ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ដំណាំ​ទំពាំង​បារាំង​កំពុង​បារម្ភ​ពី​ជីវភាព ខណៈ​ដំណាំ​របស់​ខ្លួន​ប្រឈម​នឹង​ការ​កើត​ជំងឺ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​មានមុខ​របរ​ដាំ​ដំណាំ​ទំពាំង​បារាំង​កំពុង​តែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ពេល​ដែល​សង្កេត​ឃើញ​ដំណាំ​របស់​ពួក​ខ្លួន​ទទួល​រង​ការ​កើត​នូវ​មេរោគ គឺ​ជំងឺ​ងាប់​ដើម បណ្ដាល​ឲ្យ​ខូចខាត​អស់​ជា​ច្រើន​ដើម ។ បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ ជួន ទី អាយុ​28​ឆ្នាំ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​មានមុខ​របរ​ដាំ​ដំណាំ​ទំពាំង​បារាំង​កំពុង​តែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ពេល​ដែល​សង្កេត​ឃើញ​ដំណាំ​របស់​ពួក​ខ្លួន​ទទួល​រង​ការ​កើត​នូវ​មេរោគ គឺ​ជំងឺ​ងាប់​ដើម បណ្ដាល​ឲ្យ​ខូចខាត​អស់​ជា​ច្រើន​ដើម ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ ជួន ទី អាយុ​28​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​23 ខែធ្នូ ឆ្នាំ​2020 ឲ្យ​ដឹង​ថា ៖ គាត់​បាន​ប្រកប​មុខរបរ​ដាំ​ដំណាំ​ទំពាំង​បារាំង​នេះ អស់​រយៈពេល​ជិត​10​ឆ្នាំ​មក​ហើយ ដោយ​ចាប់តាំងពី​ដើម​រហូត​មក​ដល់​ពេល​នេះ គឺ​ដំណាំ​របស់​គាត់​គ្មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​ទើបតែ​នៅ​ឆ្នាំ​ចុង​2020 នេះ ដោយសារ​តែ​អាកាសធាតុ​មានការ​ប្រែប្រួល​ដោយ​ភ្លៀង​ច្រើន ស្រាប់តែ​ដំណាំ​ទំពាំង​បារាំង​របស់​គាត់​មានការ​ងាប់​ដើម ចាប់តាំងពី​ស្លឹក​រហូត​ទៅ​ដល់​ឫស ខូចខាត​ជា​បន្តបន្ទាប់​ពី​មួយ​ដើម​ទៅ​មួយ​ដើម​ឆ្លង​គ្នា ទោះបីជា​គាត់​ខិតខំ​ប្រឹង រក​វិធី​ដើម្បី​ព្យាបាល​ដូច​ជា រក​ថ្នាំ​បាញ់​ដាក់​ជី តែ​គ្មាន​បាន​ទទួល​ល្អ​នោះ​ឡើយ ។

ប្រភព​បន្ត​ទៀត​ថា គាត់​បាន​ដាំ​ទំពាំង​បារាំង​នេះ​ចំនួន​ជាង​1​ម៉ឺន​ដើម ដោយ​ប្រមូល​ផល​ក្នុង​មួយ​ថ្ងៃ​លក់​បាន​10 ទៅ 20 គីឡូក្រាម ដោយ​ក្នុង​មួយ​គីឡូ​លក់ដុំ​ឲ្យ​ម៉ូយ​តម្លៃ 14000​រៀល ដោយ​មាន​ម៉ូយ​មក​ពី​ខេត្ត​ផ្សេង​ៗ​ដូច​ជា សៀមរាប បាត់ដំបង រហូត​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ ។

លោក​ក៏​បាន​រៀបរាប់​អំពី​វិធី​ដាំ​ផង​ដែរ ដោយ​ទិញ​គ្រាប់​មក​ពី​ប្រទេស​ថៃ ក្នុង​មួយ​ខាំ តម្លៃ​10​ម៉ឺន​រៀល ។ គាត់​ក៏​បាន​ដាក់​ថង់​បណ្ដុះ​គ្រាប់ ដោយ​1​គ្រាប់​មួយ​ថង់ ក្នុង​រយៈពេល 2​ខែ ទើប​ដុះ ហើយ​ក៏​យក​ទៅ​ដាំ រយៈពេល​6​ខែ​ទៀត ទើបបាន​ប្រមូល​ផល​ដក​លក់​ឱ្យ​ម៉ូយ ។

ជាមួយ​គ្នា​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​23 ខែធ្នូ ឆ្នាំ 2020 នេះ លោក​ក៏​បាន​រាយការណ៍​ទៅ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ឲ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ដំណាំ​របស់​ខ្លួន ដោយ​ខាង​បច្ចេកទេស គេ​បាន​ពិនិត្យ​មើល​រួច​រា​លើ​ហើយ និង​មាន​ជី​ឲ្យ​សាកល្បង ដើម្បី​ព្យាបាល​ដំណាំ​របស់​ខ្លួន​ផង​ដែរ ។ លោក​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈ​ដំណាំ​ទំពាំង​បារាំង​របស់​ខ្លួន​លែង​ទទួល​បាន​ផល​ដូច​កាលពីមុន ដោយសារ​តែ​ជំងឺ​វាយលុក​ពេញ​ចម្ការ​តែ​ម្ដង ។ មិន​ថា តែ​ចម្ការ​របស់​លោក​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ចំការ​អ្នក​ភូមិ​ក្រចាប់​ទាំងមូល ដែល​ដាំ​ទំពាំង​បារាំង ក៏​ទទួល​រង​នូវ​ការ​ខូចខាត​ដោយសារ​ជំងឺ​នេះ​ផង​ដែរ ។

លោក​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ​ក៏​ដូច​ជា ខាង​មន្ទីរ​កសិកម្ម ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ដំណាំ​ទំពាំង​បារាំង​របស់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុងភូមិ​របស់​ខ្លួន ដែល​កំពុង​តែ​ទទួល​រង​ការ​ខូចខាត​ផង​ដែរ ។

ចំណែក​លោក សាយ សុ​ផាត ប៉ៃលិន បាន​រៀបរាប់​ឲ្យ​ដឹង កាលពី​រសៀល​ថ្ងៃ​ទី 23 ខែធ្នូ ឆ្នាំ​2020 ថា ៖ លោក​បាន​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​ត្រួតពិនិត្យ​ចំការ​ខាងលើ​រួចរាល់​កាលពី​ព្រឹក​នេះ​ហើយ ដោយ​មានការ​ខូចខាត​ពិតប្រាកដ​មែន ។ លោក​បាន​បន្ត​ទៀត​ថា ការ​ខូចខាត​នេះ គឺ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​នៅ​លើ​ដី​ដដែល​ៗ រយៈពេល​យូរ ណាមួយ​អាកាសធាតុ​មិន​អំណោយផល​ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន ទើប​បណ្ដាល​ឲ្យ​មានការ​កើតរោគ​ខូចខាត​បែប​នេះ ។ តែ​មិន​បាន​ខូចខាត​ទាំង​អស់នោះ​ទេ គឺ​ខូច​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​ខាង​មន្ទីរ​កសិកម្ម​កំពុង​តែ​ឱ្យ​ជំនាញ​ក៏​ដូច​ជា អ្នកលក់​ផលិតផល និង​ថ្នាំ​ព្យាបាល​ចុះ​ទៅ​ជួយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ