ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនឹងត្រូវ​ផាកពិន័យពី១​លានទៅ ១០​លាន​រៀលបើធ្វើសកម្មភាព៣នេះនៅ​តំបន់​ភ្នំ​ខ្នង​ផ្សារ​

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ក្រសួងបរិស្ថាន បាន​ចេញ​ប្រកាស ដោយ​ហាម​មិន​ឲ្យ​ជិះ​យានយន្ត​គ្រប់​ប្រភេទ​ឡើង​តំបន់​ភ្នំ​ខ្នង​ផ្សារ ហាម​កាប់​ដើមឈើ សូ​ម្បី​តែ​សម្រាប់​ធ្វើ​អុស និង​ហាម​ចោល​សំណល់​រឹង​-​រាវ ប្រសិនជា​មាន​បទល្មើស​នឹង​បម្រាម​ទាំង ៣…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ក្រសួងបរិស្ថាន បាន​ចេញ​ប្រកាស ដោយ​ហាម​មិន​ឲ្យ​ជិះ​យានយន្ត​គ្រប់​ប្រភេទ​ឡើង​តំបន់​ភ្នំ​ខ្នង​ផ្សារ ហាម​កាប់​ដើមឈើ សូ​ម្បី​តែ​សម្រាប់​ធ្វើ​អុស និង​ហាម​ចោល​សំណល់​រឹង​-​រាវ ប្រសិនជា​មាន​បទល្មើស​នឹង​បម្រាម​ទាំង ៣ នេះ ត្រូវ​ផាកពិន័យ​ពី ១​លាន ទៅ ១០​លាន​រៀល​។


ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​បាន​បន្ត​ថា ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា កន្លង​មក​មាន​ទេសចរ​ជា​ច្រើន​បាន​ធ្វើ​បាន​ធ្វើ​ដំណើរ​ទៅ​លេង​កំសាន្ត​នៅ​ភ្នំ​ខ្នង​ផ្សារ នៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ដើម្បី​គយគន់​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ល្អ​ស្អាត មាន​ជា​អាទិ៍​៖ ព្រះ​សុរិយា​ចាប់​រះ​ឡើង ព្រះ​សុរិយា​រៀប​អស្តង្គត ដុំ​ពពក​ហោះ​ខ្មួលខ្មាញ់ ទេសភាព​វាលស្មៅ និង​ព្រៃ​ព្រឹក្សា ហ្វូង​សត្វ​បក្សាបក្សី និង​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ដែល​ទេសចរ​ប្រសិទ្ធ​នាម​តំបន់​ភ្នំ​ខ្នង​ផ្សារ​នេះ​ថា «​ឋានសួគ៌​ធម្មជាតិ​»​។


ក្រសួងបរិស្ថាន​បាន​បន្ត​ថា មាន​ទេសចរ​មួយ​ចំនួន ប្រើប្រាស់​យានយន្ត កាប់​ដើមឈើ​សម្រាប់​ធ្វើ​អុស និង​ធ្វើ​ជំរុំ​ស្នាក់​នៅ និង​ចោល​សំណល់​រឹង​-​រាវ ដែល​បង្ក​ការ​បំផ្លាញ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​តំបន់​ទេសភាព​នៃ​ឋានសួគ៌​ធម្មជាតិ​ភ្នំ​ខ្នង​ផ្សារ​នេះ​។


ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង និង​ថែរក្សា​ឋានសួគ៌​ធម្មជាតិ​តំបន់​ភ្នំ​ខ្នង​ផ្សារ​នៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល សម្រាប់​ជា​ប្រយោជន៍​យូរអង្វែង​របស់​សង្គម​ជាតិ ក្រសួងបរិស្ថាន ក្នុង​នាម​រដ្ឋបាល​កាន់កាប់​តំបន់ការពារធម្មជាតិ សូម​ដាក់​ចេញ​នូវ​វិធានការ ដូច​ខាង
ក្រោម​៖
-​ហាម​រាល់​សកម្មភាព​ប្រើប្រាស់​យានយន្ត​ឡើង​ទៅ​តំបន់​ភ្នំ​ខ្នង​ផ្សារ​ជា​ដាច់ខាត ក្នុង​ករណី​ចាំបាច់ ត្រូវ​មានការ​អនុញ្ញាត​ជា​មុន​ពី​សមត្ថកិច្ច​ក្រសួងបរិស្ថាន​។
-​ហាម​រាល់​សកម្មភាព​កាប់​ដើមឈើ​សម្រាប់​ធ្វើ​អុស ធ្វើ​ជំរុំ​ស្នាក់​នៅ និង​សម្រាប់​គោលបំណង​ផ្សេង​ទៀត​។
-​និង​ហាម​ដាច់ខាត​រាល់​សកម្មភាព​ចោល​សំណល់​រឹង​-​រាវ នៅ​តំបន់​ភ្នំ​ខ្នង​ផ្សារ​នេះ​។
ក្រសួងបរិស្ថាន បាន​បញ្ជាក់​ជូនដំណឹង​ដល់​សាធារណជន និង​ទេសចរ​ទាំងអស់​ថា រាល់​សកម្មភាព​ល្មើស​ដូច​មាន​ចែង​ក្នុង​វិធានការ​ខាងលើ នឹង​ត្រូវ​ទទួល​ការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ១​លាន​រៀល ទៅ​ដល់ ១០​លាន​រៀល ឬ​ត្រូវ​ធ្វើការ​ជួសជុល​ស្តា​រការ​ខូចខាត និង​រឹបអូស​វត្ថុ​តាង​ជា​សម្បត្តិ​រដ្ឋ ដោយ​យោង​តាម​ច្បាប់ ស្តី​ពី «​តំបន់ការពារធម្មជាតិ​» ត្រង់​មាត្រា ៥៩ និង​មាត្រា​ពាក់ព័ន្ធ​៕

អត្ថបទសរសេរ ដោយ