ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​ចិញ្ចឹម​ទាយក​ស៊ុត​ត្អូញត្អែរ ស៊ុតទា​ចុះថ្លៃ​ក្នុង​១​ខែ​ចុង​ក្រោយ​ដោយសារ​វិបត្តិ​កូ​វី​ដ

3 អាទិត្យ មុន
  • Svay Rieng

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ អ្នក​សារព័ត៌មាន​កោះសន្តិភាព​បាន​ជួប​សម្ភាសន៍​ជាមួយ​កសិករ អ្នក​ចិញ្ចឹម​ទាយក​ស៊ុត​០២​កន្លែង​នៅ​ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ពួក​គាត់​មានការ​ត្អូញត្អែរ​ថា…

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ អ្នក​សារព័ត៌មាន​កោះសន្តិភាព​បាន​ជួប​សម្ភាសន៍​ជាមួយ​កសិករ អ្នក​ចិញ្ចឹម​ទាយក​ស៊ុត​០២​កន្លែង​នៅ​ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ពួក​គាត់​មានការ​ត្អូញត្អែរ​ថា នៅ​ក្នុង​២​ខែ​ចុង​ក្រោយ​នេះ​ពង​ទា គឺ​មានការ​ចុះ​តម្លៃ​ថោក ក្នុង​០១​គ្រាប់​លក់ដុំ​បាន​តែ​២៣០​រៀល​ទៅ​៣៥០​រៀល​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​ដើមឆ្នាំ​ចាប់ពី​ខែមករា មក​ដល់​ខែតុលា ឆ្នាំ​២០២០ តម្លៃ​ពង​ទា​លក់ដុំ​០១​គ្រាប់​តម្លៃ​៤០០​រៀល​ទៅ​៥០០​រៀល​ជា​ពិសេស​ពង​ទា ធ្លាក់​ថ្លៃ​ខ្លាំង​នៅ​ខែធ្នូ​ឆ្នាំ​២០២០​នេះ​។

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ធ្លាក់​ថ្លៃ​គឺ​៖ ទី​១-​មក​ពី​មាន​វិបត្តិ​កូ​វី​ដ​-១៩ ផ្ទុះ​ជា​ថ្មី «​ព្រឹត្តិការ​០៣ វិច្ឆិកា និង​ព្រឹត្តិការ​សហគមន៍​២៨​វិច្ឆិកា​»​។ ទី​២-​សហគមន៍​គេ​រក​ត្រី​បាន និង​ការ​ចិញ្ចឹម​ត្រី ចិញ្ចឹម​កង្កែប ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​តាម​ផ្ទះ​ច្រើន​។ បើ​តាម​កសិករ​ឈ្មោះ សឹម រ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ពោធិ​ព្រៃ ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ បាន​ប្រាប់​កោះសន្តិភាព​ថា គាត់​ប្រកប​មុខរបរ​ចិញ្ចឹម​ទាយក​ពង អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​គឺ​ជោគជ័យ​បាន​ផល​ចំណេញ​គួ​សម ដោយ​គាត់​ទិញ​ទា​ពូជ​ជំទង់​ពី​ប្រទេស​វៀតណាម​ក្នុង​១​ក្បាល​តម្លៃ​១០,៥០០​រៀល ចិញ្ចឹម​១​វគ្គ​២,០០០​ក្បាល បំប៉ន​រយៈពេល​២​ខែ​ទើបបាន​ពង​លក់ ហើយ​ក្នុង​ខែ​ដំបូង​ទា​ហ្វូង ចំនួន​២,០០០​ក្បាល​ជា​មធ្យម​ពង​បាន​១៦០០​ពង នេះ​បើ​ឲ្យ​ចំណី​វា​ដល់​គឺ​ពង​បាន​ច្រើន​តាម​ខែ​ជា​ពិសេស​ខែ​សម្បូរ​ចំណី​ក្រៅ ត្រូវ​បន្លាស់​ទី​ហ្វូង​ទា ក្នុង​រយៈពេល​បី​ទៅ​បួន​ថ្ងៃ ទៅ​ស្រែ​ផ្សេង ស្រែ​ដែល​មានទឹក ស្រែ​ទើបតែ​ច្រូតកាត់​រួច ស្រែ​ច្រូត​រដូវវស្សា និង​ស្រែ​ស្រូវប្រាំង មាន​ចំណី​បន្ថែម​កូន​ត្រី ខ្យង ខ្ចៅ និង​ស្រូវ​ជ្រុះ​។

លោក សឹម រ៉ា បន្ត​ទៀត​ថា ក្នុង​ទា​១​ក្បាល គិត​ចាប់ពី​ពង​ដំបូង ដល់​អាយុ​ចាស់​រយៈពេល​ពង​បាន​១​ឆ្នាំ គឺជា​មធ្យម​សត្វ ពង​ក្នុង​១​ខែ​២៣​ថ្ងៃ ទៅ​២៧​ថ្ងៃ តាម​ការ​ផ្តល់​ចំណី​បំប៉ន​បាន​ត្រឹមត្រូវ​គ្រប់គ្រាន់​តាម​បច្ចេកទេស ដូច្នេះ​ក្នុង​ទា​១​ក្បាល​ក្នុង​មួយ​ឆ្នាំ​អាច​ពង​បាន​ជាង​៣០០​ពង ហើយ​ពេល​មេ​ទា​ចាស់​យើង​ត្រូវ​លក់​ចេញ​ឲ្យ​អ្ម​ក​លក់​សាច់​។ ហើយ​តម្លៃ​ពង​ទា​ក្នុង​ឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២០​មក​ដល់​ខែតុលា​២០២០​តម្លៃ​ពង​ស៊ុតទា លក់ដុំ​ក្នុង​១០​គ្រាប់ តម្លៃ​៤,០០០​ទៅ​៤,៥០០​រៀល ហើយ​ចាប់ពី​ខែវិច្ឆិកា​មក​ដល់​ខែធ្នូ​២០២០​នេះ តម្លៃ​លក់​ស៊ុត​បោះ​ដុំ ១០​គ្រាប់​តម្លៃ​២,៣០០​ទៅ​៣,៥០០​រៀល​ប៉ុណ្ណោះ​(​សម្រាប់​អ្នក​ចិញ្ចឹម​ទៅ​អ្នក​លក់រាយ​)​គឺ​ធ្លាក់​ថ្លៃ​ជិត​ពាក់កណ្តាល​នៅ​ចំណេញ​តិចតួច​ណាស់​។ ហើយ​នៅ​ទីផ្សារ និង​តាម​តូប​នៅ​ជនបទ អ្នកលក់​រាយ​លក់​ឲ្យ​អ្នក​យក​ទៅ​បរិភោគ​១០​គ្រាប់​តម្លៃ​៣,៧០០​ទៅ ៤,០០០​រៀល​។

រីឯ​កសិករ​ឈ្មោះ ហាវ វ​ណ្ណា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាកែវ​ឃុំ​ពាប​ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជា​អ្នក​ចិញ្ចឹម​ទា​ហ្វូង​យក​ស៊ុត​ដែរ​បាន​នាំ​សត្វ​ទា​បន្លាស់​ទី​ពី​ខេត្តព្រៃវែង​ចំនួន​២,៥០០​ក្បាល មក​លែង​នៅ​ក្នុង​វាលស្រែ​នៅ​ក្នុងភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​ក៏​បាន​លើក​ឡើង​ដូច​គ្នា​ដែរ​ថា រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ​តម្លៃ​ពង​ស៊ុតទា​គឺ​ចុះថ្លៃ ដោយ​តម្លៃ​លក់​បោះ​ដុំ ស៊ុត​១០​គ្រាប់​តម្លៃ​២,៣០០​ទៅ​៣៥០០​រៀល (​សម្រាប់​អ្នក​ចិញ្ចឹម លក់ដុំ​ទៅ​ឲ្យ​អ្នក​លក់រាយ​)​ហើយ​បើ​ប្រៀបធៀប​ទៅ​ខែ​មុន​ៗ​ក្នុង​១​គ្រាប់​លក់​បាន​៤០០​រៀល​ទៅ​៥០០​រៀល​ក្នុង​មួយ​គ្រាប់​។

អ្នក​សារព័ត៌មាន​យើង​សួរ​ថា ហេតុ​អី​បានជា​បន្លាស់​ទី​ហ្វូង​ទា ពី​ខេត្តព្រៃវែង​មក​ឃ្វាល​ដល់​ខេត្តស្វាយរៀង? អ្នក​ចិញ្ចឹម​ទា​រូប​នោះ​ឆ្លើយ​ថា នៅ​ខេត្តព្រៃវែង​មាន​អ្នក​ចិញ្ចឹម​ទា​ហ្វូង​យក​ស៊ុត ច្រើន​កន្លែង​ដូច្នេះ​ត្រូវ​ខ្វះ​កន្លែង​ឃ្វាល ជា​ពិសេស​ខ្វះ ស្រែ​ទើបតែ​ច្រូតកាត់ ដូច្នេះ​ពេល​ដឹង​ថា​នៅ​ទីតាំង ភូមិ​ឃុំ​ស្រុក​ណា ទើ​ម​និង​ច្រូតកាត់​ថ្មី​ៗ ហើយ​ស្រែ​នោះ​មានទឹក​និង​មាន​ចំណី បន្ថែម​ដូច​ជា​កូន​ត្រី​ខ្យង ឬ​ខ្ចៅ ច្រើន​គឺ​ត្រ​បន្លាស់​ទី​សត្វ​ទា ទៅ​ឃ្វាល​ទីនោះ​ទើប​ចំណេញ​ប្រាក់ ប្រើ​ចំណី​ទិញ​លើ​ផ្សារ​អស់​តិច ម្យា​ង​ពាក់​ព​ន្ធ័​ទៅ​ទីផ្សារ​លក់​ពង​ទា​ផង​ដែរ ស្វាយ​រៀង​មាន​ទីផ្សារ​ពង​ទា​។ ម្យា​ង​នៅ​តំបន់​ព្រំដែន​នៃ​រដ្ឋបាល​ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង​ប្រជាពលរដ្ឋ​ធ្វើស្រែ​វស្សា និង​ធ្វើស្រែ​ប្រដេញទឹក និង​ធ្វើស្រែ​ប្រាំង ជា​បន្តបន្ទាប់ មាន​ស្រែ​ច្រូតកាត់​ស្រូវ​ជា​បន្ត​ដែរ​។

ម្យ៉ាង​សម្បូរ​ចំណី​បន្ថែម​គឺ​ខ្យង និង​ខ្ចៅ ជា​ចំណី​សត្វ​ទា ហើយ​ក្នុង​ផ្ទៃដី​ស្រែ​១​ហិ​កតា ប្រលែង​ទា​បាន​តែ​បី​ទៅ​៤​ថ្ងៃ ត្រូវ​បន្លាស់​ទី​សត្វ​ទា​ទៅ​ទីតាំង​ស្រែ​ថ្មី ហើយ​ការ​លែង​ហ្វូង​ទា នៅ​លើ​ស្រែ​របស់​គេ​ម្ចាស់​ស្រែ​គេ​មក​បង់ថ្លៃ​ស្រែ​ក្នុង​១​ហិ​កតា​តម្លៃ​៥​ម៉ឺន​រៀល មិន​អាច​ដេញ​ហ្វូង​ទា​ទៅ​លែង​ក្នុង​ស្រែ​គេ​ដោយ​អត់​បង់ប្រាក់​ថ្លៃ​ស្រែ​បាន​ទេ​។ ទាក់ទិន​ករណី​នេះ​ដែរ​លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា រូប​លោក និង​មន្ត្រី​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​ទា​ហ្វូង​យក​ស៊ុត​ចំនួន​៥​កន្លែង​នៅ​ស្រុក​ស្វាយ​ជ្រំ គឺ​នៅ​ភូមិ​ឫស្សីព្រៃ ឃុំ​កំពង់ចំឡង​ស្រុក​ស្វាយ​ជ្រំ​១​កន្លែង នៅ​ភូមិ​ពោធិ​ព្រៃ ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ​១​កន្លែង នៅ​ភូមិ​ក្រសាំង​ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ​មួយ​កន្លែង នៅ​ភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ​២​កន្លែង ដែល​មាន​ទា​សរុប​ប្រមាណ​ជាង​១​ម៉ឺន​ក្បាល​។

លោក​បន្ត​ទៀត​ថា មន្ត្រី​ជំនាញ​បាន​អប់រំ និង​ផ្សព្វផ្សាយ​ដល់​អ្នក​ចិញ្ចឹម​ទា​ហ្វូង​ទាំងអស់​នៅ​បច្ចេកទេស នៃ​ការ​ចិញ្ចឹម​និង​ការ​ថែទាំ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ និង​ឲ្យ​ពួក​គាត់​ត្រូវធ្វើ​អនាម័យ​ឲ្យ​បាន​ល្អ​នៅ​ទីតាំង​ចិញ្ចឹម និង​ពេល​ត្រូវ​បន្លាស់​ទី ត្រូវ​តែ​ធ្វើ​អនាម័យ បើ​មាន​ការណ៍​បន្លាស់​ទី​សត្វ​ទា​ឆ្លងខេត្ត​ត្រូវ​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ដើម្បី​ចេញ​ច្បាប់​អនុញ្ញាត​បន្លាស់​ទី និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន