ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់​ហើយ​! ចិញ្ចឹម​ទាកាប៉ា និង​មាន់​ស្រែ​ក្នុង​១​ខែ​រក​ចំណូល​បាន​៤​លាន​រៀល

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​១​គ្រួ​សារបាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណ​:​កសិដ្ឋាន​ចិញ្ចឹម​ទាកាប៉ា និង​សត្វ​មាន់​ស្រែ នៅ​ក្នុង​ចម្ការ​មួយ​កន្លែង​ទទួល​បាន​ជោគជ័យ ពោល គឺ​ចាប់​លក់​រាល់ថ្ងៃ​ដោយ​ក្នុង​១​ខែ​ៗ​ទទួល​បាន​ថវិកា​ចាប់ពី​៣​ទៅ​៤​លាន​រៀល ។ បើ​ទោះបីជា​បញ្ហា​កូ​វី​ដ​-១៩…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​១​គ្រួ​សារបាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណ​:​កសិដ្ឋាន​ចិញ្ចឹម​ទាកាប៉ា និង​សត្វ​មាន់​ស្រែ នៅ​ក្នុង​ចម្ការ​មួយ​កន្លែង​ទទួល​បាន​ជោគជ័យ ពោល គឺ​ចាប់​លក់​រាល់ថ្ងៃ​ដោយ​ក្នុង​១​ខែ​ៗ​ទទួល​បាន​ថវិកា​ចាប់ពី​៣​ទៅ​៤​លាន​រៀល ។

បើ​ទោះបីជា​បញ្ហា​កូ​វី​ដ​-១៩ រំខាន​ដល់​អាជីវកម្ម និង​មុខរបរ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​ការ​ចិញ្ចឹមសត្វ​របស់​គាត់ គ្មាន​បញ្ហា​អ្វី​នោះ​ដែរ ពោល គឺ​មានដំណើរ​ការ​ទៅ​មុខ​យ៉ាង​រលូន តែ​ម្តង ។ ណាមួយ​ដីចម្ការ​ដែល​គាត់​ចិញ្ចឹម គឺ​ធំ​ល​ល្វឹងល្វើយ ស្រឡះ​ល្អ មានទឹក​គ្រប់គ្រាន់ នៅ​ដាច់​ដោយឡែក​ពី​អ្នក​ភូមិ​ដទៃ ។

ជាក់ស្តែង កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ មាន​កសិករ​ម្នាក់​ឈ្មោះ គឹ​ម សុ​គ​ន្ធា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ប្តី​ឈ្មោះ ហឿ​ង សុ​គា រស់នៅ​ក្នុងភូមិ​អូរ​ខ្ទឹង សង្កាត់ អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​បាន​ចិញ្ចឹមសត្វ​ទាកាប៉ា​ជាង​១០០០​ក្បាល និង​មាន់​ស្រែ​ជាង​១០០០​ក្បាល ព្រមទាំង​មាន​មាន់​សាច់​ខ្មៅ ឆ្អឹង​ខ្មៅ នៅ​លើ​ដីចម្ការ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន របស់​បងប្អូន​ដែល​ខ្លួន​កំពុង​មើលថែ​ទាំ​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ឈ្មោះ គឹ​ម សុ​គ​ន្ធា កាលពី​ព្រឹក​ថ្ងៃ​ដដែល​បានឱ្យ​ដឹង​ថា ៖ គាត់​ហើយនឹង​ប្តី​បាន​ទៅ​ដេកចាំ​មើលថែ​ចម្ការ​ឱ្យ​បងប្អូន​នៅ​ក្នុងភូមិ​ខាងលើ ហើយ​ក៏​រក​វិធី ដើម្បី​ឱ្យ​ជីវភាព​ប្រសើរ​ជាង​មុន​ទើប​ពេល​បើក​បាន​ប្រាក់​ឈ្នួល​ពី​ម្ចាស់​ចម្ការ កាលពី​ឆ្នាំ​២០១៩ ក៏​យក​ទៅ​ទិញ​ពូជ​ទាកាប៉ា និង​ពូជ​មាន់​ស្រែ​ដាក់​ចិញ្ចឹម​តែ​ម្តង ។

គាត់​បន្ត​ទៀត​ថា មុន​ដំបូង​គាត់​ចិញ្ចឹម​ទាកាប៉ា​ត្រឹមតែ​១២​ក្បាល​ប៉ុណ្ណោះ ហើយនឹង​មាន់​ស្រែ​តិចតួច លុះ​យូរ​ៗ​ទៅ​ក៏​ចេះ​តែ​កើតកូន​ច្រើន​ឡើង​ៗ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ឆ្នាំ​២០២០​នេះ លក់​បាន​ថវិកា​សម្រាប់​សងបំណុល​គេ និង​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ផង​ដែរ ។ ចំពោះ​សត្វ​ទាកាប៉ា ១​ក្បាល គាត់​លក់​ក្នុង​តម្លៃ​១២០០០​រៀល ទៅ​១៣០០០​រៀល (១​ក្បាលមាន​ទម្ងន់ ២.៥​ទៅ​៣​គីឡូក្រាម​) បើ​លក់រាយ​ក្នុងភូមិ​បាន​១​គីឡូ​គ្រាម តម្លៃ​១៥០០០​រៀល ។

ចំណែក​មាន់​ស្រែ​វិញ គាត់​លក់​ក្នុង​១​ក្បាល តម្លៃ​១៧០០០​រៀល ទៅ​១៨០០០​រៀល ដោយ​ក្នុង​១​ខែ គឺ​លក់​អស់​ជា​ច្រើន​ក្បាល​ជា​ហូរហែ គិត​ជា​ទឹកប្រាក់​ប្រហែល ៣​ទៅ​៤​លាន​រៀល ដែល​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​គាត់ កាន់តែ​ធូរធា​បន្តិច​ម្តង​ៗ អាច​ឱ្យ​ហូប​ចុក​គ្រប់គ្រាន់​ឱ្យ​កូន​រៀនសូត្រ​ចេះ​ដឹង​នឹង​គេ ទោះបីជា​ជម្ងឺ​កូ​វី​ដ​១៩ កំពុង​កើតឡើង​ក៏​គ្មាន​បញ្ហា​នោះ​ដែរ ។ ចំពោះ​ការ​ចិញ្ចឹមសត្វ​ទាកាប៉ា និង​មាន់​ស្រែ​ទាំងនេះ​រហូត​មក​ដល់​ពេល​ឥឡូវ គឺ​ទាកាប៉ា​កើនឡើង​ជាង​១០០០​ក្បាល និង​មាន់​ស្រែ​ក៏​ជិត​១០០០​ក្បាល​ដែរ ។

ស្ត្រី​ខាងលើ​រៀបរាប់​ទាំង​ទឹក​ញញឹមញញែម​បន្ត​ទៀត​ថា គាត់​ក៏​បាន​ចិញ្ចឹមសត្វ​មាន់​សាច់​ខ្មៅ ឆ្អឹង​ខ្មៅ ជា​ច្រើន​ក្បាល​ផង​ដែរ ដោយ​យក​ពូជ​មក​ពី​ខេត្តបន្ទាយមានជ័យ ហើយ​មាន់​មេ សាច់​ខ្មៅ​១​ក្បាល ទម្ងន់​ជាង​១​គីឡូក្រាម អាច​លក់​បាន​ក្នុង​តម្លៃ​៥​ម៉ឺន​រៀល និង​មាន់​ឈ្មោល​សាច់​ខ្មៅ​១​ក្បាល​លក់​បាន​តម្លៃ​១០​ម៉ឺន​រៀល រីឯ​កូន​មាន់​សាច់​ខ្មៅ​តូច​ៗ ១​ក្បាល លក់​តម្លៃ​ក្នុង​១​ក្បាល​លក់​បាន​ថ្លៃ​៨០០០​រៀល ។ ព្រោះ​សាច់​មាន់​ប្រភេទ​សាច់​ខ្មៅ ឆ្អឹង​ខ្មៅ​នេះ មាន​រសជាតិ​ឆ្ងាញ់ ហើយ​ត្រូវ​ថ្នាំ​ព្យា បាល​រោគ​ថែម​ទៀត ។

គាត់​បញ្ជាក់​ទៀត​ថា ការ​ចិញ្ចឹម​មាន់​ទា នៅ​ក្នុង​ចម្ការ​នេះ គឺ​ដី​ធំ​ស្រឡះ​ល្អ អត់​សូវ​មាន​ជម្ងឺ ទោះបីជា​ឈឺ​តិចតួច តែ​គាត់​មាន​វិធី​ក្នុង​ការ​ព្យាបាល និង​ចាប់​មាន់​ដែល​មាន​ជម្ងឺ​ចេញពី​គេ ។ ចំណែក​សត្វ​ទា គឺ​ងាយស្រួល​ចិញ្ចឹម ហើយ​លក់​ឱ្យ​ម៉ូយ​ចូល​ទៅ​ទិញ​ជា​រៀងរាល់ថ្ងៃ ហើយ​ជួនកាល​មាន​បងប្អូន​មក​ពី​ជិត​ឆ្ងាយ​ចូល​ទៅ​លេង ក៏​កាប់​ទទួលភ្ញៀវ​ធ្វើ​ម្ហូបអាហារ​មិន​ខ្វះ​នោះ​ឡើយ ។ គាត់​ក៏​មិន​ភ្លេច​នឹង​ពង្រីក​កសិដ្ឋាន​មួយ​នេះ​ដែរ នៅ​ថ្ងៃ​ខាង​មុខ មិន​ត្រឹមតែ​ចិញ្ចឹម​ទាកាប៉ា មាន់​ស្រែ និង​មាន់​សាច់​ខ្មៅ ឆ្អឹង​ខ្មៅ ប៉ុណ្ណោះ​ទេ គាត់​នឹង​រៀបចំ​ចិញ្ចឹមសត្វ​ក្ងាន​ថែម​ទៀត ព្រោះ​ធំ លក់​បាន​ថ្លៃ ពោល​គឺ​១​ក្បាល អាច​លក់​បាន​ចាប់ពី​៧​ទៅ​១០​ម៉ឺន​រៀល​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ