ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេសប៊ុក អន់ចិត្ត​នឹង​ក្រុមហ៊ុន Apple ដែល​ដាក់​ចេញ​មុខងារ​ក្រើនរំឭក​ថ្មី

3 ឆ្នាំ មុន

បច្ចេកវិទ្យា ៖ នៅ​ពេល​ដែល​ក្រុមហ៊ុន Apple បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី iOS14 កាលពី​ខែកញ្ញា កន្លង​ទៅ ក្រុមហ៊ុន​បាន​បន្ថែម​មុខងារ​ថ្មី​ៗ ជា​ច្រើន…

បច្ចេកវិទ្យា ៖ នៅ​ពេល​ដែល​ក្រុមហ៊ុន Apple បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី iOS14 កាលពី​ខែកញ្ញា កន្លង​ទៅ ក្រុមហ៊ុន​បាន​បន្ថែម​មុខងារ​ថ្មី​ៗ ជា​ច្រើន ដើម្បី​ឱ្យ​ការ​ប្រើប្រាស់​ទូរស័ព្ទ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ហើយ​ក្នុង​ចំណោម​មុខងារ​ថ្មី​ៗ​ទាំងនោះ មាន​តែ​មុខងារ​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ជា​ពិសេស​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក កើតទុក្ខ​មិន​សុខចិត្ត ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កាន់តែ​មានការ​លំបាក ក្នុង​ការ​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់ ។

ជាមួយ​មុខងារ​ថ្មី​នេះ ក្រុមហ៊ុន Apple បាន​ទាមទារ ឲ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​បន្ថែម​មុខងារ​ក្រើនរំឭក (prompt) ទាក់ទង​នឹង​ការ​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​អ្នក​ប្រហែលជា​អាច​បិទ​កុំ​ឲ្យ​មានការ​ទាញ​យក​បាន​ផង​ដែរ ។

កាលពី​ម្សិលមិញ​នេះ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​ធ្វើការ​ផ្សព្វផ្សាយ​រិះគន់​ក្រុមហ៊ុន Apple ខ្លាំង​ៗ ដោយ​ចោទប្រកាន់​ថា មុខងារ​ថ្មី​នេះ គឺ​មិនមែន ដើម្បី​សម្រាប់​ការពារ​ទិន្នន័យ​ឯកជន​ភាព​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​វា​ដើម្បី​ឲ្យ​ក្រុមហ៊ុន Apple ទាញ​យក​ផល​ចំណេញ​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពីដើម​ស​ប្តា​ហ៍​នេះ ក្រុមហ៊ុន Mozilla ដែល​ជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី web browser Firefox បាន​ចេញ​សេចក្ដីរាយការណ៍​គាំទ្រ ក្រុមហ៊ុន Apple ដែល​បាន​បន្ថែម​មុខងារ​នេះ ព្រោះ​ការ​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់ នា​ពេល​បច្ចុប្បន្ន គឺ​វា​មាន​ច្រើន​លើសលប់ ដោយ​អ្នក​ប្រើប្រាស់​ជា​ច្រើន ពុំ​បានដឹង​ទេ​ថា ទិន្នន័យ​របស់​ពួក​គេ កំពុង​តែ​ត្រូវ​បាន​ទាញ​យក ។ ជាង​នេះ​ទៅ​ទៀត អ្នក​ប្រើប្រាស់ ក៏​ពុំ​បានដឹង​ថា តើ​ក្រុមហ៊ុន​ណាខ្លះ ដែល​បាន​ទិញ​យក​ទិន្នន័យ​ទាំងនោះ ។

ទោះបីជា​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​ចោទប្រកាន់​ក្រុមហ៊ុន Apple ថា បាន​ទាញ​យក​ផល​ចំណេញ​ទាក់ទង​នឹង​មុខងារ​ថ្មី​នេះ ក៏​ដោយ ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​សុវត្ថិភាព​បច្ចេកវិទ្យា​វិញ​នោះ គេ​គិត​ថា នេះ​គឺជា​មុខងារ​ដ៏​ល្អ ហើយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក មានការ​មិន​ពេញចិត្ត​ជាមួយ​មុខងារ​ថ្មី​នេះ ដោយសារ​តែ ភាគច្រើន នៃ​ប្រាក់​ចំណូល​របស់​ពួក​គេ គឺ​បាន​មក​ពី​ការ​ប្រមូល​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ទី​បី​នោះ ៕
(​ប្រភព​ពី ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ