នៅ​តំបន់​អង្គរ​មាន​សិលាចារឹក​ភាសា​ភូមា​ចំនួន​១១​កន្លែង​ផ្សេង​គ្នា ហេតុ​អ្វី? – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នៅ​តំបន់​អង្គរ​មាន​សិលាចារឹក​ភាសា​ភូមា​ចំនួន​១១​កន្លែង​ផ្សេង​គ្នា ហេតុ​អ្វី?

2 ខែ មុន
  • Siem Reap

នៅ​តំបន់​អង្គរ​មាន​សិលាចារឹក​ជា​ភាសា​ភូមា​ចំនួន​១១​កន្លែង​ផ្សេង​គ្នា ដែល​បញ្ជាក់​ពី​វត្តមាន​ជន​ជាតិ​ភូមា ។ ក្នុង​ចំណោម​នោះ​៩​កន្លែង​នៅ​ប្រាសាទអង្គរវត្ត និង​២​កន្លែង​ទៀត​ក្នុង​ក្រុង​អង្គរធំ​ក្បែរ​ប្រាសាទបាយ័ន ។ តើ​ពួក​គេ​មក​តំបន់​អង្គរ​ដើម្បី​អ្វី អំឡុង​ពេល​ណា ? លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ជាតិ​អប្សរា…

នៅ​តំបន់​អង្គរ​មាន​សិលាចារឹក​ជា​ភាសា​ភូមា​ចំនួន​១១​កន្លែង​ផ្សេង​គ្នា ដែល​បញ្ជាក់​ពី​វត្តមាន​ជន​ជាតិ​ភូមា ។ ក្នុង​ចំណោម​នោះ​៩​កន្លែង​នៅ​ប្រាសាទអង្គរវត្ត និង​២​កន្លែង​ទៀត​ក្នុង​ក្រុង​អង្គរធំ​ក្បែរ​ប្រាសាទបាយ័ន ។ តើ​ពួក​គេ​មក​តំបន់​អង្គរ​ដើម្បី​អ្វី អំឡុង​ពេល​ណា ?

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​ឃើញ​ទីតាំង​ទាំងនោះ​មាននៅ​តាម​ជើង​សសរ នៅ​ក្បែរ​ក្តារបែន នៅ​ថែវ​ព្រះ​ពាន់ នៅ​ជាន់​បាកាណ និង​នៅ​តាម​ថែវ ខ្លះ​ៗ​នៃ​ប្រាសាទ​អង្គរវត្ត ។ ចំណែកឯ​នៅ​ក្នុង​អង្គរធំ ក្បែរ​ប្រាសាទបាយ័ន សិលាចារឹក​ភាសា​ភូមា​មាននៅ​លើ​សន្លឹក​​សីមា​ភ្លោះ​របស់​ឧបោសថាគារ ព្រះ​អង្គ​ងោក ដែល​ស្ថិត​នៅ​ខាងជើង​នៃ​ប្រាសាទ​មួយ​នេះ។

នៅ​អំឡុង​ឆ្នាំ​២០១៤ និង​២០១៥ អាជ្ញាធរ​ជាតិ​អប្សរា តាម​រយៈ​បុរាណ​វិទូ​លោក​អ៊ឹម សុខ​រិ​ទ្ធី បាន​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ស្រាវជ្រាវ​ភូមា ហើយ​បាន​ជួប​អនុរដ្ឋមន្ត្រី​ភូមា គឺ​លោក​អ៊ូ ថា​ន់​ស្វេ តាម​រយៈ​សាស្ត្រាចារ្យ​ប្រទេស​អង់គ្លេស លោកស្រី Elizabeth Moore អ្នកជំនាញ​ផ្នែក​ប្រវត្តិ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ SOAS នៃ​ទីក្រុង​ឡុ​ង​ដ៍ បាន​ស្វែងរក​ការ​សិក្សា​រួម​គ្នា​មួយ ក្នុង​បំណង​​ដើម្បី​បកប្រែ​ភាសា​ភូមា​ទាំងនោះ ។ នៅ​ឆ្នាំ​ដដែល​ការ​បកប្រែ​ពី​ផ្ទាំង​សិលាចារឹក​ភាសា​ភូមា ត្រូវ​បាន​បោះពុម្ពផ្សាយ​ជា​ភាសា​អង់គ្លេស ។

ទិន្នន័យ​ទូទៅ​ដែល​បាន​ពី​ការ​សិក្សា​គេ​បាន​រក​ឃើញ​ថា អក្សរ​ចារឹក​ដែល​ចារ​ចាស់​ជាងគេ គឺ​នៅ​ដើម​សតវត្សរ៍​ទី​២០ ។ អ្នក​ដែល​បាន​មក​ចារ​ខ្លះមក​ជា​លក្ខណៈ​គ្រួសារ និង​មក​តែឯង ហើយ​អត្ថន័យ​ជា​ទូទៅ គឺ​បញ្ជាក់​ពី​ឈ្មោះ​អ្នក​សរសេរ ពេលវេលា និង​តំបន់​ដែល​ពួក​គេ​រស់នៅ ។

ចំណែក​នៅ​ប្រាសាទបាយ័ន អ្នក​ដែល​ចារ​គឺ​ព្រះសង្ឃ​ភូមា ដែល​លោក​បាន​មក​គោរព​ព្រះ​នៅ​ក្នុង​ប្រាសាទ ជា​ពិសេស​ព្រះ​អង្គ​ងោក​តែ​ម្តង ។ រូប​បដិមា​ព្រះ​អង្គ​ងោក តាម​ការ​សិក្សា​របស់​អ្នក​ស្រាវ​ជ្រាវ ទំនង​មិនមែន​សង់​ឡើង​ដោយ​ជនជាតិ​ខ្មែរ​នោះ​ទេ គឺ​អាច​ជនជាតិ​ភូមា ។

លោក​អ៊ឹ​ម សុខ​រិ​ទ្ធី កន្លង​មក​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​ពី​ទម្រង់ រូបរាង​របស់​ព្រះ​អង្គ​ងោក គឺ​ដូច​ទៅ​នឹង​បដិមា​របស់​ភូមា ។

លោក​អ៊ឹម សុខ​រិ​ទ្ធី បញ្ជាក់​ពី​មូលហេតុ​មាន​ជនជាតិ​ភូមា​នៅ​កម្ពុជា​ថា ពួក​គេ​ទាំងនោះ​មក​ពី​តំបន់ ផ្សេង​ៗ​គ្នា ខ្លះ​ឆ្លងកាត់​តាម​ប្រទេស​ម៉ា​ឡេ​ស៊ី ខ្លះមក​ពី​តំបន់​ខាងជើង​នៃ​ប្រទេស​ភូមា​សព្វថ្ងៃ ដើម្បី​មក​គោរព​បូជា​អង្គរ​ដែល​ជាទី​ឋាន​ព្រះពុទ្ធ​ដ៏​ល្បីល្បាញ និង​សំពះ​ព្រះ និង​ថ្វាយ​តង្វាយ​ដល់​ព្រះ ។

ដោយឡែក​តាម​រយៈ​សិលាចារឹក​ខាង​ដើម បញ្ជាក់​ថា ជនជាតិ​ភូមា​ទាំងនោះ ក៏​មិនមែន​មក​ត្រង់​ពី​ភូមា​នោះ​ដែរ គឺ​មក​ពី​បាត់ដំបង ដែល​ពួក​គេ​រស់នៅ​តំបន់​ប៉ៃលិន ។ ជនជាតិ​ភូមា​ជំនាញ​ខាង​រុករក​ត្បូង​ថ្ម ហើយ​ពួក​គេ​ចូល​មក​ដើម្បី​រុករក​ត្បូង​ថ្ម​មាន​តម្លៃ ។ ប៉ៃលិន ជា​ភាសា​ភូមា ដែល​ប្រែ​ថា ត្បូង​កណ្តៀង ដែល​ក្រោយមក​ក្លាយជា​ស្រុក​មួយ​របស់​ខេត្តបាត់ដំបង ៕