ខេត្តព្រៃវែង ៖ មន្ត្រីប៉ូលិសអន្តោប្រវេសន៌ជាច្រើននាក់ដែលកំពុងរស់នៅក្នុងកូនផ្ទះតូចៗដូចជារូងកណ្តុរ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ពេលនេះ ត្រូវបានម្ចាស់ដីលែងអាល័យ លែងថ្នាក់ថ្នមហើយ ដោយបង្ខំដេញអោយរើចេញលែងអោយនៅហើយ។
ប៉ុន្តែដោយសារតែប្រកែកជាមួយថៅកែក្លាយជាម្ចាស់ដី មិនព្រមរើចេញព្រោះគ្មានកន្លែងផ្សេងស្នាក់នៅ ទើបធ្វើអោយកើតទៅជាជម្លោះ រហូតឈានដល់គំរាមទាញកាំភ្លើងបាញ់គ្នាថែមទៀតផង ។ ការប៉ះទង្គិចគ្នានេះ បានកើតឡើងតាំងពីព្រលប់ថ្ងៃទី៣ធ្នូ មកម្ល៉េះ ដែលភាគីខាងម្ចាស់ដីត្រូវបានគេស្គាល់ថាគឺលោកឩត្តមសេនីយទោ ពៅ រតនា ជាមន្ត្រីប៉ូលីសបំរើការនៅបណ្ឌិតសភានគរបាលជាតិដែលនៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីនេះ ត្រូវបានគេស្គាល់ច្បាស់ថាឈ្មោះ ថៅកែ ពុធ ដែលមានឃ្លាំងនិងបេនស្រូវនៅជាប់ព្រំដែននោះតែម្តង គឺមេប៉ូលិសផង ថៅកែរកស៊ីច្រកទ្វារព្រំដែនផង ។
ប្រភពព័ត៌មានពីមន្ត្រីនៅមាត់ច្រកបន្ទាយចក្រីនេះបានអោយដឹងថា ទំនាស់រវាងលោកថៅកែពុធ និងមន្ត្រីប៉ូលិសអន្តោប្រវេសន៌នៅមាត់ច្រកនេះ គឺកើតឡើងដោយសារតែលោកថៅកែពុធ បានដេញអោយមន្ត្រីប៉ូលិសអន្តោប្រវេសន៌ រើកូនផ្ទះរបស់ខ្លួនចេញពីដីរបស់គាត់ តែខាងប៉ូលីសមិនព្រមរើចេញ ទើបលោកថៅកែពុធ ហៅឡានដឹកខ្សាច់និងថ្មមកចាក់បិទផ្លូវចេញចូលក្នុងបំណងបង្ខំអោយខាងប៉ូលិសរើចេញឱ្យបានឆាប់ ក៏កើតទៅជាជម្លោះប៉ះទង្គិចគ្នាតែម្តង ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ច្រកទ្វាព្រំដែនអន្តរជាតិបន្ទាយចក្រីនេះបានអោយដឹងថា ទីតាំងដីទំនាស់នេះ ដើមឡើយគឺជាដីបន្ទាយប៉ូលិសព្រំដែនទេ ប៉ុន្តែដោយខាងប៉ូលីសអន្តោប្រវេសន៌ច្រកចក្រីនេះ អត់មានដីរស់នៅ ទើបខាងប៉ូលីសព្រំដែនអនុញ្ញាតិអោយប៉ូលីសអន្តោប្រវេសន៌សង់កូនផ្ទះជាបន្ទប់ៗ រស់នៅក្នុងបរិវេណដីបន្ទាយនេះទៅ ។ លុះក្រោយមក ស្រាប់តែមានការដោះដូរដីបន្ទាយប៉ូលីសព្រំដែននេះ ដែលមានទំហំ៥២៩៨ម៉ែត្រការ៉េ អោយទៅលោកឩត្តមសេនីយទោ ពៅ រតនា ហៅថៅកែ ពុធ យ៉ាងផុយស្រួយតែម្តងទៅ ។
តាមលក្ខ័ណនៃការដោះដូរនេះ លោកថៅកែពុធ បានប្រគល់ដី១កន្លែងផ្សេងទៀត ទំហំ១៤៨៤៣ម៉ែត្រការ៉េ ដែលមានចំងាយប្រហែលជា១គីឡូម៉ែត្រពីទីតាំងចាស់ជាទីតាំងដីម្រៀលៗដែលជាឆ្នាំដីអោយមកខាងប៉ូលីសព្រំដែនវិញសំរាប់ធ្វើបន្ទាយថ្មី ។ ហើយក្នុងបន្ទាយនោះ លោកថៅកែពុធ បានសង់អគារធ្វើការ អគារស្នាក់នៅ ដងទង់ជាតិ និងផ្ទះបាយអោយជូនថែមទៀត ជាថ្នូរនិងការដោះដូរដីបន្ទាយចាស់ ដែលនៅជាប់មាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ដែលជាឆ្នាំងមាស ។
ប្រភពដដែលនេះបានបន្តទៀតថា នៅពេលដែលលោកថៅកែពុធ សាងសង់ថ្មីដោះដូរហើយនោះ ខាងប៉ូលិសព្រំដែនក៏នាំគ្នាទៅរស់នៅធ្វើការនៅក្នុងបន្ទាយថ្មីនោះទៅ ។ ដោយឡែក ខាងប៉ូលិសអន្តោប្រវេសន៌ គឺមិនបានចាកចេញពីដីនោះទេ ព្រោះគ្មានដីឬកន្លែងណាផ្សេងអាចទៅរស់នៅបាន ទើបបន្តរស់នៅលើដីដដែលនោះ រហូតដល់បច្ចុប្បន្នតែម្តងទៅ ។
ជុំវិញករណីជម្លោះខាងលើនេះ ត្រូវបានលោកឩត្តមសេនីយ៍ទោ ពៅ រតនា ហៅថៅកែ ពុធ បញ្ជាក់អោយដឹងថា ដីទំនាស់នេះគឺពិតជាដីរបស់លោក ដែលបានពីការដោះដូរជាមួយរដ្ឋយ៉ាងត្រឹមត្រូវពិតប្រាកដមែន ហើយក្រោយពីទទួលបានដីនេះស្របច្បាប់ហើយ លោកក៏បានស្នើអោយខាងប៉ូលីសអន្តោប្រវេសន៌ រុះរើសំណង់របស់ខ្លួនចេញពីដីរបស់លោក តែខាងប៉ូលីសអន្តោប្រវេសន៌មិនព្រមចេញ ដោយសំអាងមូលហេតុគ្មានកន្លែងផ្សេងស្នាក់នៅ ទាំងដែលរូបលោកបានរៀបចំជាបន្ទប់ស្នាក់នៅ ចំនួន១០បន្ទប់ សំរាប់អោយស្នាក់នៅជាបណ្តោះអាសន្ន រួចហើយ តែគេមិនព្រមទៅនៅ។
ព័ត៌មានពិស្តារបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ