ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរការ​ស្តារ​ឡើង​វិញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​លូ​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដំណើរការ​ជួសជុល​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ជំនន់​ទឹកភ្លៀង បាន​ដំណើរការ​យ៉ាង​សកម្ម​ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​ការ​ដឹកនាំ​អនុវត្ត​ដោយ​ផ្ទាល់​ពី…

រាជធានី​ភ្នំពេញ ៖ ដំណើរការ​ជួសជុល​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ជំនន់​ទឹកភ្លៀង បាន​ដំណើរការ​យ៉ាង​សកម្ម​ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​ការ​ដឹកនាំ​អនុវត្ត​ដោយ​ផ្ទាល់​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ន័យ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ក៏​ដូច​ប្រ​ព​ន្ធ័​លូ​ដែល​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ​នេះ ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌមានជ័យ​សហការ​ជាមួយ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ជួសជុល​ផ្លូវ​អ្នកឧកញ៉ា​ព្រឹទ្ធាចារ្យ​ហ៊ុន នាង ត​ភ្ជាប់​ពី​កំណាត់​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវ​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​)​ក្នុងភូមិ​សាស្ត្រ​សង្កាត់ ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​ប្រវែង​៤៥០​ម៉ែត្រ មាន​ទទឹង​ចាប់ពី​៨​ម៉ែត្រ​ដល់​១៩​ម៉ែត្រ​។ លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ ផ្លូវ​នេះ​ជា​ផ្លូវ​អាទិភាព​អាច​រំដោះ​ចរាចរ​បាន​ច្រើន​ពី​ផ្លូវជាតិ​លេខ​២​ទៅ​ផ្លូវ​៦០​ម៉ែត្រ ដោយ​មើលឃើញ​ចំណុច​នេះ​ទើប លោក ឃួ​ង ស្រេង បាន​សម្រេច​ឲ្យ​មានការ​ជួសជុល​កែ​លម្អ ជា​ចាំបាច់ និង​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។

លក្ខណៈ​នៃ​ការ​ជួសជុល​គឺ​បក​កៅស៊ូ​ចាស់​ចេញ​រួច​ធ្វើ​គ្រឹះ​ថ្មី​ចាក់​បេតុង និង​ចាក់​កៅស៊ូ​ពីលើ​បេតុង​មួយ​ជាន់​ទៀត​។ អ្វី​ដែល​ជា​ការ​លំបាក​របស់​ក្រុមការងារ​ធ្វើ​ផ្លូវ​នេះ​គឺ​មានផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​ដែល​មិន​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ នៅ​ពេល​ផ្ទះ​ទាំង​២​ខ្នង​នោះ ប៉ះ​លើ​ចំណី​ផ្លូវត្រូវ​ពង្រីក​ដោយ​ទាមទា​សំណង​រាប់​សែន​ដុល្លារ​ដែល​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បាន និង​ធ្វើ​ឲ្យ​ផ្លូវ​នេះ​មាន​លក្ខណៈ​កដប​មិន​បាន​ពេញ​១៩​ម៉ែត្រ​។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ​នេះ​ដែរ ដំណើរការ​ជួសជុល និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ​ក៏​បាន​ដំណើរការ​ដែរ​។ លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹង​ថា​៖ ទីតាំង​ដែល​កំពុង​ជួសជុល​នេះ តែង​ទទួល​រង​ការ​ដក់​ទឹកភ្លៀង​ជា​ប្រចាំ​ទើប​កាលពី​ពេល​ថ្មី​ៗ​នេះ អាជ្ញាធរ​ខណ្ឌ បាន​បើកមុខ​ទឹក​មួយ​កន្លែង​ដើម្បី​នាំ​ទឹកភ្លៀង​ដែល​ដក់​លើ​ផ្លូវ​នេះ ហូរ​ទៅ​ទន្លេ​តាម​ប្រ​ព​ន្ធ័​លូ​មុខកាត់​១​ម៉ែត្រ​កន្លះ​ប្រវែង​២៥០​ម៉ែត្រ​។

លោក​បន្ត​ថា​ការ​ជួសជុល​ផ្លូវ​នេះ​ធ្វើ​ឡើង​ប្រវែង​១១០០​ម៉ែត្រ ចាប់ពី​រោងចក្រ​SKD ដល់​មុខ​សាលា​ខណ្ឌឫស្សីកែវ ដោយ​ជួសជុល​អ៊ុត​កៅស៊ូ និង​ពង្រីក​ផ្លូវ​ឲ្យ​បាន​ទទឹង​៥​ម៉ែត្រ​បន្ថែម​ដើម្បី​សម្រួល​ចរាចរ​កុំ​ឲ្យ​កកស្ទះ​។​ក្នុង​នាម​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌឫស្សីកែវ​។ លោក ជា ពិសី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏​ដូច​លោក ឃួ​ង ស្រេង ដែល​បាន​សម្រេច​ឲ្យ​ធ្វើការ​ជួសជុល​កែ​លម្អ​ផ្លូវ​ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។

ហើយ​ការងារ​ជួសជុល​កែ​លម្អ​នេះ​នឹង​បន្ត​ធ្វើ​នៅ​គ្រប់​ទីតាំង ឬ​ផ្លូវ​ដែល​មានការ​ខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ធ្វើការ​ជួសជុល​កែ​លម្អ​សរុប​២៩​ខ្សែ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ