ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​តាម​ចាប់ខ្លួន​ចាងហ្វាង​កាសែត​រស្មី​ខ្មែរ ឈ្មោះ ជុំ សុភាព បន្លំ​ប្រើ​ប័ណ្ណ​ព័ត៌មាន​អង្គភាព​ដទៃ ជំរិត​សុំ​លុយ​គេ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច កំពុង​តាម​រក​ចាប់ខ្លួន​លោក​ចាងហ្វាង កាសែត​រស្មី​ខ្មែរ ដែល​ក្លែងបន្លំ ប្រើ​ប័ណ្ណ​ព័ត៌មាន និង​ឈ្មោះ​អង្គភាព​ដទៃ​ជា​ច្រើន ផ្ញើ​ទៅ​ស្ថាប័ន ក្រសួង…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច កំពុង​តាម​រក​ចាប់ខ្លួន​លោក​ចាងហ្វាង កាសែត​រស្មី​ខ្មែរ ដែល​ក្លែងបន្លំ ប្រើ​ប័ណ្ណ​ព័ត៌មាន និង​ឈ្មោះ​អង្គភាព​ដទៃ​ជា​ច្រើន ផ្ញើ​ទៅ​ស្ថាប័ន ក្រសួង មន្ទីរ អង្គភាព និង​អាជីវករ ជា​ច្រើន ដើម្បី​ជំរិត​សុំ​លុយ​គេ តាម​អំពើ​ចិត្ត ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ប្រើ​ជា​នុយ ដើម្បី​បោកប្រាស់​សុំ​លុយ​ចំនួន​៤០​ម៉ឺន​រៀល​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ប្រព័ន្ធ WhatsApp ។

បើ​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា «​ឮ​១០០​ដង មិន​ស្មើនឹង​បានឃើញ​១​ដង​!» គឺ​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ មាន​លេខ​ទូរស័ព្ទ​មួយ តាំងខ្លួន​ជា បុគ្គលិក​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១ បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ WhatsApp ទៅ​កាន់​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ខ្លឹមសារ​ថា “​ខ្ញុំបាទ ប៉ែន នួន ខ្វះខាត​ផ្ទាល់ខ្លួន ប្រពន្ធ​របស់ខ្ញុំ (​ឆ្លងទន្លេ​) ខ្វះខាត​សុំ ឯកឧត្តម បាន​ចំនួន​(៤០​ម៉ឺន​រៀល​) សូម​ឯកឧត្តម​មេត្តា​ជួយ​ខ្ញុំបាទ​ផង សូម​អរគុណ​” ព្រមទាំង​ផ្ញើ​ភ្ជាប់​ជាមួយ​ប័ណ្ណ​សារព័ត៌មាន ដែល​មានឈ្មោះ​និង​រូបថត ប៉ែន នួន ផង​ដែរ ។

ដោយ​មានការ​សង្ស័យ មេបញ្ជាការ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ឆែក​សួរ​ទៅ​កាន់​ប្រធាន​ព័ត៌មាន ទូរទស្សន៍​អប្សរា​ប៉ុ​ស្ត៍​លេខ​១១ បញ្ជាក់​ថា សា​ម៉ី​ខ្លួន ឈ្មោះ ប៉ែន នួន គឺជា​អតីត​សហការី​ឆ្លើយឆ្លង​ព័ត៌មាន ទូរទស្សន៍​អប្សរា​ប៉ុ​ស្ត៍​លេខ​១១ ពុំ​ដឹង​រឿង​អ្វី​ទេ ឯ​អ្នក​ដែល​យក​ប័ណ្ណ​ព័ត៌មាន​ដែល​មានឈ្មោះ និង​រូបថត​របស់ ប៉ែន នួន ទៅ​ដើរ​សុំ​លុយ​នោះ គឺជា​ជន​ក្លែងបន្លំ​ប៉ុណ្ណោះ ព្រោះ​កន្លង​មក​ក៏​ធ្លាប់​មាន​ថ្នាក់ដឹកនាំ​អង្គភាព​មួយ ធ្លាប់​បាន​ឆែក​សួរ​មក​ម្តង​ដែរ ដោយ​មាន​គេ​បន្លំ​យក ឈ្មោះ ប៉ែន នួន នេះ ទៅ​ស្នើ​សុំ​លុយ​ដូច​គ្នា ។

បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​រួច​ហើយ លោក​មេបញ្ជាការ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រើ​វិធានការ​ជំនាញ អូស​ទាញ​ជន​ក្លែងបន្លំ​រូប​នោះ​មក​ជួប ហើយ​ក៏​មាន​បុរស​ម្នាក់ បាន​ទៅ​ដល់​មែន ទើប​កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​នោះ ដើម្បី​សួរនាំ ។

បុរស​នោះ ក៏​បាន​ឆ្លើ​ប​ប្រាប់​ថា រូប​គាត់ គ្រាន់តែ​មក​ជំនួស​គេ​ប៉ុណ្ណោះ រីឯ​អ្នក​ដែល​ប្រើ​គាត់​មក មានឈ្មោះ​ថា ជុំ សុភាព ជា​ចាងហ្វាង កាសែត​រស្មី​ខ្មែរ បាន​ឲ្យ​ខ្លួន​កាន់​ទូរស័ព្ទ​មក​ជំនួស ដែល​ទូរស័ព្ទ​នោះ គឺជា​លេខ​ទូរស័ព្ទ ដែល​តាំងខ្លួន​ថា​ឈ្មោះ ប៉ែន នួន ពិតប្រាកដ​មែន ។

នៅ​ក្នុង​ទូរស័ព្ទ​នោះ ក៏​មាន​សារ​ទំនាក់ទំនង ប្រើ​ប័ណ្ណ​ព័ត៌មាន​ផ្សេង​ៗ ផ្ញើ​ទៅ ស្ថាប័ន ក្រសួង មន្ទីរ អង្គភាព និង​អាជីវករ ជា​ច្រើន ដើម្បី​សុំ​ប្រាក់ និង​មាន​រូបភាព ប័ណ្ណ​ព័ត៌មាន​របស់​អ្នក​ព័ត៌មាន​ជា​ច្រើន​ទៀត សង្ស័យ​ត្រូវ​បាន​ឈ្មោះ ជុំ សុភាព យក​ទៅ​ប្រើប្រាស់​ដូច​គ្នា ដូច​ករណី​ប្រើ​ប័ណ្ណ​របស់​ឈ្មោះ ប៉ែន នួន ផ្ញើ​ទៅ​កាន់ មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ទាន់​ជាន់កែង វែកមុខ​ដឹង​ថា ជា​ជន​ក្លែងបន្លំ យកឈ្មោះ​អ្នក​ដទៃ ដើរ​សុំ​លុយ​ផ្តេសផ្តាស់ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​សា​ម៉ី​ខ្លួន ដែល​មិនដឹង​អី ក៏​ដូច​ជា​ប៉ះពាល់​ដល់​អ្នក​សារព័ត៌មាន មាន​វិជ្ជាជីវៈ​ដទៃ​ទៀត​ផង​ដែរ ។

ទោះ​យ៉ាងណា​បច្ចុប្បន្ន ចាងហ្វាង កាសែត​រស្មី​ខ្មែរ ឈ្មោះ ជុំ សុភាព បាន​គេចខ្លួន​បាត់​ទៅ​ហើយ សមត្ថកិច្ច​ជំនាញ បាន​និង​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ