ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ បង្ការការរីករាលដាលច្រើន ចូលទៅក្នុងសហគមន៍ នៅថ្ងៃទី៤ ខែធ្នូនេះ ក្រសួងសុខាភិបាល បានប្រកាសណែនាំវិធានការអនុវត្តអនាម័យបន្ថែម ជូនដល់អាជីវករ នៅផ្សារទំនើប តាមធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗទៀត។ នោះគឺត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៅលើការការពារ បង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ១៩ នៅពេលជួបជាមួយអតិថិជនទូទៅ នៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។
ក្នុងសេចក្តីណែនាំ ក្រសួងសុខាភិបាល បានតម្រូវឲ្យបុគ្គលិកបម្រើការងារទាំងអស់គ្នា ត្រូវពាក់ម៉ាស និងរបាំងមុខការពារឲ្យបានត្រឹមត្រូវ និងជាប់ជាប្រចាំ។ អតិថិជនទាំងអស់ ត្រូវពាក់ម៉ាសវេជ្ជសាស្ត្រ ឬម៉ាសក្រណាត់ ឲ្យបានត្រឹមត្រូវ និងជាប់ជានិច្ចទាំងអស់គ្នា។
ក្រៅពីនោះ ក្រសួងសុខាភិបាល ក៏បានណែនាំឲ្យធនាគារ ផ្សារទំនើប និងកន្លែងប្រកបអាជីវកម្មនិមួយៗ ត្រូវបំពាក់ម៉ាស៊ីនវ៉ាសកំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ ត្រូវមានអាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រកចូល រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់បុគ្គលិក និងអតិថិជន ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រកន្លះ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ព្រមទាំងដាក់បង្ហាញនូវស្លាកសញ្ញាណែនាំការពាក់ម៉ាស និងរក្សាអនាម័យដៃស្អាត ជាដើម។
សូមរម្លឹកថា សេចក្តីណែនាំបន្ថែមនេះ ធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាល រកឃើញជាបន្តបន្ទាប់នូវការឆ្លងជំងឺកូវីដពីម្នាក់ទៅម្នាក់ ក្នុងនោះ ក៏មានបុគ្គលិកហាងទំនិញ និងអ្នកធ្វើការនៅធនាគារឯកជន នៅក្នុងរាជធានីភ្នំពេញផងដែរ៕ ម៉េងធា
ចែករំលែកព័តមាននេះ