ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​ខែ​ភ្ញៀវ​បរទេស​មក​កម្ពុជា​ត្រឹម​ជាង១,២​លាន​នាក់ ហើយ​ចំណូល​ពី​អង្គរ​បាន​ជាង១៨​លាន​ដុល្លារ​ក្នុង​រយៈពេល១១​ខែ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្នាំ ២០២០ គឺជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​វិស័យ​ទេសចរណ៍​លើ​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​ដែរ ជាក់ ស្ដែង​ក្នុង​រយៈពេល ១០ ខែ​ដំបូង​នេះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ ២០២០ គឺជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​វិស័យ​ទេសចរណ៍​លើ​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​ដែរ ជាក់ ស្ដែង​ក្នុង​រយៈពេល ១០ ខែ​ដំបូង​នេះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក ដល់​កម្ពុជា​មាន​ចំនួន​ត្រឹមតែ​ជាង ១,២​លាន​នាក់​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​មុ​នេះ ភ្ញៀវ​ទេសចរ​អន្តរ ជាតិ​មក​ដល់​កម្ពុជា​មាន​ចំនួន​ដល់​ទៅ ៦,៦​លាន​នាក់ ។

រូបតំណាង

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា​បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ បរទេស​ដែល​បាន​មក​ដល់​កម្ពុជា​ក្នុង​រយៈពេល ១០​ខែ​មាន​ចំនួន ១.២៦៧.៨៩០​នាក់ ក្នុង​នោះ ភ្ញៀវ​ជនជាតិ​ចិន​នៅ​តែ​រក្សា​បាន​នូវ​ចំនួន​ច្រើន​ជាងគេ​ដដែល មាន​ចំនួន ៣១៤.២៩១​នាក់ ភាគ ច្រើន​ជា​ភ្ញៀវ​ទេសចរ​បែប​អាជីវកម្ម ។

រូបតំណាង

របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ពី​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​កម្ពុជា​តាម​ច្រក​នីមួយ​ៗ​ផង​ដែរ ដោយ​តាម​អាកាសយានដ្ឋាន​មាន​ចំនួន ៧៣៤​ពាន់​នាក់ ធៀប​នឹង​រយៈពេល​ដូច គ្នា​កាលពី​ឆ្នាំ​មុន​ធ្លាក់​ចុះ​រហូត​ដល់ ៨០,២​ភាគរយ ក្នុង​នោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួល​បាន​ភ្ញៀវ​ប្រមាណ ៤២២​ពាន់​នាក់ ធ្លាក់​ចុះ​៧៥,៥​ភាគរយ អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ ២៤០​ពាន់​នាក់ ធ្លាក់​ចុះ ៨២,៦​ភារ​យ អាកាសយានដ្ឋាន អន្តរជាតិ​ព្រះ​សីហ​នុ​ទទួល​បាន​ជាង ៧​ម៉ឺន​នាក់ ធ្លាក់​ចុះ​៨៨,៣​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច គ្នា​ក្នុង​ឆ្នាំ ២០១៩ ។

រូបតំណាង

ចំណែក​ភ្ញៀវ​អន្តរជាតិ​មក​កម្ពុជា​តាម​ច្រកព្រំដែន​មាន ៤៨២​ពាន់​នាក់ ធ្លាក់​ចុះ ៦៧,៣ ភាគរយ តាម​ច្រក​ផ្លូវទឹក​ដែល​មាន​កំពង់​ផែ​ទឹកសាប និង​កំពង់​ផែ​សមុទ្រ​មាន​ចំនួន​ជាង ៥១ ពាន់​នាក់​ផង​ដែរ ធ្លាក់​ចុះ ៥៣,៦​ភាគរយ ។

ដោយឡែក​សម្រាប់​ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ទស្សនា​រមណីយដ្ឋាន​អង្គរ​វិញ​ក្នុង​រយៈពេល ១១​ខែ​មាន​ចំនួន​ត្រឹមតែ ១៨​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ខណៈ រាល់​ឆ្នាំ​ចំណូល​ពី​ស្ថាប័ន​នេះ​មាន​ជាង ១០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​វា​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ យ៉ាង​គំហុក​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក៏​ដូច​ជា​វិស័យ​ទេសចរណ៍​ទាំងមូល ធ្វើ​ឱ្យ​អាជីវកម្ម និង សេវាកម្ម​បម្រើ​ក្នុង​វិស័យ​នេះ បាន​ជួប​បញ្ហា​ដូច​គ្នា​ដែរ ពោល​គឺ​ជួប​បញ្ហា​តាំងពី​ដើមឆ្នាំ​មក​ម្លេះ ។

បើ​តាម​អ្នកស្រី ក្លេ​ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បាន​ថ្លែង​ថា តាំងពី​ដើមឆ្នាំ រហូត​មក​ដល់​ពេល​នេះ​វិស័យ​ទេសចរណ៍​មិន​មាន​សញ្ញា​ល្អ​ប្រសើរ​ឡើង​វិញ​នោះ​ទេ ប៉ុន្តែ​វា មាន​សកម្មភាព​បន្តិច​វិញ​នៅ​អំឡុង​ខែ សីហា​ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ថ្ងៃ​ឈប់​សម្រាក រយៈពេល​យូរ ។ ក្នុងអំឡុងពេល​នេះ​ក៏​មិន​មាន​ភ្ញៀវ​បរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា គឺ​ភាគ ច្រើន​ជាង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ជា​អ្នក​ធ្វើ​ដំណើរ ។

អ្នកស្រី​បន្ត​ថា ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាង​គំហុក​នេះ បាន​ធ្វើ​ឱ្យ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អាជីវកម្ម​ផ្សេង​ទៀត​បិទ​ដំណើរការ​ទាំង​បណ្ដោះអាសន្ន និង បិទទ្វារ​ទាំងស្រុង​ក្នុង​នោះ​សណ្ឋាគារ​ធំ​ៗ​នៅ​ខេត្តសៀមរាប​បាន​ប្រកាស​បិទ​អាជីវកម្ម​ទាំងស្រុង និង​ខ្លះ​ទៀត​ផ្អាក​ដំណើរការ​អាជីវកម្ម​ដោយសារ​តែ​មិន​មាន​ភ្ញៀវ​ចូល​ស្នាក់ ហើយ​គ្មាន​ចំណូ ល​សម្រាប់​បើក​ជូន​ដល់​បុគ្គលិក​របស់​ខ្លួន ។

អ្នកស្រី​បន្ថែម​ថា ក្នុង​ពេល​ថ្មី​ៗ​កាលពី​ចុងខែ​វិច្ឆិកា កម្ពុជា​បាន​ជួប​ព្រឹត្តិការណ៍​មួយទៀត ដែល​ធ្វើ​ឱ្យ​ជំងឺ​កូ​វី​ដ​-១៩ បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​ជា​លើក​ដំបូង ដែល​នឹង​អាច​ធ្វើ​ឱ្យ​អាជីវ កម្ម​មួយ​ចំនួន​ប្រឈម​នឹង​ការ​បិទទ្វារ​បន្ថែម ហើយ​ផល​ប៉ះពាល់​ទៅ​លើ​ការងារ​របស់​បុគ្គលិក ក៏​អាច​នឹង​ប្រឈម​ប្រសិនបើ​អាជីវកម្ម​បន្ត​បិទទ្វារ​ទៀត ។ អ្នកស្រី​និយាយ​ថា ៖ «​អ្វី​ដែល​ពលរដ្ឋ ត្រូវធ្វើ​ដើម្បី​ចូលរួម​ជាមួយ រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា ភិ​បាល ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​» ។

មិនមែន​តែ​កម្ពុជា​ទេ​ដែល​ជួបនឹង​វិបត្តិ​នៃ​ទេសចរណ៍ ប្រទេស​ថៃ​ឯណោះ​ដែល​ធ្លាប់តែ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់​លាន​នាក់​ជាក់ស្ដែង​ឆ្នាំ ២០១៩ ថៃ​ទទួល​បាន​ភ្ញៀវ​អន្តរ ជាតិ​ជិត ៤០​លាន​នាក់ តែ​ឆ្នាំ ២០២០​នេះ​ថៃ​រំពឹង​ថា ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ត្រឹមតែ ៦,៧​លាន​នាក់​ប៉ុណ្ណោះ ។ ការ​ធ្លាក់​ចុះ​នេះ គឺ​បណ្ដាល​មក​ពី​ជំងឺ​កូ​វី​ដ​-១៩ ដែល​រារាំង​ដល់​ការ ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទូ​ទាំង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ