ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ត្រដក់​តូច​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់កំពុង​ទទួល​ការ​រំខាន​ជា​ច្រើន​ពី​មនុស្ស​!

3 ឆ្នាំ មុន

ខេត្តរតនគិរី ៖ យោង​តាម​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ នៅ​ថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ២០២០​នេះ​ថា សត្វ​ត្រដក់​តូច គឺ​ប្រភេទ​បក្សី​កំពុង​រង​គ្រោះ សត្វ​នេះ​មាន​វត្តមាន…

ខេត្តរតនគិរី ៖ យោង​តាម​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ នៅ​ថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ២០២០​នេះ​ថា សត្វ​ត្រដក់​តូច គឺ​ប្រភេទ​បក្សី​កំពុង​រង​គ្រោះ សត្វ​នេះ​មាន​វត្តមាន និង​ពង​កូន​ជា​ប្រចាំ​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ក្នុង​ខេត្តរតនគិរី​ ។ ក្នុង​រដូវ​កាល​ពង​កូន​ឆ្នាំ​២០២០​នេះ ក្រុមការងារ​យើង​បាន​រក​ឃើញ​សំបុក​សត្វ​ត្រដក់​តូច​បាន​ចំនួន​៥​សំបុក​នា​ដែនជម្រកសត្វព្រៃ​នេះ ២ សំបុក​បាន​បរាជ័យ​ ។ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ សំបុក​សត្វ​នេះ​មានការ​ថយ​ចុះ​គួ​អោយ​ព្រួយបារម្ភ​ ។ ការ​បាត់បង់​ទីជម្រក (​ទីតាំង​ពង​កូន​ និង​រក​ចំណី​) និង​ការ​រំខាន​ដោយ​សកម្មភាព​មនុស្ស​ជាដើម​។

សត្វ​ត្រដក់​តូច សត្វ​នេះ​មាន​វត្តមាន និង​ពង​កូន​ជា​ប្រចាំ​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ក្នុង​ខេត្តរតនគិរី​ ហើយក៏ជា​ប្រភេទ​បក្សី​កំពុង​រង​គ្រោះផងដែរ។
សត្វ​ត្រដក់​តូច សត្វ​នេះ​មាន​វត្តមាន និង​ពង​កូន​ជា​ប្រចាំ​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ក្នុង​ខេត្តរតនគិរី​ ហើយក៏ជា​ប្រភេទ​បក្សី​កំពុង​រង​គ្រោះផងដែរ។

យោង​តាម​ការ​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព ​នៅ​ថ្ងៃនេះ​របស់​លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ (BirdLife International Cambodia Programme) បានឱ្យ​ដឹង​ថា «​មាន​កត្តា​ជា​ច្រើន​ដែល​បាន​ធ្វើ​ឱ្យ​ចំនួន​សត្វ​បក្សី​ប្រភេទ​នេះ​មានការ​ថយ​ចុះ គឺ​ដោយ​កត្តា​បាត់បង់​ទីជំរក យើង​ឃើញ​ថា​ ទីតាំង​ដែល​ធ្លាប់​ព​ពួន​ឥឡូវ​ត្រូវ​បាន​ធ្វើ​ផ្លូវ​ឆ្លងកាត់ មាន​មនុស្ស​ចេញចូល​ច្រើន រីឯ​ទីតាំង​ដែល​នៅ​ជិត​វាល​កំបោរ​នឹង ចាប់​មាន​អាជីវកម្ម​រ៉ែ​ថ្ម ដែល​ធ្វើ​ឱ្យ​មានការ​រំខាន​អារម្មណ៍​ដល់​ពួក​វា​។ ដូចនេះ​យើង​កំពុងធ្វើការ​តាមដាន ក្នុង​ការ​បំ​លាស់​ទី​របស់​ពួក​វា ដោយ​យើង​មិន​ទាន់​ដឹង​ទេ​ថា ពួក​វា​បាន​ផ្លាស់​ទៅ​ទីណា ព្រោះ​ទីតាំង​នៅ​ក្នុង​លំ​ផាត់​មាន ២៥ ម៉ឺន​ហិ​កតា ដូចនេះ​ពួក​យើង​កំពុងធ្វើការ​នឹង​»​។

លោក​បន្ត​ថា ចំពោះ​វិធាន​ការណ៍​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន គឺ​ទី​១ ៖ យើង​ព្យាយាម​កាត់​បន្ថយ​ពី​ការ​រំខាន​របស់​មនុស្ស​ទៅ​សត្វ​ទាំងនោះ ដោយ​ផ្ទាល់​ក្តី​ឬ​ប្រយោល​ក្តី​(​អ​ចេតនា​)​។ ដោយ​ផ្ទាល់​នោះ គឺ​ដូច​ជា​ការ​កាប់​ឈើ ឬ​ក៏​ការ​ឡើង​យក​សំបុក​កូន​ជាដើម​។ ចំពោះ​ដោយ​ប្រយោល​នោះ គឺ​អ្នកខ្លះ​គាត់​មិន​មាន​បំណង​ទេ (​អ​ចេតនា​) ដោយ​គាត់​គ្រាន់តែ​ជា​អ្នក​ធ្វើ​ដំណើរ​ក្បែរ​នឹង ឬ​ក៏​ដកហូត​ធនធានធម្មជាតិ​ក្បែរ​នឹង ក៏​ធ្វើ​ឱ្យ​វា​ផ្អើល​ដែរ នោះ​គឺ​យើង​ធ្វើការ​អប់រំ និង​ការ​ផ្សព្វផ្សាយ និង​យើង​ការពារ​កុំឱ្យ​មនុស្ស​ទៅ​ក្បែរ​នឹង​។

និង​ទី ២ ៖ យើង​នឹង​ព្យាយាម​ស្តារ ទីជំរក​វា​ដែល​បាន​បាត់បង់​នឹង​ឡើង​វិញ ចំពោះ​ការ​រំខាន​ដោយ​អាជីវកម្ម​ឬ​ករណី​ផ្សេង​ៗ​នោះ យើង​នឹង​ជំរាប​ជូន​រាជរដ្ឋាភិបាល​អំពី​បញ្ហា​ផល​ប៉ះពាល់​ទាំងនេះ​ផង​ដែរ ជា​ពិសេស​នឹង​ជំរាប​ជូន​ដល់​ក្រសួងបរិស្ថាន និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន ដោយ​សង្ឃឹមថា​ពួក​យើង​នឹង​ធ្វើការ​រួម​គ្នា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ទាំងអស់​នឹង​។

​ផូស៊ីល​ដើមឈើ​ថ្ម​ដែល​មាន​អាយុ​រាប់​លាន​ឆ្នាំ រក​ឃើញ​ក្នុង​តំបន់ការពារធម្មជាតិ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ខេត្តរតនគិរី។

លោក​បាន​បន្ថែម​ថា លំ​ផាត់​គឺជា​ទីតាំង​ដ៏​ល្អ សម្រាប់​ការងារ​អភិរក្ស និង​មាន​វត្តមាន​សត្វ​ត្រ​យ៉ង​យក្ស ដែល​ជា​និមិត្តសញ្ញា​បក្សី​ជាតិ ហើយ​ថ្មី​នេះ​យើង​បាន​រក​ឃើញ​ផូស៊ីល​ដើមឈើ​ថ្ម​ដែល​មាន​អាយុ​រាប់​លាន​ឆ្នាំ (​រក​ឃើញ​ក្នុង​តំបន់ការពារធម្មជាតិ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ខេត្តរតនគិរី ដែល​មាន​ទំរង់​ជាដើម​ឈើ​ថ្ម មាន​ប្រវែង​១៧​ម៉ែត្រ មាន​ឫស បំណែក​ស្លឹក សំបក ត្រូវ​បាន​កំណាយ ដោយ​ក្រុម​អ្នកជំនាញ​របស់​ក្រសួងបរិស្ថាន និង​ស្ថិត​ក្រោម​ការ​ការពារ​អភិរក្ស​របស់​ឆ្មាំ នៃ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​)​។ យើង​ត្រូវការ​ការ​ចូលរួម​ទាំងអស់​គ្នា ទាំង​អង្គការ​នានា ទាំង​សហគមន៍ ទាំង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​ក្រសួង​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ការពារ​ដែនជំរកសត្វព្រៃ​នេះ ដែល​ជា​មរតក​មិន​អាច​កាត់ថ្លៃ​បានឱ្យ​បាន​គង់វង្ស និង​សូម​ប្រជាជន​ទាំងអស់​គ្នា​ចូលរួម​ផង​ដែរ ដើម្បី​កុំឱ្យ​សត្វ​ប្រភេទ​កម្រ​នេះ​កាន់តែ​ថយ​ចុះ​ទៅ​ៗ គ្មាន​ការ​ចូលរួម​ពី​អ្នក​ទាំងអស់​គ្នា​ពួក​យើង​នឹង​មិន​បាន​ទទួល​ភាព​ជោគជ័យ​នោះ​ទេ​៕

​ផូស៊ីល​ដើមឈើ​ថ្ម​ដែល​មាន​អាយុ​រាប់​លាន​ឆ្នាំ រក​ឃើញ​ក្នុង​តំបន់ការពារធម្មជាតិ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ខេត្តរតនគិរី។

អត្ថបទសរសេរ ដោយ