ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​បើក​ឆាក​នៅ​ប៉ុស្ដិ៍​លេខ​5​ នៅ​តែ​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គូ​បើក​ឆាក​នៅ​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​សៅរ៍ ទី​២៦ ធ្នូ ចុង​ស​ប្ដា​ហ៍ នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍ ដោយសារ​កីឡាករ​ថ្មោងថ្មី​មួយ​រូប​នៅ​តែ​បន្ត​វាយបំបាក់​សិស្ស​ច្បង​ឱ្យ​ចាញ់​ដូច​ស​ប្ដា​ហ៍​មុន​ៗ​ដដែល ខណៈ​ដែល​អ្នក​ឈ្នះ​ក្ន​ង​ស​ប្ដា​ហ៍​នេះ…

រាជធានី​ភ្នំពេញ ៖ គូ​បើក​ឆាក​នៅ​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​សៅរ៍ ទី​២៦ ធ្នូ ចុង​ស​ប្ដា​ហ៍ នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍ ដោយសារ​កីឡាករ​ថ្មោងថ្មី​មួយ​រូប​នៅ​តែ​បន្ត​វាយបំបាក់​សិស្ស​ច្បង​ឱ្យ​ចាញ់​ដូច​ស​ប្ដា​ហ៍​មុន​ៗ​ដដែល ខណៈ​ដែល​អ្នក​ឈ្នះ​ក្ន​ង​ស​ប្ដា​ហ៍​នេះ ក៏​មាន​មហិច្ឆតា​ចង់​ល្បី​និង​ចង់​រួច​ផុត​ពី​គូ​បើក​ឆាក​ផង​ដែរ​។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ​នៅ​តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍ បើ​ទោះជា​ការ​ប្រកួត​នោះ​ធ្វើ​ឡើង​នៅ​សង្វៀន​ព្រែក​កំ​ពិស ដែល​មាន​ចម្ងាយ​ឆ្ងាយ ហើយ​ស្ថិត​ក្នុង​បរិយាកាស​ដែល​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​ឱ្យ​មានការ​ភ័យ​បារម្ភ​។ នៅ​ក្នុង​វី​ដេ​អូ Live ពី​ការ​ប្រកួត​នោះ នៅ​តែ​បង្ហាញ​នូវ​ភាព​ទាក់ទាញ​អ្នក​ចូល​ទស្សនា​ច្រើន​ៗ គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​ផង ។ គូ​បើក​ឆាក​កីឡាករ​បង្គោល​ក្រហម​សូ​ដា ម៉ាឡា​កាំ​ង មក​ពី​ក្លិប​គោព្រៃ​គុន​ខ្មែរ ប្រកួត​ជាមួយ​បង្គោល​ខៀវ ពេជ្រ កក្កដា មក​ពី​ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ ។

គូ​បើក​ឆាក​នេះ មានបទពិសោធន៍​វាយ​ទាត់​ធាក់​ច្រើន​ដង​គួរសម ។ ប៉ុន្តែ​ការ​វាយតប់​លក្ខណៈ​បច្ចេកទេស តាំងពី​ទឹក​ទី​១ រហូត​ដល់​ទឹក​ទី​៤ មិនសូវ​បង្ក​ការ​ជក់ចិត្ត​ដល់​អ្នក​ទស្សនា​ប៉ុន្មាន​ទេ
ដោយ​វាយ​សើរ​ៗ​ដាក់​គ្នា ធ្វើ​ឱ្យ​អាជ្ញាកណ្ដាល​ទទូច​ឱ្យ​ពួក​គេ​ទាំង​២​វាយ​គ្នា​ឱ្យ​អស់ដៃ​ដើម្បី​កុំឱ្យ​ខូច​ក្រេ​ឌី​ត​។ លុះ​ចូល​ដល់​ទឹក​ទី​៥ ពួក​គេ​បាន​បើក​ការ​វា​យស​ន្ឋា​ប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​បែកផ្សែង​ធ្វើ​ឱ្យ​គេឯង​ស្រឡាំងកាំង ។ កំពុង​តែ​ជក់ចិត្ត​ស្រាប់តែ​បង្គោល​ខៀវ​បែរជា​ភ្លាត់ស្នៀត​ធ្វើ​ឱ្យ​បង្គោល​ក្រហម​វាយ​ចូល​ចំ​ផ្ទៃមុខ​ផ្ទួន​ៗ​បណ្ដាល​ឱ្យ​បែក​ច្រមុះ និង​ប៉ោង​ភ្នែក​ខាងឆ្វេង និង​បាក់កម្លាំង​រហូត​ដួល​លើ​ក្ដារ​តា​ពី​ក្រោក​លែង​រួច​តែ​ម្តង​។

អ្នក​ស្នេហា​វិស័យ​ប្រដាល់​នៅ​តែ​យល់​ថា​ការ​ប្រកួត​ប្រដាល់​នៅ​ប៉ុស្តិ៍​លេខ​៥ ទទួល​បាន​ការ​​ចាប់​អារម្មណ៍ ជា ​ពិសេស​ត្រូវ​គេ​កត់​សម្គាល់ថា នៅ​តែ​មានការ​យកចិត្តទុកដាក់​សូ​ម្បី​តែ​ការ​ផ្គូផ្គង​គូ​ដំបូង​ៗ ។ ជាក់ស្ដែង​គូ​បើក​ឆាក ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ឆ្នាំ​២០២០ គឺ​ភស្តុ​តាង​ស្រាប់​។​បង្គោល​ក្រហម ម៉ា​ឡា​កាំ​ង បាន​អះអាង​ថា លោក​ប្រឹងប្រែង​ប្រដាល់​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មានឱកាស​ឡើង​ប្រកួត​ក្នុង​នាម​គូ​ឯក​ឬ​គូ​ពិសេស​នៅឡើយ​ទេ ដោយ​ឡើង​ប្រកួត​គ្រប់​លើក​បាន​ត្រឹមតែ​ជា​គូ​បើក​ឆាក ដែល​លោក​យល់​ថា​មិនសូវ​មានការ​ចាប់អារម្មណ៍​។ សម្រាប់
ការ​ប្រកួត​នៅ​ប៉ុស្តិ៍​លេខ​៥​មុន​នេះ គឺ​លោក​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី និង​អ្នក​សារព័ត៌​មាន​ចាប់​អារម្មណ៍ ដោយ​លោក​ចាត់​ទុក​ថា នេះ​គឺ​ជំហាន​ល្អ​មួយ​នៅ​ក្នុង​វិស័យ​ប្រដាល់​។

លោក​ថា ខ្លួន​ប្រឹង​រាល់ថ្ងៃ​បើ​អាច​បាន​ប្រកួត​ជា​គូ​ឯក ឬ​ជា​គូ​ពិសេស នោះ​គឺជា​អ្វី​ដែល​លោក​ចង់បាន ។ លោក​ថា មិនតូច​ចិត្ត​ទេ ដែល​ប្រកួត​ច្រើន​មក​ហើយ​នៅ​តែ​គេ​ឱ្យ​ប្រកួត​គូ​បើក​ឆាក ប៉ុន្តែ​ក្នុង​ពេល​ដ៏​ខ្លី​លោក​ពិតជា​មាន​ឱកាស​ឡើង​ក្រេ​ឌី​ត ។ ក្នុង​នោះ​លោក​សង្ឃឹមថា ប៉ុស្តិ៍​លេខ​៥ នឹង​មិន​ផ្អាក​ដំណើរការ ប្រកួត​ឬ​បិទទ្វារ​ជា​ថ្មី​ម្ដងទៀត​នោះ​ទេ ដើម្បី​ឱ្យ​លោក​មានការ​រំពឹង​ថា នឹង​ឆាប់​ចេញពី​គូ​បើក​ឆាក​ព្រោះ​ប៉ុស្តិ៍​លេខ​៥ ស្គាល់​ថ្វីដៃ​លោក​ស្រាប់​។ លោក​ក៏​បង្ហាញ​មោទនភាព​ផង​ដែរ​ដែល​អាច​ឈ្នះ​រៀមច្បង​នៅ​ក្នុង​ថ្ងៃ​នោះ​។

មិន​ខុស​ពី​ការ​បារម្ភ លោក សេង ក​ដិ​កា​ អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា បើ​ទោះបី​ជា​នៅ​ក្នុង​ពេល​​នេះ លោក​សារភាព​ថា Sponsors​ មានការ​ប៉ះពាល់​ហើយ​អ្នកចូលរួម​ឧបត្ថម្ភ​ក៏​មាន​ការ​កាត់​បន្ថយ​ចំណាយ​ដែល​ធ្វើ​ឱ្យ​ការ​រៀបចំ​ប្រដាល់​របស់​លោក​ពិបាក​ក្នុង​ការ​ផ្ដល់​តម្លៃ​មួយ​ខ្ពស់​ដល់​កីឡាករ​តាម​ការ​ចង់បាន ស្រប​ពេល​កម្ពុជា​ក៏​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩​ចូល​សហគមន៍​នៅ​ក្នុង​ពេល​នេះ​ទៀត ។

លោក​លើក​ឡើង​ពី​ផល​លំបាក​ថា ការ​រៀបចំ​ប្រដាល់​របស់​លោក​ជា​ថ្មី​ទទួល​បាន​កញ្ចប់​ប្រាក់​ទាប​ជាង​មុន និង​មានការ​ត្អូញត្អែរ​ច្រើន​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធី និង​ថា​ធាតុ​ពិត​ប៉ុស្តិ៍​លេខ​5 មិន​អាច​ដំណើរ​ការ​ការ​ប្រដាល់​របស់​ខ្លួន​បាន​ទៀត​ទេ តែ​ស្ថាប័ន​របស់​លោក​នៅ​តែ​ពុះពារ​ដើម្បី​ចូលរួម​លើក​​ស្ទួយ​​វិស័យ​កីឡា​។ លោក​ថា កម្មវិធី​ដែល​ដំណើរការ​នៅ​ក្នុង​ពេល​នេះ​គឺជា​បទ​ពិសោធន៍​មួយ​ដ៏​លំបាក​តែ​ក៏​ធ្វើ​ឱ្យ​ក្រុមការងារ​ទាំងមូល​រឹង​មាំ​ផង​ដែរ​ក្នុងអំឡុងពេល​ដែល​មាន​ជំងឺ​កូ​វី​ដ​-១៩​បន្ត​ផ្ទុះ​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ