ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​២​រូប​របស់​សម្តេច​សុខ អាន​ត្រូវ​​បាន​តែងតាំង​តំណែង​នៅ​ក្រសួង​ពីរ​ផ្សេង​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ពីរ​រូប​របស់​សម្តេច​សុខ អាន ត្រូវ​បាន ព្រះមហាក្សត្រ​ត្រាស់​បង្គាប់ តែងតាំង​មុខ​តំណែង​ជា​រដ្ឋលេខាធិការ​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់ និង​តំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ។ ក្នុង​ព្រះរាជក្រឹត្យ…

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ពីរ​រូប​របស់​សម្តេច​សុខ អាន ត្រូវ​បាន ព្រះមហាក្សត្រ​ត្រាស់​បង្គាប់ តែងតាំង​មុខ​តំណែង​ជា​រដ្ឋលេខាធិការ​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់ និង​តំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ។

ក្នុង​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ត្រាស់​បង្គាប់ តែងតាំង​មុខ​តំណែង​លោក សុខ សូ​កាន ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ចាប់តាំងពី​ឆ្នាំ​២០១៥ មក​ដល់​សព្វថ្ងៃ លោក សុខ សូ​កាន កូនប្រុស​របស់​សម្តេច សុខ អាន គឺជា​អ្នកតំណាង​រាស្ត្រ មណ្ឌល​ខេត្តតាកែវ​។

សូម​បញ្ជាក់​ផង​ដែរ​ថា មាន​អាយុ ៣៧​ឆ្នាំ នៅ​ឆ្នាំ​២០២០​នេះ លោក សុខ សូ​កាន កាលពី​ឆ្នាំ​២០១៣ បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ ជាមួយ​ឪពុក​របស់​លោក​។ តែ​ការ​បោះ​ឆ្នោត កាល​ណោះ លោក សុខ សូ​កាន មិន​ជាប់​ឆ្នោត​ឡើយ​។

ក្រៅពី​រូប​លោក សុខ សូ​កាន ក្នុង​ព្រះរាជក្រឹត្យ​មួយទៀត ចុះ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ព្រះមហា​ក្សត្រ ក៏​បាន ត្រាស់​បង្គាប់ តែងតាំង​មុខ​តំណែង​លោក សុខ សង្វារ ជា​អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ទេសចរណ៍​។ លោក សុខ សង្វារ នៅ​ឆ្នាំ​២០២០​នេះ មាន​អាយុ ៣៣​ឆ្នាំ ជា​កូនប្រុស​ពៅ​របស់​សម្តេច សុខ អាន ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយករង អាជ្ញាធរ ដើម្បី​ការពារ​រមណីយដ្ឋាន និង​រៀបចំ​តំបន់​អង្គរ ហៅ​កាត់​ថា «​អាជ្ញាធរ​អប្សរា​» កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៥​។ លោក សុខ សង្វារ បាន​បន្តការងារ​ជា​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា មក​ដល់​សព្វថ្ងៃ​។

ដោយឡែក កូនប្រុស​ច្បង​របស់​សម្តេច សុខ អាន ដែល​ជា​កូនប្រសារ​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក សុខ ពុទ្ធិ​វុ​ធ ជា​អតីត​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ត្រូវ​បាន​តែង​តាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​ដំឡើង​ឋានៈ លោក សុខ ពុទ្ធិ​វុ​ធ ជា​រដ្ឋលេខាធិការ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

លោក សុខ ពុទ្ធិ​វុ​ធ បាន​បន្តការងារ​ជា​រដ្ឋលេខាធិការ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រហូត​ដល់​សព្វថ្ងៃ​។

សូម​រម្លឹក​ថា សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧ ក្នុង​ជន្មាយុ ៦៦​ឆ្នាំ​។ សម្តេច សុខ អាន និង​លោក​ជំទាវ ថេ​ង អាយ​អា​ន្នី មានកូន ៥​នាក់ ( ស្រី​ម្នាក់ និង​កូនប្រុស ៤​នាក់ ) រួម​មាន​៖ ១-​លោកស្រី សុខ សូ​ម៉ា ( អាយុ ៤១​ឆ្នាំ ) ២-​លោក សុខ ពុទ្ធិ​វុ​ធ ( អាយុ ៤០​ឆ្នាំ ) ៣-​លោក សុខ សូ​កាន ( ៣៧​ឆ្នាំ ) ៤-​លោក សុខ សូ​កេ​ន ( ៣៧​ឆ្នាំ ) ៥-​លោក សុខ សង្វារ ( អាយុ ៣៣​ឆ្នាំ )​។

ក្នុង​នោះ កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ព្រះករុណា ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង​លោក សុខ សូ​កាន ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ ជា​រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

ដោយឡែក លោក សុខ សូ​កេ​ន ជា​កូនភ្លោះ​នឹង​លោក សុខ សូ​កាន ជា​អនុប្រធាន​នាយកដ្ឋាន​គណៈកម្មាធិការ​វិនិយោគ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ( គិត​ត្រឹម​ពេល​សម្តេច សុខ អាន ទទួលមរណភាព កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧ )៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ