ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលែង​អណ្តើកឬ​កន្ធាយក្នុងគោលបំណងអ្វីក៏ដោយគួរព្រលែង​ក្នុង​ជម្រក​ធម្មជាតិ​

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​ថ្មី​ៗ​នេះ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​បំណង​ព្រ​លែង​សត្វ​អណ្តើក និង​កន្ធាយ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការងារ​អភិរក្ស​ក្តី និង​/​ឬ បួងសួង​សូម​សេចក្តីសុខ​ក្តី សូម​មេត្តា​លែង​ពួក​វា…

រាជធានី​ភ្នំពេញ ៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​ថ្មី​ៗ​នេះ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​បំណង​ព្រ​លែង​សត្វ​អណ្តើក និង​កន្ធាយ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការងារ​អភិរក្ស​ក្តី និង​/​ឬ បួងសួង​សូម​សេចក្តីសុខ​ក្តី សូម​មេត្តា​លែង​ពួក​វា ទៅ​ក្នុង​ជម្រក​ធម្មជាតិ​ដូច​ជា​ទន្លេ បឹងបួរ ត្រពាំង ដើម្បី​ពួក​វា​អាច​រស់នៅ បង្ក​កំណើត​កូនចៅ បន្ត​វដ្ត​ជីវិត​របស់​ពួក​វា​អោយ​ស្ថិតស្ថេរ ក្នុង​ដែន​ជម្រក​ធម្មជាតិ​។

គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​បន្ត​ថា យោង​តាម​ជំនឿ​វប្បធម៌​ខ្មែរ សត្វ​អណ្តើក​តំណាង​អោយ​អាយុ​យឺនយូរ និង​/​ឬ​ជីវិត​អមតៈ ។ ហេតុនេះ​ហើយ​បានជា​ឋានៈ​របស់​សត្វ​អណ្តើក​ក្នុង​ជំនឿ​សាសនា ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សត្វ​មានបុណ្យ​បារមី គួរ​ជាទី​គោរព​សក្ការៈ​។ វា​ក៏​ត្រូវ​បាន​គេ​ចាត់ទុកជា​តំណាង ឱ្យ​ស្ថេ​រ​ភាព​នៃ​ភព​ផែនដី ដោយសារ​សត្វ​ល្មូ​ន​នេះ អាច​រស់នៅ​បាន​ទាំង​ក្នុង​ទឹក និង​នៅ​លើគោក​។ ប្រជាជន​ខ្មែរ​មាន​ជំនឿ​ថា​ការ​លែង​សត្វ​អណ្តើក​-​កន្ធាយ​ចូល​ក្នុង ស្រះ ទន្លេ បឹងបួរ​គឺ​នាំ​មក​នូវ​បុណ្យ​កុសល និង​មាន​អាយុ​វែង​។ ដូច្នេះ ជា​រឿយ​ៗ មនុស្ស​ម្នា ប្រាកដជា​ធ្លាប់​ប្រទះ​ឃើញ នៅ​តាម​ស្រះ​វត្ត​អារាម​មួយ​ចំនួន មាន​វត្តមាន​សត្វ​អណ្តើក និង​កន្ធាយ​ដែល​ប្រជាជន​បាន​យក​ទៅ​លែង ហើយ​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក សោម ស៊ី​ថា មន្ត្រី​គ្រប់គ្រង​គម្រោង​ផ្នែក​អភិរក្ស​អណ្តើក នៅ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ប្រចាំ​នៅ​តំបន់​មេគង្គ និង​ស្រែអំបិល បាន​ពន្យល់​ថា «​ការ​ព្រ​លែង​សត្វ​អណ្តើក ឬ​កន្ធាយ​ទៅ​ក្នុង​ស្រះ​វត្ត គឺ​មិន​ត្រូវ​បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​អោយធ្វើ​បែប​នេះ​ទេ ដោយសារ​ស្រះ​វត្ត មិនមែន​ជា​ជម្រក​សម​ស្រប​តាម​មជ្ឈដ្ឋាន​រស់នៅ​របស់​សត្វ​អណ្តើក និង​កន្ធាយ​ឡើយ​។ នៅ​តាម​ស្រះ​វត្ត មិន​មាន​ចំណី​ធម្មជាតិ​គ្រប់គ្រាន់ មិន​មាន​ទីតាំង​សម្រាប់​ពង​-​កូន គុណភាព​ទឹក​មិនល្អ​ដែល​ងាយ​ធ្វើ​អោយ​អណ្តើក និង​កន្ធាយ​កើត​ជម្ងឺ និង​ឆ្លង​ប៉ា​រា​ស៊ី​ត​»​។

ដូចនេះ ជា​អនុសាសន៍​សម្រាប់​ប្រជាជន​ទាំងឡាយ សោម ស៊ី​ថា បន្ថែម​ថា អ្នក​មិន​គួរ​គប្បី​ព្រ​លែង​សត្វ​អណ្តើក និង​កន្ធាយ​ទៅ​ក្នុង​ស្រះ​វត្ត​ឡើយ ប៉ុន្តែ​ជំនួស​មក​វិញ​គឺ​លោក​អ្នក​គប្បី​ស្វែងរក​ស្រះ​ទឹកធម្មជាតិ​ណាមួយ ដែល​អាច​ព្រ​លែង​សត្វ​អណ្តើក និង​កន្ធាយ​ទាំង​អស់នេះ​វិញ ឬ​ទំនាក់ទំនង​មក​អ្នកជំនាញ​ផ្នែក​អណ្តើក និង​កន្ធាយ​ដើម្បី​ប្រឹក្សា​យោបល់​បន្ថែម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​ភស្តុ​តាង ផ្នែក​ខាង​បុរាណវិទ្យា ក្នុង​សម័យ​អង្គរ គឺ​មាន​ចម្លាក់​អណ្តើក​ជា​ច្រើន​នៅ​តាម ជញ្ជាំង​ប្រាសាទ​នានា និង​មានការ​កប់​រូបសំណាក​សត្វ​អណ្តើក​ធ្វើ​ពី​ថ្មភក់​នៅ​បាត​ក្រោម​ប្រាសាទ​ផង​ដែរ​។ នេះ​-​ស​-​បញ្ជាក់​ថា​ទឹកដី​រុងរឿង​មួយ​នេះ​មាន​វត្តមាន​របស់​សត្វ​អណ្តើក ហើយ​ស្ថិត​ក្នុង​អំណាច​នៃ​ការ​ការពារ​របស់​សត្វ​អច្ឆរិយៈ​នេះ​ជា​រៀង​រហូត​។


យោង​តាម​ការ​ស្រាវជ្រាវ សត្វ​អណ្តើក និង​កន្ធាយ​ជា​ប្រភេទ​សត្វ​ល្មូ​ន​ដែល​មាន​វត្តមាន នៅ​លើ​ភព​ផែនដី ជាង​២៥០​លាន​ឆ្នាំ​មុន​មក​ម្ល៉េះ​។ ពួក​វា​តំណាង​ឲ្យ​សត្វ​ដែល​មាន​អាយុ​វែង​ជាងគេ​ក្នុង​បណ្តា​សត្វ​ទាំងឡាយ​។ យោង​តាម​អ្នកស្រី​បណ្ឌិត ចិន ផេស​យ៉ុ​ក (Dr. Chen Pelf Nyok) សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ នៃ​អង្គការ​អភិរក្ស​សត្វ​អណ្តើក នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​លើក​ឡើង​ថា អាយុកាល​របស់​សត្វ​អណ្តើក​គឺ​អាស្រ័យ​តាម​ប្រភេទ និង​អម្បូរ​។ អណ្តើក​ដែល​ទទួល​បានការ​មើលថែ​ទាំ​ល្អ អាច​រស់នៅ​បាន​ចន្លោះ​ពី​១០ ទៅ​១០០​ឆ្នាំ​។ ប្រភេទ​អណ្តើក​យក្ស​ខ្លះ​អាច​រស់នៅ​លើស​ពី​១៥០​ឆ្នាំ ។

រូបភាព​ ៖ អាជ្ញាធរជាតិអប្សរា

គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​បន្ថែម​ថា អនុក្រឹត្យ​លេខ​១២៣ អន​ក្រ​.​បក​. ចុះ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០០៩ ស្តី​ពី​ប្រភេទ​ធនធាន​ជលផល​ដែល​កំពុង​រងគ្រោះថ្នាក់​របស់​ប្រទេស​កម្ពុជា មាន​ប្រភេទ​សត្វ​អណ្តើក​-​កន្ធាយ​ទឹកសាប​មួយ​ចំនួន បាន​ចាត់​ចូល​ជា​ប្រភេទ​សត្វ​ដែល​កំពុង​រងគ្រោះថ្នាក់ និង​ឈាន​ដល់​ការ​ជិត​ផុត​ពូជ ដែល​ទាមទារ​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ការពារ និង​អភិរក្ស​។ ប្រភេទ​សត្វ​អណ្តើក​-​កន្ធាយ​ទឹកសាប​ទាំងនោះ​រួម​មាន ៖ អណ្តើក​ហ្លួង ឬ អណ្តើក​សរសៃ (Batagur affinis) អណ្តើកសង្កល់ (Heosemys annandalii) អណ្តើកក្អែក (Siebenrockiella crassicollis) អណ្តើក​សោម (Heosemys grandis) អណ្តើក​ក្បាល​ធំ​/​អណ្តើក​ស្រែ (Malayemys subtrijuga) កន្ធាយ​អាស៊ី (Amyda cartilaginea) និង​កន្ធាយ​ក្បាល​កង្កែប (Pelochelys cantorii) ៕

អត្ថបទសរសេរ ដោយ