ខេត្តក្រចេះ ៖ គណនីហ្វេសប៊ុកមួយឈ្មោះថា(រាជសីហ៍ សឹង្ហ) បានបង្ហោះរូបភាព២សន្លឹក អមដោយសារថា «កើតចាស់ឈឺស្លាប់ ជារឿងធម្មតា តែរឿងមួយនេះ មិនមែនធម្មតាឡើយ! ស្ត្រីម្នាក់ (មានកូន១នាក់) រស់នៅភូមិអូស្សី១ សង្គាត់ក្រចេះ ក្រុងក្រចេះ បានទទួលមរណភាព នៅវេលាម៉ោង៦ល្ងាចនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ ។ ហើយមានកូនស្រីម្នាក់គត់ មានអាយុជាង១៤ឆ្នាំហើយ ម្តាយត្រូវបានស្លាប់ចោល ដោយគ្មានសាច់ញាតិ ហើយអាចារ្យ ក៏គ្មានដែរ គួរឲ្យសង្វេគទេ បងប្អូន បើបងប្អូនអាណិត និងមេត្តា សូមបងប្អូនជួយស៊ែរម្នាក់ៗចុះ» ។
ក្រោយពីបង្ហោះបានប្រមាណ ពីរម៉ោង រូបភាព២សន្លឹកនេះ ធ្វើអោយប្រជាពលរដ្ឋខ្មែរពិសេសអ្នកលេងនៅលើបណ្ដាញសង្គម មានការអាណិតអាសូរយ៉ាងខ្លាំង និងមានការចែកចាយជាច្រើននាក់ ។ ដំណឹងមួយនេះ ដឹងដល់ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ហឹង ណារីវ៉ាថន ហើយបានចាត់ក្រុមជំនួយការ នៅព្រឹកស្អែកនេះ នឹងនាំយកសម្ភារ និងថវិកា ទៅចូលរំលែកទុក្ខគ្រួសារសពរបស់អ៊ុំស្រី ។
ដោយឡែក លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានចូលរួមបច្ច័យបុណ្យសពចំនួន ១លានរៀល និងបានចាត់កម្លាំងនគរបាលក្រុងក្រចេះ ជាច្រើននាក់ចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងបានជួយចាត់ចែង រៀបចំក្នុងពិធីបុណ្យសព ដ៏កំសត់មួយនេះ ផងដែរ ។
នាម៉ោង៩យប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ គេឃើញទាំងអាជ្ញាធរ និងក្រុមការងារយុវជន កំពុងដុតដៃដុតជើងជួយរៀបចំបុណ្យសព នៅទីនោះ ៕