ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើល​ស្រាល​ឲ្យ​សោះ​! ចំណូល​បាន​មិនធម្មតា​ពី​ការ​ផលិត​ពង​ទា​កូន

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា យោង​តាម​របាយការណ៍​ពិស្តារ​របស់​មន្ទីរ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ…

ខេត្តតាកែវ ៖ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា យោង​តាម​របាយការណ៍​ពិស្តារ​របស់​មន្ទីរ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ បាន​ឲ្យ​ដឹង​ថា ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ គឺជា​ឃុំ​មួយ​មាន​បងប្អូន​ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​និយម​ចូល​ចិត្ត​ចិញ្ចឹម​ទា និង​ភ្ញាស់ពងទា ជា​លក្ខណៈ​ប្រពៃណី​ត​ៗ​គ្នា​មក​ដោយ​ចាត់​ទុក​ថា អាច​ជួយ​បង្កើន​ប្រាក់​ចំណូល ក្នុង​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​បាន​យ៉ាង​ល្អ​ប្រសើរ ។

លោក សូត សុផល និង​ភរិយា នូ សា​វឿ​ន មានកូន​ប្រុស​០៣​នាក់ រស់នៅ​ភូមិ​សាមគ្គី ឃុំ​ស្រែ​រនោង​បាន​ឲ្យ​ដឹង​ថា គ្រួសារ​លោក​បាន​ចាប់ផ្តើម​ប្រកប​របរ​ទិញ​លក់​ពង​ទា និង​កូន​ទា​នៅ​ឆ្នាំ​២០០៣ ដោយ​រដូវវស្សា​ដឹក​កូន​ទា​លក់ នៅ​រដូវប្រាំង​ស៊ីឈ្នួល​ដឹក​ពង​ទា អាច​រក​ចំណូល​បាន​ត្រឹមតែ​៥០០ ០០០-៦០០ ០០០​រ​/​ខែ ។ ឆ្នាំ​២០០៧ លោក​ចាប់ផ្តើម​បង្កើត​ឡ​ភ្ញាស់​អង្កាម​ចំនួន​១ អាច​ដាក់​ពង​ភ្ញាស់​បាន​ចំនួន​១ ២០០​គ្រាប់ ក្នុង​រយៈពេល ៤​ថ្ងៃ ហើយ​ទទួល​បាន​ចំណូល ២ ០០០ ០០០-៣ ០០០ ០០០​រ​/​ខែ ។ ដោយ​ពិនិត្យ​ឃើញ​ថា​របរ​នេះ​មាន​ចំណូល​ខ្ពស់ និង​មាន​ទីផ្សារ​ច្រើន ពិសេស​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ គ្រួសារ​លោក​បាន​បង្កើន​ការ​ភ្ញាស់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

រហូត​ដល់​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជា មួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​បើ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ទា យក​ពង និង​វិធីសាស្ត្រ​ភ្ញាស់ពងទា​ដោយ​ប្រើ​ភ្លើងអគ្គិសនី ។ ទទួល​បាន​បទ​ពិសោធន៍ លោក​ចាប់ផ្តើម​ប្រើ​ឡ​ភ្ញាស់ពងទា​ដោយ​ប្រើ​អគ្គិសនី ដែល​អាច​ដាក់​ពង​ទា​ភ្ញាស់​បាន​ចំនួន ៩ ០០០ គ្រាប់ ក្នុង​រយ​:​ពេល ៤​ថ្ងៃ ។ ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ភាព​ជោគជ័យ​កាន់តែ​ល្អ​ប្រសើរ​ឡើង រហូត​មក​ទល់​បច្ចុប្បន្ន លោក​មាន​ឡ​ភ្ញាស់ពងទា​ចំនួន​២ ដែល​អាច​ដាក់​ពង​ភ្ញាស់​បាន​ចំនួន ៣០០ ០០០​គ្រាប់​/​ខែ ។ គាត់​អាច​លក់​ផលិតផល​ចេញ​ជា ៣​ប្រភេទ ៖

  • ពង​ទា ៦០ ០០០​គ្រាប់​/​ខែ (៥០០-៥៥០​រ​/​គ្រាប់​) = ៣១ ៥០០ ០០០​រ
  • ពង​ទា​កូន ៧៥ ០០០​គ្រាប់​/​ខែ (៥០០-៦០០​រ​/​គ្រាប់​) = ៤១ ២៥០ ០០០​រ
  • កូន​ទា ១២ ០០០-១៥ ០០០​ក្ប​/​ខែ​(១៨០០-២០០០​រ​/​ក្ប​)= ២៥ ៦៥០ ០០០​រ

បើ​និយាយ​ពី​ចំណូល​ដែល​ទទួល​បាន​ពី​អាជីវកម្ម​នេះ ប្រមាណ ៩ ០០០ ០០០-១២ ០០០ ០០០​រៀល​/​ខែ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​បរិបទ​នៃ​ការ​រាលដាល​ជាស​កល​ជំងឺឆ្លង​កូ​វី​ដ​-១៩ នេះ​មាន​អ្នក​ភូមិ​ជា​ច្រើន​មិន​បាន​ទៅ​រក​ការងារ​ខាងក្រៅ ហើយ​ងាក​មក​ចាប់​យក​របរ​ចិញ្ចឹម​ទា​វិញ ។ ដូចនេះ វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​គាត់​ធ្វើការ​ពង្រីក​អាជីវកម្ម​នេះ​បន្ថែម​ទៀត ដោយ​ជ្រើសរើស​យក​អ្នក​ភូមិ​ដែល​គ្មាន​ការងារ​ធ្វើ​មក​ចូលរួម​ធ្វើការ​ជាមួយ​លោក ។

ដោយសារ​មាន​ពលកម្ម​គ្រប់គ្រាន់ សព្វថ្ងៃ​គាត់​អាច​លក់​ពង​ទា​កូន​បាន​ចំនួន ៨០ ០០០-១០០ ០០០​គ្រាប់​/​ថ្ងៃ ទីផ្សារ​ធំ​បំផុត គឺ​រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន​នៅ​ទូ​ទាំង​ឃុំ មាន​ឡ​ភ្ញាស់ពងទា​កូន​ចំនួន​២៧ និង​មាន​អ្នក​ចិញ្ចឹម​ទា​ហ្វូង​ចំនួន ៥៦​គ្រូ​សារ ក្នុង​នោះ​មាន​ឡ​ភ្ញាស់​ដោយ​ប្រើ​អង្កាម​ចំនួន​១២ និង​ឡ​ភ្ញាស់​ដោយ​ប្រើ​ចរន្ត​អគ្គី​ស​នី ចំនួន​១៥ ហើយ​ពួក​គាត់​ក៏​បាន​ចងក្រង​ជា​សមាគម​អាជីវកម្ម​ភ្ញាស់ពងទា​កូន​ស្រែ​រនោង រួច​ហើយ​ដែរ ។

សព្វ​ថ្ងៃនេះ​គិត​ជា​មធ្យម​ឃុំ​ស្រែ​រនោង​ទាំងមូល អាច​ផ្គត់ផ្គង់​ពង​ទា​កូន​ឲ្យ​ទីផ្សារ​បាន​ចំនួន ២០០ ០០០​គ្រាប់​/​ថ្ងៃ (​ជ្រក​ក្រោម​ម្លប់ឈើ​ត្រូវ​នឹក​ដល់​អ្នក​ដាំ ផឹកទឹក​អណ្តូង​ត្រូវ​នឹក​ដល់​អ្នក​ជីក បរិភោគ​ពង​ទា​កូន​ត្រូវ​នឹក​ដល់​ឃុំ​ស្រែ​រនោង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ