការ​ធ្វើតេស្ត​ទឹកនោម​គាត់ គឺ​ឃើញ​មាន​សារធាតុ​ញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន ។ គាត់​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន វីរុស​កូ​វី​ដ​-១៩ តែ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត នៅ​សណ្ឋាគារ ឡុ​ង លីវ តាំងពី​ថ្ងៃ​ទី​២ ខែធ្នូ​មក​ម្ល៉េះ ។

ក្រោយ​ហេតុការណ៍​នោះ​មិនដឹង​ថា បុរស​ធ្លាក់​ពី​ជាន់​ទី​៥ ក្នុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ ស្លាប់ ឬ​រស់​នោះ​ឡើយ ។ ក៏​បាត់​ដំណឹង​ឈឹង​តែ​ម្តង ។ឆ្លង​តាម​ហេតុការណ៍ ៣​ករណី​ធំ​ៗ​ខាងលើ​នេះ នៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​តាមដាន​រក​មេរោគ​កូ​វី​ដ​១៩ គួរតែ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ក្រសួងសុខាភិបាល តាម​រយៈ​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ទូ​ទាំង​ប្រទេស គួរ​បង្កើន​ការ​យកចិត្តទុកដាក់ ដោយ​រឹត​បន្តឹង និង​តាមដាន ដោយ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ឬ​ក៏​ពង្រាយ ភ្នាក់ងារ​តាម​ឃ្លាំមើល​រាល់​ការ​ចេញចូល​ជួប​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ហាមឃាត់ រាល់​ការ​នាំ​យក​ថ្នាំ​ទៅ​ឲ្យ​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងនោះ ។

កន្លែង​ស្នាក់​នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ពិសេស​នៅ​តាម​សាលារៀន គួរតែ​ត្រួតពិនិត្យ​ពី​សុវត្ថិភាព​ឡើង​វិញ ពិសេស​បន្ទប់ទឹក​នេះឯង ។ ជា​បន្ទប់ទឹក​រួម ឬ​ក៏​ដាច់​ដោយឡែក តែ​ត្រូវ​មាន​អនាម័យ និង​ស្អាត​ជា​និច្ច ចៀសវាង​កាន់​ស្លែ បណ្តាល​ឲ្យ​រអិល​និង​គ្រោះថ្នាក់ ។
នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ពិសេស​នៅ​សាលារៀន និង​សណ្ឋាគារ​ក៏​ត្រូវ​តែ​បង្កើន​ការ​យាមកាម ដាក់​វេន​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ទាំង​កងកម្លាំង​ប៉ូលិស និង​ទាំង​ក្រុម​គ្រូពេទ្យ ។

អ្នក​ចូល​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង ក៏​គួរតែ​បង្កើន​ការ​យកចិត្តទុកដាក់ ដោយ​មិន​គួរ​លួច លេបថ្នាំ ឬ​ក៏​លាក់បាំង ព័ត៌មាន​ពី​អាកា​រៈ​ជំងឺ​ខ្លួនឯង​នោះ​ទេ​។ ឈឺ​អី ប្រាប់​គ្រូពេទ្យ ព្រោះ​អ្នក​ដែល​មាន​ជំងឺ​កូ​វី​ដ​១៩ ដែល​មក​ដល់​ព្រឹក ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២១ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​យើង រក​ឃើញ​សរុប​ចំនួន ៣៨១​នាក់ គឺ​មិន​មាន​នរណា​ម្នាក់ ឈឺ​រហូត​ដល់​ស្លាប់ ដោយសារ​តែ​កូ​វី​ដ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ មាន​អ្នកជំងឺ​កូ​វី​ដ​១៩ រហូត​ដល់​ទៅ​៣៦២​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ជា​បន្តបន្ទាប់ ។

ដូច្នេះ​អ្នក​ចូល​មក​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​មិន​ទាន់​ទាំង​ឈឺ​ជំងឺ​កូ​វី​ដ​១៩​ផង សូមកុំ​ខ្លាច និង​សូមកុំ​លួចលាក់​ព័ត៌មាន ឬ​ក៏​លួចលាក់​យក​ថ្នាំពេទ្យ​ពី​ក្រៅ​ទៅ​លេប ព្រោះតែ​ចង់​ជា តែ​ទីបំផុត​ដូច​ករណី នៅ​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ គឺ​មិន​បានជា​ឯណា បែរជា​នាំ​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ទៅ​វិញ ។

ម្យ៉ាងទៀត អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក មិន​ថា នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក តាម​សាលារៀន តាម​ផ្ទះសំណាក់ ឬ​ក៏​តាម​សណ្ឋាគារ ហើយ​មិន​ថា នៅ​ស្រុកភូមិ នៅ​ខេត្ត ឬ​ក៏​នៅ​រាជធានី​ភ្នំពេញ​នោះ​ទេ តោង​ទាំងអស់​គ្នា បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ផ្ទាល់ខ្លួន ព្រោះថា អត្រា​កើត​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក តិចតួច​បំផុត ព្រោះថា ការ​ធ្វើតេស្ត​លើក​ទី​១ គឺ​មិន​មាន​រក​ឃើញ​ជំងឺ​នេះ​ឡើយ ។ ដូច្នេះ​គួរតែ​កុំ​ភ័យ​ខ្លាច​ពេក រហូត​ដល់​បង្ក​គ្រោះថ្នាក់ ភ័ន្ត​ស្មារតី រអិល​ជើង ធ្លាក់​ពីលើ​សណ្ឋាគារ ឬ​ក៏​ដួល​បោក​ក្បាល នៅ​ក្នុង​បន្ទប់ទឹក ជាដើម​នោះ​ឡើយ​។

ដូច្នេះ​សូមអ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ សូម​ទុកចិត្ត​លើ​ក្រុម​គ្រូពេទ្យ​ខ្មែរ​យើង ហើយ​ប្រាប់​ពី​អាកា​រៈ​របស់​ខ្លួន ដោយ​ត្រង់​ទៅ​ត្រង់​មក ទៅ​កាន់​ក្រុម​គ្រូពេទ្យ ។ ក្នុង​នោះ អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ផ្ទាល់ខ្លួន ក្នុង​ពេល​រស់នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃនេះ​។ មិនយូរ​ទេ ចាត់​ទុក​ថា ជា​ការ​សម្រាក​ពី​ការងារ​មួយ​រយៈ​ប៉ុណ្ណោះ ។

សូម​ទុកចិត្ត​គ្រូពេទ្យ​របស់​យើង​ហើយ​ស្មោះត្រង់​ផ្តល់​ព័ត៌មាន​ទាក់ទង​សុខភាព​គ្រប់​បែប​យ៉ាង​ដើម្បី​ក្រុម​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​និង​ព្យាបាល​តាម​បច្ចេកទេស​ជួយ​ដល់​សុខភាព​និង​ជីវិត ៕ អត្ថបទដោយ៖ មុត ស្រីពៅ

អត្ថបទសរសេរ ដោយ